ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​បង្កើត​ «​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ (NIG)» ក្នុង​គោលបំណង​ជួយ​សម្រួល និង​គ្រប់គ្រង​ការតភ្ជាប់​អ៊ីនធឺណិត​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​លើ​ការកៀរគរ​ចំណូល សន្ដិសុខ​សង្គម ថែរក្សា​របៀបរៀបរយ​សណ្តាប់ធ្នាប់​សង្គម វប្បធម៌ និង​អារ្យធម៌​ឱ្យ​ល្អប្រសើរ​។

បើ​យោងតាម​អនុក្រឹត្យ​ដែលមាន ២០ ​មាត្រា និង​ ១១ ​ជំពូក​ ហើយ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៦ ខែកុម្ភៈ និង​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ម្សិលមិញ​ (​ថ្ងៃទី​ ១៧ ខែកុម្ភៈ​) ការបង្កើត NIG គឺ​ដើម្បី​សម្របសម្រួល និង​គ្រប់គ្រង​ការតភ្ជាប់​បណ្តាញ​អ៊ីនធឺណិត​ក្នុងប្រទេស​ (DIX) និង​អន្តរជាតិ (IIG)​។

NIG រួមបញ្ចូល DIX សម្រាប់​ការផ្លាស់ប្តូរ​ទិន្នន័យ​អ៊ីនធឺណិត​ក្នុងប្រទេស និង IIG សម្រាប់​ការផ្លាស់ប្តូរ​ទិន្នន័យ​អ៊ីនធឺណិត​ក្នុងស្រុក និង​អន្តរជាតិ​។

អនុក្រឹត្យ​បន្តថា​៖ «​ច្រកទ្វារ​អ៊ីនធឺណិត​ក្នុង​ប្រទេស និង​ច្រកទ្វារ​អ៊ីនធឺណិត​អន្តរជាតិ​នៃ NIG នឹង​ត្រូវធ្វើ​ប្រតិបត្តិការ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ក្រុង​ប៉ោយប៉ែ​តនៃ​ខេត្តបន្ទាយមានជ័យ និង​ក្រុង​បាវិត​នៃ​ខេត្តស្វាយរៀង និង​នៅតាម​ទីតាំង​ដែល​កំណត់​ផ្សេងទៀត​ដោយ​ផ្អែកលើ​តម្រូវការ​ពិតប្រាកដ​ដែល​បានអនុម័ត​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC)»​។

បើ​យោងតាម​អនុក្រឹត្យ​នេះ​សម្រាប់​ប្រតិបត្តិករ​របស់ NIG បុគ្គល​ណាមួយ​ដែល​ចង់​ប្រតិបត្តិការ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ ត្រូវតែ​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​ពី​ប្រតិបត្តិករ​ទូរគមនាគមន៍​កម្ពុជា (TRC)​។

អនុក្រឹត្យ​នេះ​បន្តថា​៖ «​ពួកគេ​ត្រូវតែ​គ្រប់គ្រង និង​ជួយ​សម្រួល​ដល់​ការតភ្ជាប់ និង​ការប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញ និង​សេវា​អ៊ីនធឺណិត​នៅ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លងកាត់​ព្រំដែន​គោក​ផងដែរ​។ ពួកគេ​ត្រូវតែ​រៀបចំ​អង្គ​បែងចែក​ផ្លូវ​បមាណី និង​គ្រឿង​សម្ភារ​បរិក្ខារ​ពាក់ព័ន្ធ ដើម្បី​ធានា​គុណភាព និង​សុវត្ថិភាព​នៃ​ការតភ្ជាប់​ទៅ​បណ្ដាញ​។ ការតភ្ជាប់ និង​/​ឬ ភៀ​រីង ជាមួយ​ប្រតិបត្តិករ​នៃ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ និង​អន្តរជាតិ​ផ្សេងទៀត និង​ដើម្បី​ប្រតិបត្តិការ​ជាមួយ MPTC និង TRC ព្រមទាំង​អាជ្ញាធរ​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​បន្ទាន់ ដើម្បី​បង្ក្រាប និង​កាត់ផ្ដាច់​រាល់​ការតភ្ជាប់​បណ្ដាញ​ណាមួយ​ដែល​ប៉ះពាល់​ដល់​ប្រាក់ចំណូល​ជាតិ សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម​។​ល​។​»​។

លោកស្រី សុខ ចិន្តា ប្រធាន​នាយក​ប្រតិបត្តិ មេគង្គណេត (Mekong Net) ដែលជា​ប្រតិបត្តិករ​ផ្ដល់​សេវា​អ៊ីនធឺណិត​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​កម្ពុជា បានឱ្យដឹងថា លោកស្រី​មិនបាន​ដឹង​លម្អិត​ពី​អនុក្រឹត្យ​នេះ​ទេ ប៉ុន្តែ​លោកស្រី​បាន​ចង្អុលបង្ហាញ​ថា វា​នឹងមាន​ប៉ះពាល់​ខ្លះៗ​ដល់​អាជីវកម្ម​របស់​លោកស្រី​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​បានឃើញ​អនុក្រឹត្យ​នៅថ្ងៃនេះ​។ ជាធម្មតា រដ្ឋាភិបាល​ចង់​គ្រប់គ្រង​ច្រកទ្វារ​គឺ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺថា​តើ​រដ្ឋាភិបាល​នឹង​រួមបញ្ចូល​គ្នា ISP ​ទាំងអស់​ដូចម្ដេច ដើម្បីឱ្យ​ស្ថិត​នៅ​ក្រោម​ច្រកទ្វារ​តែមួយ​ជាមួយ​ប្រព័ន្ធ​តែមួយ​។ ខ្ញុំ​គិតថា យើង​នឹងមាន​ការពិភាក្សា​បន្ថែម​ទៀត​លើ​បញ្ហា​នេះ​»​។

