
ភ្នំពេញៈ តាមការវិភាគចំណាក់ថ្នាក់របស់វេទិកាសេដ្ឋកិច្ចសកលបានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ខ្ពស់ជាង មីយ៉ាន់ម៉ា បើគិតពីភាពប្រកួតប្រជែងសកលខាងផ្នែកផលិតភាព។
ការវិភាគបង្ហាញថា សិង្ហបុរី មានធនធានច្រើនជាងប្រទេស មីយ៉ាន់ម៉ា ៨០ ដង ហើយប្រជាជនមានអាយុវែងជាងប្រជាជនកម្ពុជា ២០ ឆ្នាំ។ មីយ៉ាន់ម៉ា មានចំណាត់ថ្នាក់ក្រោមកម្ពុជា ៥០ លេខ។
របាយការណ៍ភាពប្រកួតប្រជែងសកលប្រចាំឆ្នាំចេញផ្សាយកាលពីម្សិលមិញបានប្រើប្រាស់កត្តាផ្សេងៗគ្នាដើម្បីផ្ដល់លំដាប់ថ្នាក់ឲ្យប្រទេសនានាផ្អែកលើកម្រិតផលិតភាពរបស់ខ្លួន។ ប៉ុន្តែក៏បានសម្លឹងមើលពីនិន្នាការសេដ្ឋកិច្ច និងដំណើរការពិតនៅក្នុងតំបន់ផងដែរ។ តាមរយៈវិធានការនោះសមាជិកប្រទេសអាស៊ាន ១០ គឺនៅដាច់តែឯង។
របាយការណ៍សរសេរថា៖ «ទោះបីជាសេដ្ឋកិច្ចអាស៊ានបានទទួលកំណើនសេដ្ឋកិច្ចខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកក៏ដោយក៏មូលដ្ឋានសំខាន់នៅតែមានភាពរង្គោះរង្គើដល់ប្រទេសជាច្រើន។ គម្លាតនៃការអភិវឌ្ឍក្នុងតំបន់អាស៊ានកំពុងធ្វើឲ្យ មានចំណាប់អារម្មណ៍ខ្លាំង។ មិនមានគំនិតផ្ដួចផ្ដើមធ្វើសមាហរណកម្មតំបន់ផ្សេងទៀតដែលបានធ្វើឲ្យមានភាពខុសគ្នាកាន់តែខ្លាំងទេ»។
អាស៊ាន គ្រោងបង្កើតសហគមន៍សេដ្ឋកិច្ចនៅឆ្នាំ ២០១៥។លោក Grant Knuckey អគ្គនាយកធនាគារ ANZ Royal បានថ្លែងថា ទោះជាសហគមន៍សេដ្ឋកិច្ចនេះបានគ្រោងហើយក៏ដោយ ក៏មិនដូចសហភាពអឺរ៉ុបដែរដោយសារអាស៊ានមិនមានរូបិយប័ណ្ណតែមួយ។
លោកបន្តថា៖ «ប្រការនេះមិនមានន័យថានឹងគ្មានបញ្ហាដោយមានភាពខុសគ្នារវាងដំណាក់កាលអភិវឌ្ឍន៍របស់ប្រទេសសហគមន៍សេដ្ឋកិច្ចអាស៊ាននោះទេ»។ លោកបន្ថែមថា៖ «បញ្ហាសក្ដានុពលតែមួយគឺថា ការអភិវឌ្ឍឧស្សាហកម្ម និងក្រុមហ៊ុនក្នុងស្រុកទទួលបានការរុញច្រានដោយក្រុមហ៊ុនជាច្រើនមកពីប្រទេសអភិវឌ្ឍន៍ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ នេះអាចរារាំងដល់ការអភិវឌ្ឍក្នុងចំណោមការប្រកួតប្រជែងក្នុងស្រុក»។
លោក Hiroshi Suzuki ប្រធានវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកម្ពុជានិយាយថាភាព ខុសគ្នាជាការរួមបញ្ចូលគ្នានៃការទទួលផលប្រយោជន៍និងការធ្វើឲ្យខូចប្រយោជន៍។
លោកបន្ថែមថា៖ «បាទ! កម្ពុជាមិនទាន់បានអភិវឌ្ឍដូចប្រទេស សិង្ហបុរី នៅឡើយទេ។ ប៉ុន្តែតាមរយៈកម្រិតនៃការអភិវឌ្ឍកំពុងចាប់ផ្ដើមនៅកម្ពុជា វិនិយោគផ្ទាល់ពីបរទេសជាច្រើនអាចទទួលបានតម្លៃពលកម្មទាប។ បើអ្នកមានរោងចក្រប្រើកម្លាំងពលកម្មច្រើននៅប្រទេស សិង្ហបុរី តើអ្នកអាចធ្វើការប្រកួតប្រជែងជាមួយរោងចក្រនៅកម្ពុជាដូចម្ដេចបាន»។
របាយការណ៍ឲ្យដឹងថា ការបារម្ភពីការកំណត់ពេលនៅឆ្នាំ ២០១៥ សម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ដែលជាទីផ្សារតែមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដូចគ្នានឹងសហភាព អឺរ៉ុប អាចជំរុញគោលនយោបាយមេដឹកនាំឲ្យផ្ដោតលើការបង្កើនការប្រកួតប្រជែងក្នុងតំបន់នេះ ដែលនឹងកាត់បន្ថយភាពខុសគ្នា និងបង្កើនល្បឿនធ្វើសមាហរណកម្មលើពិភពលោក និងក្នុងតំបន់ ដែលជាទិសដៅផ្សេងទៀតរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។ គោលនយោបាយសមាហរណកម្មសេដ្ឋកិច្ចអាស៊ានសម្រេចបានប្រហែលជា ៨០ ភាគរយហើយ។
របាយការណ៍ដដែលបង្ហាញថា កម្ពុជាទទួលបានលំដាប់ថ្នាក់ ទី៨៨ ក្នុងចំណោមប្រទេសចំនួន ១៤៨ ដែលធ្លាក់ចុះបន្តិចពីលំដាប់ទី ៨៥ កាលពីឆ្នាំទៅ។
យោងតាមរបាយការណ៍នេះអំពើពុករលួយគឺជាបញ្ហាចម្បងក្នុងការធ្វើអាជីវកម្ម៕ PB