ណាននីង-ប្រទេសចិនៈ ប្រទេសកម្ពុជាបានដាក់សំណើទៅរាជរដ្ឋាភិបាលចិនដើម្បីសុំឲ្យជួយសាងសង់មជ្ឈមណ្ឌលចែកចាយទំនិញមួយនៅក្នុងប្រទេសកម្ពុជាដើម្បីបង្កើនល្បឿនការទុកដាក់ និងចែកចាយទំនិញឲ្យបានលឿន និងទាន់ពេលវេលាជាពិសេសគឺដើម្បីកាត់បន្ថយការចំណាយទៅលើការដឹកជញ្ជូន។
ការស្នើសុំនេះត្រូវបានធ្វើឡើងស្របទៅនឹងការសម្ពោធមជ្ឈមណ្ឌលព័ត៌មានភ័ស្តុភារកំពង់ផែចិន-អាស៊ាន កាលពីសប្តាហ៍មុននៅឈីងចូវស្ថិតនៅតំបន់ស្វយ័តខេត្តក្វាងស៊ី ភាគខាងត្បូងនៃប្រទេសចិន។
មជ្ឈមណ្ឌលនេះនឹងក្លាយជាមូលដ្ឋានយុទ្ធសាស្រ្តសម្រាប់ការចែកចាយទំនិញ និងនាំក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ឲ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា។
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឈូងសមុទ្រ Pan-Beibu លើកទី ៩ និង វេទិកាអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចចិន និងឥណ្ឌូចិនថា៖ «គោលដៅរបស់យើងគឺធ្វើយ៉ាងណាដើម្បីចែកចាយទំនិញឲ្យបានរហ័ស និងទាន់ពេលវេលាទៅឲ្យអតិថិជន និងមានតម្លៃទាប»។
ដោយបដិសេធផ្តល់ព័ត៌មានលម្អិតលោកថ្លែងថា៖ «កន្លងមកយើងអត់បានគិតគូរថាត្រូវសហការគ្នាទេម្នាក់ទៅដឹកនាំតាមផ្លូវទឹកទៅម្នាក់ដឹកនាំតាមផ្លូវគោកទៅវាទៅដល់ដែរប៉ុន្តែវាយឺតចំណាយខ្ពស់វាថ្លៃ។ ដូច្នេះទំនិញយើងមិនអាចប្រឡងប្រណាំងជាមួយគេបាន។ ដូច្នេះយើងត្រូវមានមជ្ឈមណ្ឌលមួយគិតគូរពីយុទ្ធសាស្ត្រគួរទៅតាមដឹកតាមណាធ្វើម៉េចឲ្យវាបានរហ័ស»។
ទោះបីយ៉ាងណាការស្នើសុំនេះពុំទាន់ត្រូវបានបញ្ជាក់ដោយក្រុមមន្រ្តីចិននៅឡើយនោះទេខណៈក្រសួងនៅកំពុងសិក្សាទៅលើទីតាំង និងអំពាវនាវឲ្យប្រទេសចិនផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស។
លោកបញ្ជាក់ថា៖ «មកដល់ពេលនេះយើងនៅតែកំពុងធ្វើការស្រាវជ្រាវរកទីតាំងប្រសើរបំផុតស្វែងរកការវិនិយោគហើយយើងពុំទាន់ធ្វើការប៉ាន់ស្មានពីតម្លៃនៅឡើយ»៕