យោងតាម​លោកស្រី ចិន្តា ជាធម្មតា​សម្រាប់ ISP មួយ​បាន​នាំចូល​នូវ​ច្រកទ្វារ​ ២ ឬ​ ៣ ដើម្បីឱ្យ​ការតភ្ជាប់​បណ្ដាញ សម្រាប់​អតិថិជន​នៅ​ដំណើរការ នៅពេល​ការតភ្ជាប់​ត្រូវបាន​រំខាន​។ លោកស្រី​បន្តថា​៖ «​នៅពេល​នេះ​ខ្ញុំ​កំពុង​រង់ចាំ​មើល​ការពន្យល់​ពី​ក្រសួង​អំពី​របៀប​ដំណើរការ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​។ សម្រាប់​ពួកយើង​ប្រសិនបើ​យើង​បាត់បង់​ការតភ្ជាប់​មួយ យើង​អាច​មាន​ការតភ្ជាប់​មួយចំនួន​ទៀត ដើម្បី​ធានា​ដំណើរការ​អាជីវកម្ម​របស់​យើង​សម្រាប់​អតិថិជន​»​។

លោក ប៉ា ចាន់រឿន ប្រធាន​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​ប្រជាធិបតេយ្យ​ដែល​បាន​បង្ហោះ​អនុក្រឹត្យ​នេះ​នៅលើ​ហ្វេសប៊ុក​ផ្ទាល់​របស់លោក និង​បានសរសេរថា អនុក្រឹត្យ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​វា​អាច​នឹង​ក្លាយជា​យន្តការ​ច្បាប់​មួយ​សម្រាប់​ការការពារ​សង្គម និង​សន្ដិសុខ​របស់​ប្រទេសជាតិ​ផងដែរ​។

លោក​បាន​សរសេរ​ថា​៖ «​បើ​អនុវត្តតាម​បច្ចេកទេស អនុក្រឹត្យ​ស្តីពី​ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​នេះ​នឹង​ក្លាយជា​យន្តការ​ផ្នែក​ច្បាប់​ដើម្បី​ថែរក្សា និង​ការពារ​សន្តិសុខ និង​សុវត្ថិភាព​នៃ​ការប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​។ ប៉ុន្តែ​បើ​វា​ត្រូវបាន​ប្រើប្រាស់​ផ្នែក​នយោបាយ វា​នឹង​ក្លាយជា​ឧបករណ៍​ដើម្បី​រឹតត្បិត​សិទ្ធិ និង​ប្រជាធិបតេយ្យ​ឌីជីថល (digital democracy)»​។

លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ឱ្យដឹង​នៅក្នុង​កិច្ចប្រជុំ​មួយ​ស្ដីពី​សេចក្ដីព្រាង​អនុក្រឹត្យ​នេះ​កាលពី​ខែសីហា ឆ្នាំមុន ថា អនុក្រឹត្យ​នេះ​មាន​គោលបំណង​កៀរគរ​ប្រាក់ចំណូល​ជាតិ និង​បង្កើនល្បឿន​អ៊ីនធឺណិត និង​ការតភ្ជាប់​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បន្តថា ប្រតិបត្តិករ​នានា ត្រូវ​ប្រកាស​មួយ​ស្ដីពី​គុណភាព​សេវា​នឹងត្រូវ​ផ្ដល់ និង​បញ្ជាក់ថា តម្លៃ​ការតភ្ជាប់​នឹង​ទាប​។

យោងតាម​ទិន្នន័យ​បាន​ពី TRC ចំនួន​អ្នក​ជាវ​ទូរស័ព្ទ​ចល័ត​ដ៏សកម្ម​នៅក្នុង​ប្រតិបត្តិករ​ទាំង​ ៦ ​របស់​ប្រទេស​កម្ពុជា​មាន​ចំនួន ២០ ៤៨១ ០៥១ គិត​ត្រឹម​ចុងខែ​ឧសភា ឆ្នាំមុន​។ ចំនួន​អ្នក​ជាវ​អ៊ីនធឺណិត​ចល័ត​នៅក្នុង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាំង​ ៧ ​របស់​ប្រទេស​កម្ពុជា ក៏បាន​កត់ត្រា​ក្នុង​ចំនួន ២,៣៦ ​ភាគរយ ធ្លាក់​ចុះ​មក​នៅត្រឹម ១៤ ៨៦៣ ៤៣៥ ចំណែកឯ​ការជាវ​អ៊ីនធឺណិត​ខ្សែ​នៅក្នុង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទាំង​ ៣៧ របស់​ប្រទេស​កម្ពុជា​បាន​កត់ត្រា​ចំនួន​ ៣៣,០៧ ​ភាគរយ កើនឡើង​ដល់ ២៤៩,១៣២៕ LA