ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃអង្គារបានជំរុញឲ្យមេដឹកនាំនៃបណ្តាប្រជាជាតិអាស៊ានត្រូវគិតគូរជាយុទ្ធសាស្ត្រក្នុងការស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ១៩ ត្រូវបានបញ្ចប់។
ថ្លែងតាមរយៈ video conference នៃកិច្ចប្រជុំកំពូលពិសេសអាស៊ានស្ដីពីកូវីដ១៩ ជាមួយរដ្ឋជាសមាជិកទាំង ១០ ផ្សេងទៀតលោក ហ៊ុន សែន បានឲ្យដឹងថា ជាការពិតផលប៉ះពាល់ពីកូវីដ១៩ បានមកដល់លឿន និងមានទំហំធំ ហើយកំពុងរីករាលដាលពីវិស័យមួយទៅកាន់វិស័យមួយទៀត។
ជាក់ស្ដែងការរីករាលដាលរបស់កូវីដ ១៩ កំពុងបង្កឲ្យមានផលប៉ះពាល់ខ្លាំងដល់ការអភិវឌ្ឍអាស៊ានជារួមមិនត្រឹមតែលើប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏បានប៉ះពាល់ដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនទូទៅ។
លោកថ្លែងថា៖ «កម្ពុជាយល់ថា អាស៊ានត្រូវតែពន្លឿនការអនុវត្តផែនការ និងយុទ្ធសាស្ត្រនានាដែលមានស្រាប់ឲ្យបានលឿនក៏ដូចជាការជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ លុបបំបាត់របាំងមិនមែនពន្ធ និងបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម»។
លោកបន្ថែមថា៖ «យើងក៏ត្រូវជំរុញការអនុវត្ត គំនិតផ្តួចផ្ដើមនានាសម្រាប់សមាហរណកម្មអាស៊ានដោយផ្តោតលើ ការលើកកម្ពស់សហគ្រាស មីក្រូ តូច និងមធ្យម (MSME) និងការបង្កើតធុរកិច្ចថ្មីផ្អែកលើនវានុវត្តន៍បច្ចេកវិទ្យា ការលើកកម្ពស់កិច្ចសហការរវាងវិស័យឯកជន និងសាធារណៈនៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស និងជំនាញវិជ្ជាជីវៈឌីជីថល»។
យោងតាមចក្ខុវិស័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ីឆ្នាំ ២០២០ ដែលចេញផ្សាយកាលពីដើមខែមេសា អាស៊ីអាគ្នេយ៍នឹងតាមដានសាធារណរដ្ឋប្រជាមានិតចិន (PRC) ដោយនឹងបន្ថយល្បឿនកំណើនមកនៅត្រឹម ១ ភាគរយក្នុងឆ្នាំ ២០២០ នេះ។ ប្រទេសទាំងអស់នៅក្នុងអនុតំបន់នឹងទទួលរងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២០ ដោយសារកូវីដ ១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចជាសកល ពិសេសដោយសារតែទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគដ៏រឹងមាំជាមួយ PRC ដែលចុះថយល្បឿន។
ថៃ ជាប្រទេសមានសេដ្ឋកិច្ចឈានមុខគេទី ២ នៅក្នុងអនុតំបន់ទំនងជានឹងធ្លាក់ចុះ ៤,៨ ភាគរយនៅឆ្នាំនេះ ដែលបន្តធ្លាក់ចុះជាប្រចាំក្នុងរយៈពេលជាច្រើនឆ្នាំថ្មីៗនេះ។ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរបស់ប្រទេស ម៉ាឡេស៊ី និងសិង្ហបុរីនឹងធ្លាក់ចុះជិតដល់សូន្យក្នុងឆ្នាំ ២០២០។ នេះបើតាមចក្ខុវិស័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ីឆ្នាំ ២០២០ ។
ប្រទេស ឥណ្ឌូនេស៊ី នឹងមើលឃើញការធ្លាក់ចុះយ៉ាងខ្លាំងដូចប្រទេសហ្វីលីពីនដែរ។ រីឯកំណើនសេដ្ឋកិច្ចនៅប្រទេស វៀតណាម ត្រូវបានព្យាករថានឹងថមថយល្បឿនយ៉ាងខ្លាំង ប៉ុន្តែនៅតែជាប្រទេសរឹងមាំតែមួយគត់នៅក្នុងអនុតំបន់។
ជាមួយនឹងបណ្ដាប្រទេសភាគច្រើនចុះខ្សោយ និងការធ្លាក់ចុះតម្លៃប្រេងលើពិភពលោក អតិផរណាអនុតំបន់គួរតែស្ថិតក្នុងចំនួន ១,៩ ភាគរយប៉ុណ្ណោះក្នុងឆ្នាំ ២០២០ និង ២,២ ភាគរយក្នុងឆ្នាំ ២០២១។
ADB បានព្យាករថា កំណើនពិតរបស់ប្រទេសកម្ពុជាមានចំនួន ២,៥ ភាគរយ នៅក្នុងឆ្នាំ ២០២០ ប៉ុន្តែនឹងស្ទុះងើបឡើងវិញដល់ ៥,៩ ភាគរយ ក្នុងឆ្នាំ ២០២១ ស្ថិតក្រោមសេណារីយោមូលដ្ឋាន។
ធនាគារអភិវឌ្ឍន៍អាស៊ីបានបន្តថា៖ «ការថមថយល្បឿនត្រូវបានរងផលប៉ះពាល់ជាសំខាន់ដោយសារការរីករាលដាលជំងឺថ្មី (កូវីដ ១៩) ដែលបណ្ដាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះនៅក្នុងប្រទេសអភិវឌ្ឍន៍សំខាន់ៗ និងសាធារណរដ្ឋប្រជាមានិតចិន (PRC) ហើយប្រទេសនេះក៏បានកាត់បន្ថយការវាយតម្លៃទីផ្សារនាំចេញផងដែរ»៕ LA