ភ្នំពេញ: លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក US-ASEAN Business Council (US-ABC) នឹងជួយជំរុញឲ្យសមាជិករបស់ខ្លួនចូលមកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ក្រោយពេលដែលជំងឺកូវីដ១៩ ស្ងប់ស្ងាត់ទៅវិញ។
ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន អាមេរិកតាមរយៈ Video Conference កាលពីថ្ងៃចន្ទ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងចេញផ្សាយកាលពីថ្ងៃអង្គារ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះលោក ថោង ខុន បានលើកឡើងពីឱកាសវិនិយោគនៅក្នុងវិស័យទេសចរណ៍នៅប្រទេសកម្ពុជាដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន អាមេរិក ដែលជាស្ថាប័នដ៏ធំមួយដែលមានសមាជិកនៅជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដោយស្នើសុំឲ្យ US-ABC ជួយជំរុញសមាជិករបស់ខ្លួនមកវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា ពិសេសវិនិយោគលើសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលកំពុងមានសក្តានុពលយ៉ាងខ្លាំង។
លោកបានថ្លែងថា៖ «ភាគី US-ABC សន្យាថានឹងស្វែងរកឱកាសវិនិយោគវិស័យធុរកិច្ចទេសចរណ៍នៅក្នុងអំឡុងពេលកម្ពុជាជួបវិបត្តិនៃជំងឺកូវីដ១៩ និងក្រោយពេលវិបត្តិនេះត្រូវបានបញ្ចប់ ហើយយើងក៏សូមស្នើឲ្យ US-ABC បន្តសហការជាមួយផ្នែកជំនាញក្រសួង ដើម្បីអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនានានៅក្នុងវិស័យទេសចរណ៍»។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនល្បីមួយចំនួនដែលជាសមាជិករបស់ US-ABC រួមមាន ក្រុមហ៊ុន Google, Visa, Agoda និងក្រុមហ៊ុន Expedia Group ជាដើម។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងលើកផែនការបង្កើតកិច្ចសហប្រតិបត្តិការស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិសុខភាពនេះត្រូវបានបញ្ចប់។
លោក Amb. Michael W.Michala អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន អាមេរិក បានថ្លែងក្នុងកិច្ចប្រជុំនេះថា លោកនឹងជំរុញបន្ថែមទៀតឲ្យ US-ABC បង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជួយដោះស្រាយបញ្ហាធុរកិច្ចក្នុងវិស័យទេសចរណ៍ និងប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដនៅកម្ពុជា។
លោក ថោង ខុន បានឲ្យដឹងថា កូវីដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ដោយគិតត្រឹមខែឧសភាមានអាជីវកម្មទេសចរណ៍បិទ និងព្យួរការងារសរុប ២ ៩៥៦ ទីតាំងនៅទូទាំងប្រទេស ខណៈវិស័យនេះមានបុគ្គលិកបម្រើការងារផ្ទាល់ ៤៥ ៤០៥ នាក់។
កម្ពុជាទទួលបានចំណូលជាង ១៨ លានដុល្លារពីការលក់សំបុត្រឲ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ៥ ខែដំបូងឆ្នាំ ២០២០ នេះធ្លាក់ចុះ ៦៤,១៨ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរបានឲ្យដឹងថា ចាប់ពីខែមករាដល់ខែឧសភាភ្ញៀវទេសចរបរទេស ៣៨៦ ០៩៣ នាក់បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរដោយធ្លាក់ចុះ ៦៥,៤៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន៕ LA