ភ្នំពេញ: កម្ពុជា​សម្រេច​បន្ត​សុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម (​ប៉ាតង់​) ​របស់​សហគមន៍​អឺរ៉ុប​ដើម្បី​ជំរុញ​ការវិនិយោគ​ពី​អឺរ៉ុប​ក្នុងប្រទេស​កម្ពុជា​។

ការសម្រេច​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ស្តីពី​សហប្រតិបត្តិការ​ប៉ាតង់​រវាង​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ ជាមួយ​លោក António Campinos ប្រធាន​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​ (EPO) ​កាលពី​ថ្ងៃ​ចន្ទ​។

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​សហប្រតិបត្តិការ​ប៉ាតង់ កាលពី​ថ្ងៃទី​ ២៣ ខែមករា ឆ្នាំ​ ២០១៧​។

ការស្នើសុំ​ចុះបញ្ជី​ការពារ​ទទួលស្គាល់​សុពលភាព​ប៉ាតង់​របស់​សហគមន៍​អឺរ៉ុប​នៅ​កម្ពុជា​មាន​ចំនួន ២៣០​។ ក្នុងនោះ​ការដាក់ពាក្យ​ស្នើសុំ​ចំនួន​ ១ ត្រូវ​បានប្រកាស​ដោយ​ផ្ទាល់​ដោយ​ក្រសួង​ឧស្សាហកម្ម​។

ក្នុងជំនួប​នេះ​លោក ចម ប្រសិទ្ធ បានស្នើសុំ​ឲ្យ​អង្គភាព​ប្រកាស​នីយបត្រ​តក្កកម្ម​អឺរ៉ុប​ជួយ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​មន្ត្រី​របស់​កម្ពុជា​។ លោក​ថ្លែងថា​៖ «​ការងារ​កម្មសិទ្ធិ​បញ្ញា​មាន​សារៈសំខាន់ និង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​»​។

លោក António Campinos ប្រធាន​អង្គភាព​ប្រកាស​នីយបត្រតក្កកម្ម​អឺរ៉ុប​បាន​ឲ្យ​ដឹងថា​អង្គភាព​នេះ​នឹង​គាំទ្រ​ដល់​ការផ្តល់​បណ្តុះបណ្តាល​ធនធាន​មនុស្ស និង​បន្ត​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​។ លោក​ថ្លែងថា​៖ «​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​នៅពេល​នេះ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​មក​ចូលរួម​បើក​សន្និសីទ​ស្តីពី កម្មសិទ្ធិបញ្ញា​ដែល​រៀបចំ​នៅ​ក្រុងភ្នំពេញ និង​ខេត្តសៀមរាប​»​។

លោក ចម ប្រសិទ្ធ បាន​ឲ្យ​ដឹងថា កម្ពុជា​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​សិង្ហបុរី ជប៉ុន ចិន និង​សហគមន៍​អឺរ៉ុប​ស្តីពី​ការចុះបញ្ជី និង​ការទទួលស្គាល់​សុពលភាព​ប្រកាស​នីយបត្រ​តក្កកម្ម​។

ទិន្នន័យ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បានបង្ហាញ​ថា​ចាប់​តាំងពី ២០១៥ មក​ទល់​នឹង​ពេលនេះ ក្រសួង​ទទួល​បាន​ពាក្យស្នើសុំ​ចុះបញ្ជី​ប្រកាស​ប៉ាតង់​ចំនួន ៨១៦ ក្នុង​នោះ ១៥០ ត្រូវបាន​ពិនិត្យ​សម្រេច​។

អនុស្សរណៈ​យោគយល់​គ្នា​នេះ​ត្រូវបាន​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ហត្ថលេខា​នេះ​តទៅ និង​មាន​សុពលភាព​ ៥ ​ឆ្នាំ​ នឹង​អាច​បន្ត ៥ ​ឆ្នាំ​ទៀត​ដោយ​ស្វ័យប្រវត្តិ បើ​គ្មាន​ភាគី​ណា​មួយ​ស្នើសុំ​មិន​បន្ត​សុពលភាព​៕LA