ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរំពឹងថា កសិដ្ឋានដាំស្វាយកម្ពុជាចំនួន ៣០ និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយចំនួន ៤ នឹងត្រូវប្រទេសចិនពិនិត្យ និងអនុញ្ញាតឱ្យនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
ការរំពឹងនេះត្រូវបានធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានកសិកម្មបានផ្ញើលិខិតអំពីកសិដ្ឋានដាំស្វាយដែលចុះបញ្ជីចំនួន ២ លើករួចមកហើយដែលលើកចុងក្រោយមានកសិដ្ឋានចំនួន ២៥ និងរោងចក្រសម្លាប់សមាសភាពចង្រៃលើផ្លែស្វាយចំនួន ៣ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំនេះទៅភាគីចិន ដើម្បីផ្តល់ការអនុញ្ញាតនាំចេញ។
ទន្ទឹមនឹងនេះ ក្រសួងក៏បានអំពាវនាវជាថ្មីទៅដល់អ្នកដាំស្វាយឱ្យមកចុះបញ្ជីចម្ការស្វាយសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈពេលតម្លៃស្វាយបានធ្លាក់ចុះយ៉ាងខ្លាំងនៅដើមរដូវប្រមូលផលឆ្នាំនេះ។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា៖ «ដើម្បីរក្សាបានស្ថិរភាពតម្លៃសមស្រប និងមានទីផ្សារ ក្រសួងកសិកម្ម សូមអំពាវនាវម្តងហើយម្តងទៀតដល់អ្នកដាំដំណាំស្វាយសូមធ្វើការចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញនៅអគ្គនាយកដ្ឋានកសិកម្ម»។
សេចក្តីប្រកាសព័ត៌មានបន្តថា ការចុះបញ្ជីនេះកសិករនឹងទទួលបានការបណ្តុះបណ្តាលបច្ចេកទេសនៅក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដា ព្រមទាំងការរៀបចំចងក្រងជាបណ្តុំអាជីវកម្មសម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីចុះកិច្ចសន្យាប្រមូលទិញស្វាយធ្វើការកែច្នៃ និងនាំចេញ។
លោក អ៊ុំ សារឿន ប្រធានសមាគមកសិកម្មស្វាយកែវរមៀតគិរីរម្យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សមាជិកលោកចំនួន ៧ នាក់ ក្នុងចំណោមសមាជិក ៤៥ នាក់ បានស្នើសុំចុះបញ្ជីកសិដ្ឋានដំណាំស្វាយនៅអគ្គនាយកដ្ឋានកសិកម្មក្នុងនោះចម្ការស្វាយ ២ ត្រូវបានអនុម័តផ្តល់វិញ្ញាបនបត្រ។ លោករំពឹងថានឹងមានសមាជិកបន្ថែមទៀតដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយនៅក្រសួងកសិកម្ម។
លោកបានថ្លែងថា៖ «បន្ទាប់ទទួលវិញ្ញាបនបត្រហើយ យើងសង្ឃឹមថានឹងមានក្រុមហ៊ុនប្រមូលទិញផ្លែស្វាយពីយើងនាំចេញទៅទីផ្សារប្រទេសចិន»។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា តម្លៃស្វាយនៅរដូវប្រមូលឆ្នាំនេះបានធ្លាក់ថ្លៃចាប់ពីដើមខែកុម្ភៈមកដល់ពេលបច្ចុប្បន្ននេះ ដោយហេតុថារដូវប្រមូលផលផ្លែស្វាយនៅកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀតប្រមូលដំណាលគ្នាដែលនាំឱ្យបរិមាណជន់លើសតម្រូវការទីផ្សារ ស្របពេលសកម្មភាពសេដ្ឋកិច្ចទូទៅកំពុងរងឥទ្ធិពលជាអវិជ្ជមានពីការឆ្លងកូវីដ ១៩។
យោងតាមគេហទំព័រ www.globalprice.info សព្វថ្ងៃ តម្លៃផ្លែស្វាយស្រស់នៅប្រទេសចិន បានធ្លាក់ចុះថ្លៃនៅចន្លោះ ១,១០ ទៅ ១,២០ ដុល្លារក្នុង ១ គីឡូក្រាម។
លោក សារឿន ឱ្យដឹងថា តម្លៃស្វាយបានធ្លាក់ចុះយ៉ាងគំហុកគឺ ២០០ រៀលក្នុង ១ គីឡក្រាមប៉ុណ្ណោះនៅតំបន់របស់លោក។ លោកបាននិយាយថា៖ «តម្លៃនេះមិនអាចទូទាត់រួចថ្លៃឈ្នួលបេះ និងដឹកជញ្ជូនទេ ដូច្នេះស្វាយអាចមានទីផ្សារទាល់តែមានរោងចក្រសម្រាប់កែច្នៃដែលយើងឃើញក្រសួងកំពុងខិតខំទាក់ទងការបង្កើតរោងចក្រនៅស្រុកយើង»។
ក្រសួងកសិកម្មឱ្យដឹងទៀតថា ក្នុងគោលដៅរួមចំណែកលើកកម្ពស់តម្លៃផលិតផលផ្លែស្វាយ និងបង្កើនប្រាក់ចំណូលដល់អ្នកផលិតក្រសួងបានស្វះស្វែងរកទីផ្សារតាមរយៈការចរចាលើវិធានបច្ចេកទេសអនាម័យ និងភូតគាមអនាម័យជាមួយប្រទេសមួយចំនួន។
កាលពីខែមករា ឆ្នាំ ២០២០ កម្ពុជា និងកូរ៉េសម្រេចបានកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញទៅកូរ៉េ។ បន្ទាប់មកក្នុងខែមិថុនា កម្ពុជាសម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសចិនដោយអាចនាំចេញស្វាយស្រស់ ៥០ ម៉ឺនតោនក្នុង ១ ឆ្នាំ។
បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំស្វាយ ១២៤ ៣១៩ ហិកតា ផ្តល់ផលជាមធ្យម ១៥,៥ តោន ក្នុង ១ ហិកតា សម្រាប់ ១ រដូវកាល ខណៈ ១ ឆ្នាំគេអាចប្រមូលផលបាន ២ ដង៕ LA
វីដេអូ៖