ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើ​សុំ​ឲ្យ​លោកស្រី​ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា​ទើប​តែងតាំង​ថ្មី​ជួយ​សម្របសម្រួល​ដល់​ក្រុមហ៊ុន​របស់​សឹង្ហបុរី​ក្នុងការ​នាំចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា​។

ការស្នើសុំ​របស់​កម្ពុជា​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​អំពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ កាលពី​ថ្ងៃទី​ ២០ ខែឧសភា នៅ​ទីស្តីការ​ក្រសួង​។

លោក​រដ្ឋមន្ត្រី​ថ្លែងថា កម្ពុជា​មាន​សក្តានុពល​នៃ​ផលិតផល​កសិកម្ម​កម្ពុជា រួមមាន ស្វាយ ចេក មៀន​ប៉ៃលិន ម្រេច​កំពត ធុរេន ដូង ស្រកានាគ និង​អង្ករ​។ ​ក្រសួង​ពាណិជ្ជកម្ម​បាន​និង​កំពុង​ជំរុញ​ការបង្កើត​អត្តសញ្ញាណ​ផលិតផល​ជាតិ​មួយចំនួន​ដូចជា ផលិតផល​សម្គាល់​ភូមិសាស្ត្រ ម៉ាក​សមូហភាព និង​ម៉ាក​វិញ្ញាតកម្ម ដើម្បី​ផ្សព្វផ្សាយ​ទៅ​ពិភពលោក​ឱ្យបាន​ស្គាល់​។

លោក​ថ្លែង​ទៀតថា​៖ «​យើង​សុំឱ្យ​ភាគី​សិង្ហបុរី​ជួយ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​របស់​សិង្ហបុរី​ក្នុងការ​នាំចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា ក៏ដូចជា ធ្វើការ​ផ្គូផ្គង​ធុរកិច្ច​រវាង​កម្ពុជា និងសិង្ហបុរី​ដើម្បី​លើកកម្ពស់​ការធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​អាស៊ាន​។ ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​បាននិង​កំពុង​ទាក់ទាញ​វិនិយោគិន ពិសេស​កិច្ចការពារ​កម្មសិទ្ធិបញ្ញា ដើម្បី​ជាការ​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​នៅ​កម្ពុជា​»​។

លោកប៉ាន សូរស័ក្តិជួបពិភាក្សាការងារជាមួយលោកស្រីTeo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី​ប្រចាំនៅកម្ពុជានៅទីស្តីការក្រសួងកាលពីថ្ងៃទី២០ ខែឧសភា។ រូបភាព:សហការី

ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​បាន​កើនឡើង​យ៉ាងខ្លាំង​ដល់ ១១,៣៣០ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ទោះបី​ជា​ការរឹតបន្តឹង​ជើងហោះហើរ និង​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ក៏ដោយ​។

យោងតាម​ទិន្នន័យ​ចុងក្រោយ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​បាន​កើនឡើង ២២,៤២ ភាគរយ​មាន​ចំនួន ១១,៣៣០ ពាន់​លាន​ដុល្លារ​ធៀប​នឹង ៩,២៥៤ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៩​។ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ភាគច្រើន​ជាមួយ​ប្រទេស​ជាប់​ព្រំដែន​គឺ ថៃ និង​វៀតណាម​។

តាម​របាយការណ៍​ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅកាន់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​មានតម្លៃ ៣,៧២៣ ពាន់​លាន​ដុល្លារ​បាន​កើនឡើង​យ៉ាងខ្លាំង ១៨៦ ភាគរយ ខណៈ​ដែល​ការនាំ​ចូល​មានតម្លៃ ៧,៦០៧ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​បន្តិច ៤,៣៣ ភាគរយ​៕