ភ្នំពេញៈ កម្ពុជា​បាន​រំកិល​​ចំណាត់​ថ្នាក់​​មួយ​ពិន្ទុ​នៅ​ឆ្នាំ​នេះ​​សម្រាប់​​ការ​ទាក់ទាញ​ និង​​ការ​កើន​ឡើង​អ្នក​មាន​ទេពកោសល្យ ​ខណៈ​របាយ​ការណ៍​នៃ​សន្ទស្សន៍​សមត្ថភាព​ប្រកួត​ប្រជែង​អ្នក​មាន​​ទេពកោសល្យ​ពិភព​លោក (GTCI)​ ​ឆ្នាំ ​២០១៩ ​ចេញ​ផ្សាយ​​នៅ​សប្ដាហ៍​នេះ បាន​ផ្ដល់​​ចំណាត់​ថ្នាក់​ដល់​​ប្រទេស ​កម្ពុជា ១០៧ ​ក្នុង​ចំណោម​ប្រទេស ​១២៥​។​

កាល​ពី​ឆ្នាំ​មុន ​GTCI ​បាន​ផ្ដល់​​ចំណាត់​ថ្នាក់​​ដល់​ប្រទេស​កម្ពុជា ​១០៨ ​ក្នុង​ចំណោម​ ១១​​៩​ ​ប្រទេស ​ស្ដីពី​សន្ទស្សន៍​ទាក់ទាញ​អ្នក​មាន​ទេព​កោសល្យ​សកល​​។ របាយ​ការណ៍​របស់ ​GT​CI នៅ​​ឆ្នាំ​នេះ ​ដែល​បាន​រៀបចំ​ឡើង​ដោយ​សាលា​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ INSEAD ជា​មួយ​​ក្រុមហ៊ុន​ Adecco Group និង​ក្រុមហ៊ុន​ Tata Communications ​បាន​ផ្ដល់​ចំណាត់​ថ្នាក់​​ប្រទេស ​១២៥​​ ទូទាំង​ពិភព​លោក​ទាក់ទង​​​សមត្ថភាព​​ពួក​គេ​ ក្នុង​ការ​ទាក់ទាញ​ អភិវឌ្ឍ​ ​និង​បង្កើន​ទេព​កោសល្យ​។​

លោក Alain Dehaze ​អគ្គ​នាយក​​ក្រុមហ៊ុន ​Adecco​ Group បាន​ឲ្យ​ដឹង​ថា ​ពិភព​ការងារ​ផ្លាស់​ប្តូរ​យ៉ាង​រហ័ស​ វា​មាន​ភាព​ចាំ​បាច់​កាន់​តែ​ខ្លាំង​ឡើង​​ៗ​ក្នុង​ការ​​មាន​ព័ត៌មាន​អំពី​សមត្ថភាព​ប្រកួត​ប្រជែង​អ្នក​មាន​ទេពកោសល្យ​ ដែល​អាច​រក​​បាន​ជា​គោល​​ពី​​​របៀប​ប្រទេស​​មួយ​កំពុង​​ប្រកួត​ប្រជែង​​ជា​មួយ​​នឹង​ដៃ​គូ​របស់​ខ្លួន ​និង​ដើម្បី​យល់​ដឹង​​ពី​និន្នាការ​ ដែល​ជះ​ឥទ្ធិ​ពល​ដល់​​លំហូរ​អ្នក​មាន​ទេព​កោសល្យ​ និង​សមត្ថភាព​​ប្រកួត​ប្រជែង​អ្នក​​មាន​ទេព​កោសល្យ​ ដើម្បី​កែ​លម្អ​ប្រតិបត្តិ​ការ​។​​

លោក​ថ្លែង​​៖​ «​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​ដ៏​សំខាន់​​នៃ​សម័យ​របស់​យើង​ថា​តើ​វា​នឹង​ទៅ​ដូច​ម្ដេច​ក្នុង​ការ​ផ្ទេរ​បច្ចេក​វិទ្យា ​ជា​របៀប​ដែល​យើង​​ធ្វើ​ការងារ​ និង​រស់នៅ​ យើង​​អាច​ខិតខំ​​ក្នុង​ការ​កែ​លម្អ​សមត្ថភាព​ប្រកួត​ប្រជែង​អ្នក​មាន​​​ទេពកោសល្យ​ និង​ការ​រីក​ចម្រើន​​ទូទាំង​ពិភព​លោក​»​។​

