ភ្នំពេញៈ មន្ត្រី​កម្ពុជា និង​ធុរជន​ក្នុង​ស្រុក​រំពឹងថា កម្ពុជា​នឹង​ទទួលបាន​ឱកាស​ពង្រីក​ទីផ្សារ​នៅ​តំបន់​ស្វយ័ត​ហុងកុង បន្ទាប់ពី​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បានប្រកាស​នៅ​ថ្ងៃទី​ ៨ ខែមករា​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ និង​កិច្ចព្រមព្រៀង​វិនិយោគ​រវាង​ហុងកុង និង​អាស៊ាន​ចូល​ជា​ធរមាន​ពេញលេញ​នៅក្នុង​ខែកុម្ភៈ​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ហុងកុង​បាន​និយាយ​នៅ​ថ្ងៃ​ ៨ ​មករា​ កន្លងមក​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) និង​កិច្ចព្រមព្រៀង​វិនិយោគ​ (AI) ​រវាង​ហុងកុង និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃទី​ ១២ ខែ​កុម្ភៈ​។

អាជ្ញាធរ​ហុងកុង​បាន​លើកឡើង​ថា ចំពោះ​សហគ្រាស និង​អ្នកផ្តល់​សេវាកម្ម​ហុងកុង​នឹង​អាច​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ដូចដែល​បាន​ប្តេជ្ញាចិត្ត​ដោយ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំង​ ១០ ក្រោម​កិច្ចព្រមព្រៀង​នេះ ខណៈ​ឱកាស​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​ទីផ្សារ​អាស៊ាន​នឹងត្រូវ​លើកកម្ពស់​យ៉ាងខ្លាំង​។

ទីក្រុង​ហុងកុង​បាន​បង្កើត​កិច្ចព្រមព្រៀង​ទាំង​ ២ ​ខាងលើ​នេះ​ជាមួយ​អាស៊ាន​ក្នុង​ឆ្នាំ ២០១៧ ហើយ​កិច្ចព្រមព្រៀង​បាន​ចូល​ជាធរមាន​ជា​បណ្តើរៗ ចាប់តាំងពី​ខែ​មិថុនា ឆ្នាំ​ ២០១៩​។

កិច្ចព្រមព្រៀង​ទាំង​ ២ ​នេះ​មាន​លក្ខណៈ​ទូលំទូលាយ​ក្នុង​វិសាលភាព​ដែល​រួមមាន​ពាណិជ្ជកម្ម​ទំនិញ ពាណិជ្ជកម្ម​សេវាកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​យន្តការ​ដោះស្រាយ​វិវាទ និង​បញ្ហា​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។

លោក​ ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា កម្ពុជា​កំពុង​បន្ត​នីតិវិធី​ផ្ទៃក្នុង​របស់ខ្លួន​ដែល​នឹងត្រូវ​បញ្ចប់​នាពេល​ឆាប់ៗ​នេះ ដោយ​សង្ឃឹមថា​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ទីផ្សារ​ហុងកុង​តាមរយៈ​កិច្ចព្រមព្រៀង​ទាំងនេះ​។

លោក សុវិជាតិ បញ្ជាក់ថា​៖ «​យើង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​រួចហើយ​។ យើង​នឹង​ជូន​ដំណឹង​ជា​ផ្លូវការ​អំពី​ការបញ្ចប់​នីតិវិធី​ផ្ទៃក្នុង​ដូច្នេះ​ភាគី​ទាំង​ ២ ​អាចអនុវត្ត​បាន​ភ្លាមៗ​។ យើង​សង្ឃឹមថា កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើឱ្យ​កម្ពុជា​ចាប់យក​ទីផ្សារ​នាំ​ចេញទៅ​ហុងកុង​បាន​កាន់តែច្រើន​បន្ថែមទៀត​»​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​និយាយ​ថា បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ហុងកុង​ជាធម្មតា​ដរាបណា​ក្រុមហ៊ុន​បាន​បំពេញ​លក្ខខណ្ឌ​ទីផ្សារ​ហុងកុង​។

លោក​បាន​ថ្លែងថា​៖ «​តាម​ទស្សនៈ​របស់ខ្ញុំ កម្ពុជា​ចូលរួម​ក្នុង​ទីផ្សារ​ពាណិជ្ជកម្ម​សេរី​រវាង​ហុងកុង និង​អាស៊ាន​ក៏ដូចជា​ហុងកុង-កម្ពុជា​នឹង​ធ្វើឱ្យ​កម្ពុជា​កាន់តែ​មានការ​ប្រកួត​ប្រជែង​ដើម្បីឱ្យ​ផលិតផល​របស់ខ្លួន​អាច​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​ហុងកុង ហើយ​នេះ​គឺជា​ការចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ វិស័យ​កែច្នៃ​អាហារ​របស់​យើង និង​ឧស្សាហកម្ម​ផ្សេងទៀត​ចូលទៅក្នុង​ទីផ្សារ​នេះ​»​។

អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ២ របស់​ហុងកុង​ក្នុង​ពាណិជ្ជកម្ម​ទំនិញ​ក្នុង​ឆ្នាំ​ ២០១៩ និង​ជា​ពាណិជ្ជកម្ម​សេវាកម្ម​ទី​៤ ក្នុង​ឆ្នាំ​ ២០១៨៕