ភ្នំពេញៈ ​ទីបំផុត​ ​កម្ពុជា​សម្រេច​នាំចូល​អំបិល ​៣ ម៉ឺន​តោន ​ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​ក្នុង​ប្រទេស ​ខណៈ​​បរិមាណ​ដែល​មាន​នៅ​សល់​​ក្នុង​ឃ្លាំង​ស្តុក​អាច​ធានា​បាន​យ៉ាង​យូរ​ត្រឹម​វិចិ្ឆកា​ប៉ុណ្ណោះ​។ ​នេះ​បើ​យោ​ង​តាម​​ ប្រធាន​សហ​គមន៍​អ្នក​ផលិត​អំបិល​​ខេត្ត​កំពត​-កែប។​

លក្ខណៈ​អាកាសធាតុ​​មិន​អំណោយ​ផល​កាល​ពី​រដូវ​ប្រាំ​ង​​ឆ្នាំនេះ​បាន​ធ្វើ​ឲ្យ​ការ​ផលិត​អំបិល​របស់​កម្ពុជា​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ។​

លោក ​ប៊ុន ​បារាំង ​សហ​ប្រធាន​សហ​គមន៍​អ្នក​​ផលិត​អំបិល​​ខេត្ត​ កំពត-​កែប ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​​​​ថា ​បន្ទាប់​ពី​កិច្ច​ប្រជុំ​​រវាង​​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​កាល​ពី​សប្តាហ៍​មុន​ ថ្នាក់​ដឹកនាំ​សហ​គមន៍​ បាន​សម្រេច​បញ្ជា​ទិញ​អំបិល​ពី​ប្រទេស​ថៃ និ​ងចិន​ជាង ​៣ ​ម៉ឺន​តោន​សម្រាប់​​បំពេញ​​សេចក្តី​ត្រូវ​ការ​ក្នុង​ប្រទេស​ ដែល​មាន​ប្រហែល ​​១០ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ។

លោក​បញ្ជាក់​ថា៖ ​«ពេល​នេះ​ក្រុម​ការ​ងារ​របស់​សហ​គមន៍​កំពុង​សិក្សាពី​​តម្លៃ​អំបិល​នៅ​បរទេស ខណៈ​អំបិល​ដែល​ទិញ​ពី​បរទេស​នោះ​​អាច​​នឹង​​មក​ដល់​កម្ពុជា​ក្នុង​អំឡុង​ខែ​តុលា​ខាង​មុខ​»។