ភ្នំពេញៈ កម្ពុជារំពឹងថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយចក្រភពអង់គ្លេសនឹងកាន់តែប្រសើរ ខណៈការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (EU) នឹងធ្វើឲ្យការចរចាពាណិជ្ជកម្មកាន់តែមានភាពងាយស្រួល។ នេះបើយោងតាមមន្ត្រីពាណិជ្ជកម្មកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់ក្រសួងពាណិជ្ជកម្ម» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា បើទោះបីកម្ពុជានៅមិនទាន់មានកិច្ចព្រមព្រៀង ឬការចរចាផ្នែកពាណិជ្ជកម្មទ្វេភាគីជាមួយនឹងចក្រភពអង់គ្លេសក៏ដោយ ប៉ុន្តែកម្ពុជាសង្ឃឹមថា ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបនឹងផ្តល់ភាពវិជ្ជមានបន្ថែមទៀតសម្រាប់កម្ពុជាក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារអង់គ្លេស។
លោកថ្លែងថា៖ «មុនពេលអង់គ្លេសចាកចេញពី EU គ្រប់ការសម្រេចគឺត្រូវតែធ្វើរួមគ្នា ដូច្នេះបើ EU កំណត់បែបណាចំពោះ EBA នៅកម្ពុជា អង់គ្លេសក៏ត្រូវតែធ្វើបែបនោះដែរ»។ លោកបន្តថា៖ «យើងសង្ឃឹមថាប្រទេសអង់គ្លេសដែលដកខ្លួនចេញផុតពី EU នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែល្អប្រសើរ»។
ចក្រភពអង់គ្លេសបានដើរចេញពីសមាជិកសហភាពអឺរ៉ុបដោយខ្លួនឯងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២០ ដែលមានន័យថា អង់គ្លេសគឺមិនជាប់ទាក់ទងទៅនឹងសម្រេចរបស់គណៈកម្មការអឺរ៉ុបទាក់ទងនឹងការកំណត់រឿង EBA សម្រាប់ប្រទេសកម្ពុជាឡើយ។
យោងតាមលោក ស៊ាង ថៃ ក្នុងចំណោមការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបកាលពីឆ្នាំ ២០១៩ ទីផ្សារអង់គ្លេសមានចំណែកជាង ១ ពាន់លានដុល្លារ។ សហភាពអឺរ៉ុបនឹងប្រកាសពីការសម្រេចរបស់ខ្លួនពីរឿង EBA សម្រាប់ប្រទេសកម្ពុជានៅថ្ងៃទី ១២ ខែកុម្ភៈ សប្តាហ៍ក្រោយ។
របាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ មានតម្លៃសរុប ១០,៩ ពាន់លានដុល្លារក្នុងនោះប្រទេសអង់គ្លេសឈរនៅលេខរៀងទី ៥ ដែលមានចំនួន ៧ ភាគរយដោយតាមពីក្រោយសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ និងប្រទេសចិន។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាននិយាយថា អង់គ្លេសជាប្រទេសធំមានសេដ្ឋកិច្ចរឹងមាំ និងជាទីផ្សារធំរបស់កម្ពុជា ដូច្នេះបើប្រទេសនេះទទួលយកទំនិញកម្ពុជាបន្ថែមបន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប វាជាការល្អណាស់។
លោកបានបន្តថា តាមស្ថានភាពបច្ចុប្បន្នការនាំទំនិញពីកម្ពុជាទៅកាន់ប្រទេសអង់គ្លេសនឹងកើនឡើងជាបន្តបន្ទាប់ ពិសេសផលិតផលកាត់ដេរ។ លោកថ្លែងថា៖ «កន្លងមកអង់គ្លេសធ្លាប់បានសន្យាជាមួយថ្នាក់ដឹកនាំកម្ពុជាថា ទោះបីខ្លួនចាកចេញពី EU ក៏ដោយ ក៏ខ្លួននៅបន្ត និងពង្រឹងការបង្កើនទំហំពាណិជ្ជកម្មកម្ពុជាឲ្យមានទំហំកាន់តែធំបន្ថែមទៀត»។
បើតាមលោក លឹម ហេង វិស័យមួយចំនួនដែលវិនិយោគិនអង់គ្លេសកំពុងបណ្តាក់ទុននៅកម្ពុជាមានដូចជា រោងចក្រកាត់ដេរស្បែកជើង គ្រឿងអគ្គិសនី និងរោងចក្រផលិតបារីជាដើម។
ទោះបីយ៉ានេះក្តីលោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានប្រាប់ថា អង់គ្លេសគឺជាទីផ្សារធំជាងគេនៅអឺរ៉ុបសម្រាប់ផលិតផលកាត់ដេរកម្ពុជាស្រាប់ទៅហើយ ដូច្នេះការចាកចេញ ឬមិនចាកចេញពី EU ហាក់នឹងមិនមានអ្វីប្រែប្រួលនោះទេសម្រាប់វិស័យកាត់ដេរ។ លោកនិយាយថា៖ «ខ្ញុំគិតថា ការចាកចេញនេះនឹងមិនមានអ្វីផ្លាស់ប្តូរច្រើនទេ»។
ទិន្នន័យពីសមាគមរោងចក្រកាត់ដេរកម្ពុជាបានបង្ហាញថាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ កម្ពុជាបាននាំចេញសម្លៀកបំពាក់ទៅកាន់ទីផ្សារសហភាពអឺរ៉ុបក្នុងតម្លៃ ២ ៥៨៤ លានដុល្លារក្នុងនោះទីផ្សារអង់គ្លេសមានចំនួន ៥៨៤ លានដុល្លារ។
លោក វង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចកាលពីសប្តាហ៍មុនបានឲ្យដឹងថា សហភាពអឺរ៉ុបនឹងហូតពន្ធ ២០ ភាគរយមួយផ្នែកលើសម្លៀកបំពាក់ និង ៣០ ភាគរយលើផលិតផលស្បែកជើងពីប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ផ្អែកលើការគណនារបស់យើង ការដកមួយផ្នែកនៃ EBA នឹងប៉ះពាល់លើការនាំចេញរបស់យើងមានតម្លៃ ៥០០ លានដុល្លារនេះគឺជាព័ត៌មានក្រៅផ្លូវការ»៕ LA