
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង ថ្លែងនាពេលកន្លងមក។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ កម្ពុជារំពឹងថាខ្លួននឹងអាចស្រូបបានវិនិយោគិនពីប្រទេសកូរ៉េខាងត្បូងកាន់តែច្រើនចូលមកវិនិយោគលើការបង្កើតរោងចក្រផលិតគ្រឿងផ្គុំអេឡិចត្រូនិកសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ខណៈជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំង ២ លើពិភពលោកបានធ្វើឲ្យរោងចក្ររបស់ខ្លួនមួយចំនួនមានទំនោរងាកមកកាន់តំបន់អាស៊ាន។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា លោកកំពុងព្យាយាមទាក់ទាញក្រុមវិនិយោគិនកូរ៉េឲ្យចូលមកបង្កើតរោងចក្រផលិតផ្នែកគ្រឿងផ្គុំអេឡិចត្រូនិកនៅកម្ពុជា។ នៅពេលមានការចូលមកបណ្តាក់ទុន វានឹងបង្កើតឱកាសការងារថ្មីៗ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឲ្យបានកាន់តែច្រើន។
លោកបានបន្តថា ក្នុងបរិបទនៃជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកគឺអាមេរិក និងចិនព្រមជាមួយនឹងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យក្រុមហ៊ុនជាច្រើនរបស់ប្រទេសកូរ៉េខាងត្បូងនាំគ្នាពិចារណាពីការរើទីតាំងរោងចក្រ សហគ្រាសផលិតចេញពីប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានដូចជា កម្ពុជា វៀតណាម ថៃ និងម៉ាឡេស៊ី ជាដើម។
លោកបន្ថែមថា បច្ចុប្បន្នប្រទេសវៀតណាមទទួលបានក្រុមហ៊ុនយក្សជាច្រើនពីប្រទេសកូរ៉េដូចជា LG និង Samsung ជាដើម ដែលរោងចក្រ សហគ្រាសទាំងនោះសុទ្ធតែត្រូវការគ្រឿងផ្គុំផ្សេងៗយកទៅផ្គុំគ្នាផលិតជាផលិតផលសម្រេច។
លោកថ្លែងថា៖ «អ្វីដែលខ្ញុំកំពុងព្យាយាមធ្វើពេលនេះគឺទាក់ទាញអ្នកវិនិយោគកូរ៉េឲ្យចូលមកបណ្តាក់ទុននៅកម្ពុជាដើម្បីផលិតគ្រឿងផ្គុំសម្រាប់ផ្គត់ផ្គង់ឲ្យក្រុមហ៊ុនទាំងនោះ»។
ខណៈបច្ចុប្បន្នមានវិនិយោគិនកូរ៉េកាន់តែច្រើនបង្ហាញការចាប់អារម្មណ៍ចូលមកសិក្សាពីឱកាសវិនិយោគនៅកម្ពុជានោះ លោក ឌីម៉ង់ អះអាងថា៖ «ខ្ញុំមានផែនការធ្វើបទបង្ហាញពីឱកាស និងសក្ដានុពលដែលកម្ពុជាមានទៅដល់វិនិយោគិនកូរ៉េក្នុងពេលឆាប់ៗនេះ»។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃអង្គារបាននិយាយថា ប្រសិនបើអាចទាក់ទាញអ្នកវិនិយោគកូរ៉េឲ្យចូលមកបង្កើតរោងចក្រផលិតគ្រឿងផ្គុំអេឡិចត្រូនិកបាន គឺជារឿងល្អណាស់ ព្រោះបច្ចុប្បន្នកម្ពុជាជាប្រទេសមានកម្លាំងពលកម្មជំនាញច្រើន ពិសេសកម្ពុជាក៏មានពលករជំនាញច្រើនដែលធ្លាប់ទៅធ្វើការនៅផ្នែកឧស្សាហកម្មពីប្រទេសកូរ៉េខាងត្បូងដែរ។
លោកបន្តថា ក្រុមហ៊ុនអេឡិចត្រូនិករបស់កូរ៉េភាគច្រើនជាក្រុមហ៊ុនខ្នាតយក្ស ហេតុនេះបើកម្ពុជាអាចទាក់ទាញបានការចូលបណ្តាក់ទុននោះគឺជារឿងល្អណាស់។ លោកបញ្ជាក់ថា៖ «វាមិនត្រឹមតែបង្កើតឱកាសការងារថ្មីៗនោះទេ ប៉ុន្តែថែមទាំងទទួលបានការចាក់ប្រាក់ចំណូលទៅក្នុងសេដ្ឋកិច្ចកម្ពុជាតាមរយៈចំណូលពន្ធទៀតផង»។
លោកបន្ថែមថា ខណៈកម្ពុជាកំពុងធ្វើការចរចាការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េនោះ ឱកាសនៃការចូលមកបណ្តាក់ទុនរបស់កូរ៉េនៅកម្ពុជាក៏កើនឡើងដែរ។
កម្ពុជា និងកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នាកាលពីចុងខែកក្កដាកន្លងមក ដែលវាជាការបោះជំហានថ្មីមួយទៀតរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មផលិតផលនាំចេញរបស់ខ្លួន បន្ទាប់ពីការចរចាពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិនបានចប់រួចរាល់។
យោងតាមក្រសួងពាណិជ្ជកម្មភាគច្រើននៃទំនិញដែលកម្ពុជានាំចេញទៅប្រទេសកូរ៉េ គឺសម្លៀកបំពាក់ និងស្បែកជើង ចំណែកទំនិញដែលកូរ៉េនាំមកកម្ពុជា រួមមាន រថយន្ត គ្រឿងចក្រ គ្រឿងបន្លាស់ និងគ្រឿងអេឡិចត្រូនិកជាដើម។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងកូរ៉េសម្រេចបានជាង ១ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៩ កើន ៣៦ ភាគរយ ធៀបនឹង ៧៥៦ លានដុល្លារកាលពីឆ្នាំ ២០១៨៕ LA