ប្រទេស ​កម្ពុជា​ត្រូវ​ជាប់​ចំណាត់​ថ្នាក់​នៅ​​ពី​ក្រោយ​​ប្រទេស​ទាំង​អស់​​នៅ​​ក្នុង​អាស៊ាន។

ប្រទេស​ សិង្ហបុរី ​ជាប់​​ចំណាត់​ថ្នាក់​​លើ​គេ​ក្នុង​តំបន់​ ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​ ២​ ក្នុង​ចំណោម​ ១២៥ ​ប្រទេស​។ ​ម៉ាឡេស៊ី ជាប់​ចំណាត់​ថ្នាក់​ទី​​ ២៧ ប្រ៊ុយណេ​​​ចំណាត់​ថ្នាក់​ទី​ ៣៦ ​ហ្វីលីពីន ​ទី​ ៥៨​ ថៃ ទី​ ៦៦ ឥណ្ឌូ​នេ​ស៊ី ​ទី​ ៦​៧ ​ឡាវ ​ទី ៩១ ​និង​វៀត​ណាម ទី ៩២​។​ ​មីយ៉ាន់ម៉ា ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​​​​ក្នុង​ការ​សិក្សា​នេះ​ទេ​។​

សន្ទស្សន៍​នេះ​វាស់​វែង​ការ​ផ្ដល់​​ចំណាត់​ថ្នាក់​ជា​រួម ​ដោយ​ពឹង​​ផ្អែក​លើ​​ប្រភេទ​សំខាន់​ៗ ៦ គឺ​​សមត្ថភាព ​ការ​ទាក់ទាញ ​ការ​រីក​ចម្រើន ​ការ​ការពារ ​ជំនាញ​វិជ្ជាជីវៈ ​និង​បច្ចេកវិទ្យា ​និង​ជំនាញ​ចំណេះ​ដឹង​សកល​។​

លោក​ ង៉ែត​ ជូ ​អ្នក​ប្រឹក្សា​យោបល់​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន​ Emerging Markets Consulting ​បាន​ឲ្យ​ដឹង​​ថា ​ការ​​វាយ​តម្លៃ​ស្ដីពី​សមត្ថភាព​ប្រកួត​ប្រជែង​អ្នក​មាន​ទេព​កោសល្យ​កម្ពុជា ​មិន​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​ទស្សនៈ​​​ក្រុម​វិនិយោគិន​បរទេស​ចំពោះ​​​កម្ពុជា​​នោះ​ទេ ​ដោយ​សារ​តែ​កម្ពុជា ​មិន​ទាន់​មាន​ចំណាត់​ថ្នាក់​សម្រាប់​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​នៅ​ឡើយ​ទេ។​

លោក​​ថ្លែង​ថា៖ «​ក្រុម​វិនិយោគិន​បរទេស​ភាគ​ច្រើន ​ចំពោះ​​កម្ពុជា​​ផ្ដល់​អាទិភាព​ដល់​កម្លាំង​​ពលកម្ម​ ជា​មួយ​នឹង​ជំនាញ​គ្រប់គ្រង​ ដើម្បី​គាំទ្រ​កំណើន​របស់​ពួក​គេ​ និង​មិន​កំណត់​ទិស​ដៅ​ច្រើន​​លើ​កម្លាំង​ពលកម្ម​មាន​ទេព​កោសល្យ​ខ្ពស់​នោះ​ទេ​»។

​លោក​បន្តថា​៖ «​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ដូច​ជា​ កម្ពុជា​មិន​ទាន់​មាន​​ចំណាត់​ថ្នាក់​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​នៅ​ឡើយ​​ទេ ​ដូច្នេះ​តម្រូវ​ការ​​កម្លាំង​ពលកម្ម​មាន​ទេពកោសល្យ​ខ្ពស់​​មិន​ច្រើន​​នោះ​ទេ​»៕​LA