ភ្នំពេញៈ កម្ពុជា​បានស្នើ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ជួយ​សហការ​លក់​ផលិតផល​ប្រណីត​ខ្មែរ​នៅលើ​យន្តហោះ Thai Smile ដែល​គ្រោង​នឹង​បើក​ដំណើរការ​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ប្រចាំថ្ងៃ​ពី​ប្រទេស​កម្ពុជា ឡាវ វៀតណាម នៅ​ខែកក្កដា​ខាងមុខ​។

ការស្នើ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ក្នុង​ឱកាស​ជួបពិភាក្សា​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន Thai Airways (Thai Smile) ដែល​ដឹកនាំ​ដោយ​លោក Viset Sontichai នាយក​ផ្នែក​ពាណិជ្ជកម្ម​កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​ ២៥ ខែ មករា ឆ្នាំ​ ២០២១ ​នៅ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក​។

លោក អ៊ូក សោភ័ណ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្នុងជំនួប​នោះ​លោក​បាន​ជម្រាប​ដល់​ប្រតិភូ​ក្រុមហ៊ុន Thai Airways ពី​កិច្ចប្រឹងប្រែង​របស់​ស្ថានទូត ក្នុងការ​អនុវត្ត​ការទូត​សេដ្ឋកិច្ច​ដែល​ផ្តោត​សំខាន់​លើ​វិស័យ​ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍ ព្រមទាំង​វឌ្ឍនភាព​នៃ​ជំងឺ​កូវីដ ​១៩ ក្នុង​ប្រទេស​កម្ពុជា ដែល​មក​ទល់​ថ្ងៃនេះ គឺ​ពុំទាន់​មាន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​នេះឡើយ​។

លោក​ថ្លែងថា​៖ «​យើង​មិនទាន់​បាន​ឯកភាព​អ្វី​នៅឡើយ​ទេ តែ​ខាង​គាត់​បានទទួល​សំណើ​យើង​ដើម្បី​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​។ ឥឡូវ​យើង​ទាំងអស់​គ្នា​ក៏​រង់ចាំ​មើល​អំពី​ស្ថានភាព​នៃ​កូវីដ​ដោយសារ​យើង​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ​១៩​ នេះ​។ ការណ៍​នេះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការអនុវត្ត​សេដ្ឋកិច្ច​ការទូត​ដើម្បី​ជួយ​ជំរុញ​ផលិតផល​ក្នុងស្រុក និង​ចង់ឱ្យ​ខាង​វិនិយោគទុន​ថៃ​អាចមាន​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​ដៃគូ​នៅក្នុង​ស្រុក​យើង​»​។

លោកស្រី កែវ មុំ ប្រធាន​ក្រុមហ៊ុន​នំស្រួយ​លីលី បាន​សាទរ​ជាមួយ​គំនិត​ផ្តួចផ្តើម​នេះ ដោយ​ហេតុថា វា​នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ក្នុង​ស្រុក​ទៅ​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ធ្វើដំណើរ​តាម​ក្រុមហ៊ុន Thai Airways អាច​ភ្លក្ស​រសជាតិ​ផលិតផល​ដោយផ្ទាល់​តែម្តង​អំឡុងពេល​ធ្វើដំណើរ​។

លោកស្រី​បន្ថែមថា​៖ «​នេះ​ជា​គំនិត​ផ្តួចផ្តើម​ដ៏ល្អ​ដែល​លោក​ឯកអគ្គ​រាជទូត​យើង​ប្រចាំ​នៅ​ទីក្រុង​បាងកក​ស្នើ​ដល់​ក្រុមហ៊ុន Thai Airways ព្រោះ​ភ្ញៀវ​ដែល​ធ្វើដំណើរ​តាម​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​គាត់​អាច​ទទួលទាន​ដោយផ្ទាល់​នូវ​ផលិតផល​របស់​យើង​។ លើសពី​នេះ​ទៀត វិនិយោគិន​ដែល​ធ្វើដំណើរ​ជាមួយ Thai Airways ក៏​អាច​ភ្លក្ស​បាន ដូច្នេះ​វា​បាន​បង្កើត​ឱកាស​មួយ​ដ៏ល្អ បើ​ពួកគេ​ទទួល​ទាន​ហើយ​ឆ្ងាញ់ និង​ទទួលស្គាល់​នូវ​គុណភាព​ផលិតផល​របស់​យើង គេ​នឹង​ទាក់ទង​មក​យើង​ផ្ទាល់​តែម្តង​»​។

បច្ចុប្បន្ន​ក្រុមហ៊ុន​នំ​ស្រួយ​លីលី​បានធ្វើការ​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​នានា​ទាំង​ក្នុង​តំបន់​អឺរ៉ុប អាមេរិក និង​អាហ្វ្រិក​ដែលមាន​ប្រមាណ​​ ១៣ ​ប្រទេស​លើ​សកលលោក​។ លោកស្រី​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ក៏​កំពុង​ពង្រីក​ខ្សែចង្វាក់​ផលិតកម្ម​នំ​បន្លែក្រៀម​ដើម្បី​ជំរុញ​ការនាំចេញ​ផងដែរ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ថៃ​បន្ទាប់​កិច្ចប្រជុំ​នោះបាន​ដកស្រង់​ប្រសាសន៍​របស់​លោក Viset Sontichai និង​សហការី​ថា ក្រុមហ៊ុន Thai Airways បាន​ទទួល​យក​សំណើ​របស់​លោក​អគ្គរាជទូត និង​បាន​សន្យា​បន្ត​ធ្វើការ​ជាមួយ​ការិយាល័យ​អនុព័ន្ធពាណិជ្ជកម្ម​អម​ស្ថានទូត ដើម្បី​រៀបចំ​បញ្ជី​ផលិតផល​ប្រណីត​ខ្មែរ ព្រមទាំង​ផ្សព្វផ្សាយ​សេវាកម្ម​ជើង​ហោះហើរ​របស់ Thai Airways ជូន​ទៅដល់​ធុរជន និង​ភ្ញៀវទេសចរ​ក្នុង​ប្រទេស​កម្ពុជា និង​ថៃ​៕ LA