ភ្នំពេញ៖ កម្ពុជា​គ្រោង​នឹង​ធ្វើ​ការ​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ប្រទេស ​ទីម័រ​ខាង​កើត​ ក្នុង​ខែ​ឧសភា​ខាង​មុខ​ ដែល​ជា​ទីផ្សារ​ថ្មី​​របស់​កម្ពុជា ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​ទីផ្សារ​ដែល​កំពុង​កើន​ឡើង​ក្នុង​ប្រទេស​នេះ​ចំពេល​មាន​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-​១៩​​។ ​​នេះ​បើ​យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

លោក ហ៊ុន ឡាក់ ប្រធាន​ក្រុម​​ប្រឹក្សា​ភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ប្រទេស ​ទីម័រ​ខាង​កើត ​បាន​ស្នើ​សុំ​ទិញ​អង្ករ​ពី​កម្ពុជា​​ដើម្បី​ទប់ស្កាត់​ការ​ខ្វះខាត​ស្បៀង​ដោយសារ​​ជំងឺ​កូវីដ ​១៩​។

លោក​បន្ត​ថា ការ​ស្នើសុំ​ទិញ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ​​កាល​ពី​​ថ្ងៃ​សុក្រ រវាង​​ភាគី​កម្ពុជា​ដែល​​មាន​ក្រុមហ៊ុន​ហ្គ្រីន​ត្រេដ​នៃ​ក្រសួង​ពាណិជ្ជកម្ម សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​ជាមួយ​​នឹង​លោក Ermenegildo Kupa Lopes ​អគ្គ​រដ្ឋទូត​សាធារណ​រដ្ឋ​ទីម័រ​ខាង​កើត​ប្រចាំ​នៅ​កម្ពុជា។

លោក ហ៊ុន​ ឡាក់ បាន​បន្ត​ថា ភាគី​​ទីម័រ​ខាង​កើត​មិន​ទាន់​បាន​បញ្ជាក់​ពី​បរិមាណ​អង្ករ​ដែល​ត្រូវ​នាំចេញ​ពី​កម្ពុជា​នៅ​ឡើយ​ទេ​ ក៏​ប៉ុន្តែ​ភាគី​ទីម័រ​នឹង​ផ្ញើ​លិខិត​ផ្លូវ​ការ​មួយ​មក​កម្ពុជា​ ដើម្បី​បញ្ជាក់​ពេល​វេលា​បរិមាណ និង​ប្រភេទ​អង្ករ​។​

លោក​ថ្លែង​ថា៖ ​«យើង​​អាច​ធ្វើ​​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ទីម័រ​ខាង​កើត​ក្នុង​អំឡុង​ខែ​ឧសភា​ខាង​មុខ​នេះ​។ ខ្ញុំ​គិត​ថា ​ក្នុង​​​ជំហាន​ដំបូង ​យើង​អាច​នាំចេញ​អង្ករ​ទៅ​ទីម័រ​ ក្នុង​តម្លៃ​​ប្រហែល ​១០ ​​លាន​ដុល្លារ»។​

លោក​បញ្ជាក់​ថា៖ ​«​ឆ្លើយ​តប​​នឹង​សំណើ​របស់​ប្រទេស ​ទីម័រ​ខាង​កើត ​នេះ កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​ភាគី​ទីម័រ​បញ្ជូន​លិខិត​ជា​ផ្លូវ​​ការ​តាមរយៈ​​ក្រសួង​ការ​បរទេស​​កម្ពុជា​ ដោយ​បញ្ជាក់​ពី​បរិមាណ​ រយៈ​ពេល​នៃ​ការ​ផ្គត់ផ្គង់​ និង​លក្ខខណ្ឌ​ផ្សេង​ទៀត រួម​មាន​ការ​វេច​ខ្ចប់​ ការ​ដឹក​ជញ្ជូន​ និង​ប្រភេទ​អង្ករ​ជាដើម​»។

លោក​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​ព្រម​ទាំង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ស្វែង​រក​ទីផ្សារ​ថ្មី​បន្ថែម​ទៀត ខណៈ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស ​ចិន អឺរ៉ុប ម៉ាឡេស៊ី សិង្ហបុរី និង​​ហុងកុង ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​​ត្រីមាស​ទី១​ ឆ្នាំ​ ​២០២០​ នេះ​។

លោក​បញ្ជាក់​ថា៖ «យើង​សង្ឃឹម​ថា ការ​នាំចេញ​អង្ករ​ឆ្នាំ​នេះ​​នឹង​មាន​​​បរិមាណ​កើន​ឡើង​ជាង​​ឆ្នាំ​មុន​ ខណៈ​​​​អង្ករ​នាំចេញ​មាន​តម្លៃ​ល្អ​ជាង​ឆ្នាំ​មុន​ៗ រីឯ​​តម្លៃ​ស្រូវ​ទិញ​ពី​កសិករ​ក៏​មាន​តម្លៃ​ខ្ពស់​សមរម្យ​​ផង​ដែរ»។

បើ​តាម​លោក ហ៊ុន ឡាក់ ប្រទេស ​ទីម័រ​ខាង​កើត ​មិន​ធ្លាប់​ទិញ​អង្ករ​ពី​កម្ពុជា​​ទេ​នា​ពេល​កន្លង​មក​​។ លោក​និយាយ​ថា ការ​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​​នេះ ដោយសារ​ប្រទេស ​វៀតណាម ​ដែល​​ជា​ប្រទេស​នាំ​ចេញ​ច្រើន​ទៅ​​ប្រទេស​នេះ​បាន​កាត់​បន្ថយ​​ការ​នាំចេញ​អង្ករ​​ ដើម្បី​ទប់ស្កាត់​​​បញ្ហា​កង្វះ​ខាត​ស្បៀង ​ខណៈ​ការ​រាត​ត្បាត​ជំងឺ​កូវីដ ​១៩។

របាយការណ៍​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ បង្ហាញ​ថា​ ការ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​សម្រេច​បាន​ ២៣០ ៩៤៨ តោន ដែល​​មាន​តម្លៃ​ ១៦១ ​លាន​ដុល្លារ​ ក្នុង​រយៈពេល ​៣​ ​ខែ​ដំបូង ​ឆ្នាំ ​២០២០ កើន ​៣៥,២០ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​​ពី​ឆ្នាំ​មុន​។​ ក្នុង​នោះ​ការ​នាំចេញ​ទៅ​ប្រទេស ​ចិន​ មាន​ចំនួន ១០១ ៣៤៥ ​តោន ​ទៅ​តំបន់​អឺរ៉ុប ៧០ ០៤០ ​តោន ខណៈ​ការ​នាំចេញ​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន ២៨ ៧៩៩ ​តោន​ និង​ទិសដៅ​នាំចេញ​ផ្សេង​ទៀត​មាន​ ៣០ ៧៦៤ ​តោន។​

ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​ បាន​ចំនួន ៦២០ ១០៦ ​តោន​​កាល​ពី​ឆ្នាំ ​២០១៩ ធ្លាក់​ចុះ​ ០,៩៧ ​ភាគរយ​​បើ​ធៀប​នឹង​ឆ្នាំ ​២០១៨៕ LA