The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​ខាត​បង់​$៥០​លាន​ពី​ការ​លួច​ចម្លង​

កម្ពុជា​ខាត​បង់​$៥០​លាន​ពី​ការ​លួច​ចម្លង​

កម្ពុជា​ខាត​បង់​$៥០​លាន​ពី​ការ​លួច​ចម្លង​

ភ្នំពេញៈ ប្រទេស​កម្ពុជា​បាន​ខាត​បង់​ប្រាក់​ចំណូល​ប្រមាណ​៥០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ពី​ការ​លួច​ម្លង​កម្មវិធី​Software ហើយ​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ​លើក​ឡើង​ថា​កំពុង​តែ​ប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស។

លោក ភីលី វុង ប្រធាន​សមាគម​ធុរៈ​បច្ចេក​វិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​បាន​មាន​ប្រសាសន៍​ថា software ប្រមាណ​៩៥ ភាគ​រយ​ដែល​កំពុង​ប្រើ​ប្រាស់​នៅ​កម្ពុជា​គឺ​ជា Software លួច​ចម្លង ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ​ផ្នែក Software ហើយ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ត្រូវ​ចំណាយ​ច្រើន​សម្រាប់​ការ​ការពារ​ទិន្នន័យ​របស់​ខ្លួន​និង​ការ​ខាត​បង់​ចំណូល​ពន្ធ​របស់​រដ្ឋាភិបាល​ផង​ដែរ។ លោក​បន្ត​ថា​គ្រប់​ការ​ខាត​បង់​រួម​បញ្ចូល​គ្នា​មាន​ជា​ទឹក​ប្រាក់​ចំនួន​ប្រមាណ​៥០លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។

លោក ភីលីវុង បាន​បញ្ជាក់​បន្ថែម​ថា៖ «វា​មិន​មែន​ជា​ការ​ខាត​បង់​តែ​លើ​អ្នក​ដំឡើង​Software ប៉ុណ្ណោះ​ទេ​តែ​វា​ក៏​បាន​ប៉ះ​ពាល់​ដល់​អ្នក​ចែក​ចាយ​ផលិត​ផល​ទាក់​ទង​នឹង IT ពិសេស​ចំណូល​ពន្ធ​របស់​រដ្ឋាភិបាល​។​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​ដំឡើង​កម្មវិធី​កុំព្យូទ័រ​ក៏​បាត់​បង់​ឱកាស​ក្នុង​ការ​បង្កើត​កម្មវិធី​ថ្មី​បន្ថែម​ផង​ដែរ​»។

លោក សុខ យ៉េង ប្រធាន​ផ្នែក​បច្ចេកទេស និង​ជា​ស្ថាបនិក​ក្រុមហ៊ុន និបប្រូ កម្ពុជា NEPRO Cambodia ដែល​ជំនាញ​ខាង​ដំឡើង​ការ​ពារ និង​ជួស​ជុល​ប្រព័ន្ធ​កុំព្យូទ័រ​បាន​ឲ្យ​ដឹង​ថា​ស្ថានភាព​នៃ​ការ​អភិឌ្ឍ​សេដ្ឋកិច្ច និង​ស្ថានភាព​ជីវភាព​របស់​ប្រជាជន​តែង​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​។ លោក​បាន​លើក​ឡើង​ថា​ក្រុមហ៊ុន​ក្នុង​ស្រុក​ជា​ច្រើន​បាន​យល់​ដឹង​ពី​ផល​លំបាក​ក្នុង​ការ​ប្រើ​ប្រាស់ Software លួច​ចម្លង​ប៉ុន្តែ​ពួកគេ​មាន​ភាព​លំបាក​ក្នុង​ការ​ចំណាយ​ទៅ​លើ​ផលិត​ផល​នោះ​។ លោក​បាន​បន្ត​ថា៖ «តម្លៃ software ដែល​មាន​អាជ្ញា​ប័ណ្ណ​ត្រឹម​ត្រូវ​មាន​តម្លៃ​ថ្លៃ​ណាស់​បើ​ប្រៀប​ធៀប​នឹង​ចំណូល​ក្នុង​ស្រុក​របស់​ប្រជាជន​យើង​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប្រជាជន​ជា​ច្រើន​ពិបាក​នឹង​ចំណាយ​លុយ​ដើម្បី​ទិញ​»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក​សង្កេត​ឃើញ​ថា​និន្នាការ​នៃ​ការ​ប្រើ​ប្រាស់​ផលិតផល​ដែល​មាន​អាជ្ញា​ប័ណ្ណ​ត្រឹម​ត្រូវ​ហាក់​កំពុង​កើន​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​ពិសេស​ក្នុង​ចំណោម​ក្រុមហ៊ុន​វិនិយោគ​បរទេស​និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​សហការ​វិនិយោគ​ជាមួយ​បរទេស។

លោក លីម ផាណ្ណា ទី​ប្រឹក្សា​ក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា​បើ​ទោះ​បី​ជា​ប្រទេស​យើង​ស្ថិត​ក្នុង​ប្រទេស​ក្រី​ក្រ​ក៏​ដោយ​ក៏​យើង​គួរ​ព្យាយាម​គោរព​ច្បាប់​កម្ម​សិទ្ធិ​បញ្ញា​ទាំង​អស់​គ្នា​ព្រោះ​ថា​បើ​ពុំ​ដូច្នោះ​ទេ​នឹង​មិន​មាន​ការ​ច្នៃ​ប្រឌិត​ឬ​ការ​បង្កើត​ថ្មី​ផង​ដែរ ហើយ​នេះ​ក៏​នឹង​ប៉ះ​ពាល់​ដល់​កេរិ៍្ត​ឈ្មោះ​របស់​ប្រទេស​។

លោក​បាន លើក​ឡើង​នៅ​ចំពោះ​មុខ​ម្ចាស់​ហាង​លក់​កុំព្យូទ័រ​ប្រហែល ២០០​នាក់ ដែល​បាន​ចូល​រួម​សន្និ​សីទ​ទាក់​ទង​នឹង​ការ​ប៉ះ​ពាល់​នៃ​ការ​ប្រើ​ប្រាស់ software ថត​ចម្លង កាល​ពី​ម្សិល​មិញ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ថា​៖ «​ក្រសួង​ពាណិជ្ជកម្ម​នឹង​ចាត់​វិធាន​ការ​ចំា​បាច់​គ្រប់​បែប​យ៉ាង​ដើម្បី​លើក​កម្ពស់​ច្បាប់​»។

លោក ភីលី វុង ឲ្យ​ដឹង​ថា​បើ​ការ​អនុវត្ត​ច្បាប់​មិន​រឹង​មាំ ការ​ប្រើ software ថត​ចម្លង​នឹង​នៅ​បន្ត​កើន​ឡើង។ លោក​បន្ត​ថា ៖​«​បើ​អ្នក​បើក​ហាង​លក់​គ្រឿង​អលង្ការ​ហើយ​អ្នក​មិន​បាន​ចាក់​សោ​ទ្វារ​ដោយ​ទុក​ចំហ​វា​ចោល​ពេល​យប់​នោះ​នឹង​មាន​ចោរ​ចូល​មក​លួច​របស់​មាន​តម្លៃ​របស់​អ្នក​»​៕

អត្ថបទគួរចាប់អារម្មណ៍