ភ្នំពេញៈ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើឱ្យ​សភា​ពាណិជ្ជកម្ម​អូស្ត្រាលី និង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ពន្លឿន​ការងារ​ក្នុង​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​ការយោគយល់​ (MoU) លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ដើម្បី​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម និង​វិនិយោគ​នៃ​ប្រទេស​ទាំង​ ២ ខណៈ​ដែល​ប្រទេស​ទាំង​ ២ ​ក៏​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ (RCEP) កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​កន្លង​មក​។

ការលើកឡើង​របស់​លោករដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២២ ខែធ្នូ ក្នុង​ពេល​ជួប​ជាមួយ លោក Pablo Kang ឯកអគ្គរាជទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា​នៅ​ទីស្តីការ​ក្រសួង​។ លោក​ក៏បាន​ជំរុញ​ឱ្យ​អូស្ត្រាលី​ងាក​មក​ចាប់អារម្មណ៍​ការវិនិយោគ​លើ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយសារ​តែ​ច្បាប់ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ប៉ុន្មាន​ខែ​កន្លងមក ហើយ​ច្បាប់​ការពារ​អ្នកប្រើប្រាស់​ក៏​កម្ពុជា​បានដាក់​ឱ្យប្រើ​ប្រាស់​ផងដែរ ប៉ុន្តែ​នៅ​ទាមទារ​ឱ្យមាន​អ្នកបច្ចេកទេស​ជំនាញ​ដែលមាន​បទពិសោធ ដូចជា​ប្រទេស​អូស្ត្រាលី ជួយ​បណ្តុះបណ្តាល​បន្ថែម​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ជាមួយ​នឹង​ច្បាប់ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce Law) ​ដែល​ទើប​ប្រកាស​ឱ្យ​ប្រើប្រាស់​ថ្មីៗ ក្រសួង​ក៏បាន​បង្កើត​កម្មវិធី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​កម្ពុជា Go4eCam (E-Commerce) ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-Commerce) ​ផងដែរ​។ ភាគី​អូស្ដ្រាលី​ជួយផ្ដល់​មន្ដ្រី​បច្ចេកទេស​ផ្នែក​ការពារ​អ្នកប្រើប្រាស់ (Consumer Protection) ​មក​ប្រចាំការ​នៅ​កម្ពុជា​ដើម្បី​ចែករំលែក​បទពិសោធ និង​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​សំដៅ​បង្កើន​បរិមាណ​នាំចេញ​ផលិតផល​កម្ពុជា​ទៅ​អូស្ដ្រាលី​»​។

លោក Pablo បាន​កោតសរសើរ​កម្ពុជា​ថា បើទោះបី​ក្នុង​ស្ថានភាព​លំបាក​នៃ​វិបត្តិ​កូវីដ​ ១៩ ក៏​ការនាំចេញ​អង្ករ​ផ្កាម្លិះ​ខ្មែរ​ទៅ​អូស្ដ្រាលី​បាន​កើន​ប្រមាណ ៦០ ​ភាគរយ​។ ទាក់ទិន​នឹង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​គម្រោង CAVAC ក៏បាន​ហ្វឹកហ្វឺន​កសិករ​ខ្មែរ​ប្រមាណ ២ ០០០ ​នាក់​ ក្នុង​វិស័យ​អេឡិចត្រូនិក​ដើម្បី​លក់​ផលិតផល​របស់ខ្លួន​តាម​ប្រព័ន្ធ​អនឡាញ​ផងដែរ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កន្លងមក​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ធ្វើការ​ចុះ MoU ជាមួយ​ប្រទេស​ជាច្រើន​ដូចជា កូរ៉េខាងត្បូង ជប៉ុន អាមេរិក និង​ប្រទេស​ផ្សេងៗ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​នូវ​ព័ត៌មាន​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​គ្នា ជាពិសេស​គឺ​បង្កើត​ទំនាក់ទំនង​វិស័យ​ឯកជន និង​ឯកជន​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ និង​ចាប់​ដៃគូ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​មាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង និង​ស្វាគមន៍​ក្នុង​ការចុះ MoU ជាមួយ​អូស្ត្រាលី ដើម្បី​បង្កើន​ទំនាក់ទំនង និង​ផ្តល់​សេចក្តី​ទុកចិត្ត​រវាង​វិស័យ​ឯកជន និង​ឯកជន​ឈាន​ទៅ​មួយ​កម្រិត​ទៀត​ដែល​យើង​អាច​ធ្វើ​ការសហការ​ក្នុង​ការផ្លាស់ប្តូរ​ព័ត៌មាន​ក៏ដូចជា​រៀបចំ​កិច្ចប្រជុំ​ធុរកិច្ច​ផ្សេងៗ​រួមគ្នា​»​។

លោក​បាន​បន្តថា​៖ «​នៅពេល​មាន MoU គឺ​យើង​អាច​សម្លឹងមើល​ឱកាស​វិនិយោគ និង​អាច​ទាក់ទាញ​ការវិនិយោគ និង​ជំរុញ​ពាណិជ្ជកម្ម​បន្ថែមទៀត ខណៈ​ប្រទេស​ទាំង​ ២ ​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង RCEP ផងដែរ ដែល​វារឹតតែ​ផ្តល់ឱកាស​ដល់​ភាគី​ទាំងសងខាង​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​បន្ថែមទៀត​»​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ទាំង​ ២ ​ក្នុង​ឆ្នាំ​ ២០១៩ មានតម្លៃ​ជាង ១៩៧ ​លាន​ដុល្លារ កើនឡើង ៣២,៦ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ ការនាំចេញ​របស់​កម្ពុជា​មាន​តម្លៃ ១៥៥ ​លាន​ដុល្លារ ​កើន ៣៤,៩ ​ភាគរយ ខណៈ​ការនាំ​ចូល​ពី​អូស្ត្រាលី​មាន​តម្លៃ​ ៤២,១៩ ​លាន​ដុល្លារ កើន​ ២៤,៨ ​ភាគរយ​។ នេះ​បើតាម​ស្ថានទូត​អូស្ត្រាលី​៕