ភ្នំពេញ: រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើសុំ​កម្ចី​ចំនួន​ ៦៥ ​លាន​ដុល្លារ​ ពី​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ​របស់​ប្រទេស​ចិន​ ដើម្បី​ស្ដារ​សមត្ថភាព​ផលិតភាព​ជនបទ​ឡើងវិញ និង​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការឆ្លើយតប​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ធនាគារ AIIB ក្នុងពេល​កន្លង​ទៅ​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា គម្រោង​នេះ​មាន​បំណង​ចម្បង​ដើម្បី​ស្ដារ​សមត្ថភាព​ផលិតភាព​ជនបទ​ឡើងវិញ តាមរយៈ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព និង​ភាពធន់​នឹង​អាកាសធាតុ​នៅក្នុង​តំបន់​ជនបទ​ដែលជា​ទិសដៅ​ចង់បាន​របស់​កម្ពុជា​។

ការស្នើសុំ​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​នេះ​គឺ​ស្ថិតក្រោម «​កម្មវិធី​ជាតិ​ស្ដារ​សមត្ថភាព​ផលិតភាព​ជនបទ​ឡើងវិញ​» ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៦៥ ​លាន​ដុល្លារ​ នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ដារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​ ឡើងវិញ​របស់​ធនាគារ AIIB ដែល​ប្រើប្រាស់​មូលនិធិ​ពិសេស​ (SFW) ​ដែល​មាន​អត្រា​ការប្រាក់​ជា​លក្ខណៈ​សម្បទាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្តថា​៖ «​ការឆ្លើយតប​សារពើពន្ធ​របស់​រដ្ឋាភិបាល បាន​គាំទ្រ​ដោយ​ដៃគូ​អភិវឌ្ឍន៍ មិន​ទុក​មូលនិធិ​ច្រើន ដើម្បី​ស្ដារ​ឡើងវិញ​សមត្ថភាព​ផលិតភាព​នៃ​តំបន់​ជនបទ ដែល​ស្រូបយក​ជន​ចំណាកស្រុក​វិលត្រឡប់​មកវិញ​មិនមាន​ការងារ​ធ្វើ​»​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​លោក​យល់ថា រដ្ឋាភិបាល​មាន​ការប្រយ័ត្នប្រយែង​ល្អ​ក្នុង​ការទទួល​កម្ចី​ពី​ស្ថាប័ន​អន្តរជាតិ ដែល​អាចមាន​លទ្ធភាព​ខ្ចី​បន្ថែម​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និង​ប្រព័ន្ធធារាសាស្ត្រ​ឲ្យ​កាន់តែ​រីកចម្រើន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្កេត​ឃើញ​ថា​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​ការដឹកជញ្ជូន​ទំនិញ និង​កសិក​ផល​របស់​ពួកគាត់​ទៅកាន់​ទីផ្សារ​នោះទេ ដូច្នេះ​កម្ចី​នេះ​នឹង​ផ្តល់​លទ្ធភាព​ថែមទៀត​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​ជនបទ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ថ្លែង​នាពេល​កន្លងមក​ថា ការបង្កើត​ធនាគារ​ AIIB ​របស់​ចិន​នឹង​ផ្តល់​ជា​ជម្រើស​បន្ថែមទៀត​ដល់​ប្រទេស​ទាំងឡាយ​ក្នុង​ការអភិវឌ្ឍ​ប្រទេស ស្រប​ជាមួយ​នឹង​ការបង្កើត​នូវ​មូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ១ ​ខ្សែក្រវាត់​ ១ ​ដែល​នឹង​ដើរតួនាទី​ដ៏សំខាន់​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ការបង្កើត​ធនាគារ AIIB គឺជា​ការបំពេញបន្ថែម​ទៅលើ​ស្ថាប័នហិរញ្ញវត្ថុ​ដូចជា​ធនាគារពិភពលោក​ (WB) និង​ធនាគារ​អភិវិឌ្ឍន៍​អាស៊ី (ADB) ជាដើម​។ ខ្ញុំ​យល់ឃើញ​ថា ធនាគារ AIIB នឹងមិន​ប្រកួតប្រជែង​ដើម្បី​ទៅ​ដណ្តើម​អំណាច​ពី​ស្ថាប័ន​ណាមួយ​នោះទេ ប៉ុន្តែ​ធនាគារ​នេះ​បង្កើតឡើង​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការ​ទុន​នៃ​បណ្តា​ប្រទេស​ទាំងឡាយ​ណា​យកមក​អភិវឌ្ឍ​»​។

ក្នុង​ឆ្នាំ​ ២០២០ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បង្កើន​ថវិកា​វិនិយោគ​សាធារណៈ​ចំនួន ១,៤ ​ពាន់​លាន​ដុល្លារ​ លើ​ការសាងសង់ និង​ការស្ដារ​ឡើងវិញ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​កើនឡើង​ ១១៧,៩ ​ភាគរយ​ ធៀប​នឹង​ការចំណាយ​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ច្បាប់​ថវិកាជាតិ​ឆ្នាំ​ ២០២០​។

កម្ពុជា​ត្រូវការ​ថវិកា​ជាង ១៣ ពាន់​លាន​ដុល្លារ​ សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹម​ឆ្នាំ​ ២០២០ ដើម្បី​ទាក់ទាញ​ការវិនិយោគ​បរទេស​។ ក្នុង​ចំណោម​នោះ​កម្ពុជា​មាន​តម្រូវការ​ប្រហែល​ ១,២ ​ពាន់​លាន​ក្នុង​ការចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ ១ ​ឆ្នាំ​ក្នុង​នោះ​ពាក់កណ្ដាល​នឹង​ចំណាយ​លើ​គម្រោង​ថ្មីៗ និង​ពាក់កណ្ដាល​ផ្សេងទៀត​សម្រាប់​ការថែទាំ​។

រដ្ឋាភិបាល​នឹង​ខ្ចី​មូលនិធិ​អន្តរជាតិ​ ២ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​។ នេះ​បើ​យោងតាម​ច្បាប់​ថវិកាជាតិ​ឆ្នាំ​ ២០២០​។

គិត​ត្រឹម​ខែមិថុនា​ឆ្នាំ​ ២០២០ កម្ពុជា​មាន​បំណុល​សាធារណៈ​ចំនួន​ ៧,២ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​សេចក្តី​ព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​ ២០២០​។

កាលពី​ចុងឆ្នាំ​ ២០១៨ បំណុល​ជាតិ​ត្រូវបាន​ជំរុញ​ភាគច្រើន​តាមរយៈ​កម្ចីសម្បទាន​ទ្វេភាគី និង​ពហុភាគី ភាគច្រើន​មកពី​ប្រទេស​ចិន​។

តាំងពី​ការចាប់ផ្ដើម​ប្រតិបត្តិការ​កាលពី​ឆ្នាំ​ ២០១៦ ធនាគារ​ AIIB ​នេះ​បាន​ពង្រីក​សមាជិកភាព​របស់ខ្លួន​ដល់​ ១០៣ ​ប្រទេស ហើយ​បានអនុម័ត​គម្រោង​កម្ចី​ ៤៩ មានតម្លៃ​សរុប​ចំនួន​ ១៩,៩៨ ​ពាន់​លាន​ដុល្លារ​៕ LA