
ភ្នំពេញៈ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងកាលពីថ្ងៃចន្ទថា បណ្ដាប្រទេសមានប្រាក់ចំណូលទាបនៅអាស៊ី ដូចជា កម្ពុជា គួរតែរក្សាស្ថិរភាពនយោបាយដើម្បីចាប់យកសក្ដានុពលកំណើនពីប្រទេស អភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ដែលកំពុងនាំមុខកំណើនសេដ្ឋកិច្ចពិភពលោក។
លោក Takehiko Nakao ប្រធានទើបនឹងជាប់ឆ្នោតថ្មីរបស់ ADB បាននិយាយក្នុងអំឡុងការពិភាក្សានៅក្នុងវេទិកាហិរញ្ញវត្ថុអាស៊ី ស្ដីពី «អាស៊ីៈ ផ្ដល់អំណាចដល់កំណើនសេដ្ឋកិច្ចពិភពលោក» ដែលត្រូវបានចូលរួមដោយប្រធានក្រុមហ៊ុនពាណិជ្ជកម្មជាង ២ ៣០០ នាក់ ក្រុមអ្នកជំនាញសេដ្ឋកិច្ច មន្ដ្រីរដ្ឋាភិបាលជាន់ខ្ពស់មកពីជុំវិញពិភពលោកនៅក្នុងទីក្រុង ហុងកុង ថា បណ្ដាប្រទេសអាស៊ីកំពុងដើរតួនាទីដ៏សំខាន់នៅក្នុងការដឹកនាំ កំណើនសេដ្ឋកិច្ចពិភពលោក ខណៈវានៅតែប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។
លោកនិយាយថា ប្រទេសជាច្រើននៅអាស៊ីបច្ចុប្បន្នកំពុងប្រឈមនឹងសន្ទុះនៃការបោះឆ្នោត។ លោកបន្តថា៖ «និយាយជាទូទៅ មានឱកាសច្រើនសម្រាប់សេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានចំណូលទាបទាំងនេះ។ ដូច្នេះ អភ័យឯកសិទ្ធិមួយសម្រាប់ពួកគេគឺស្ថិរភាពនយោបាយ ខណៈប្រទេសអាស៊ីជាច្រើនពេលនេះមានការបោះឆ្នោតដ៏មានសារៈសំខាន់មួយ។ ដូច្នេះស្ថិរភាពនយោបាយគួរតែជាមូលដ្ឋានមួយក្នុងបណ្ដាប្រទេសអាស៊ីដែលមិនគួរខកខានឱកាសនៃការអភិវឌ្ឍនេះទេ»។
កម្ពុជាបានធ្វើការបោះឆ្នោតទូទៅកាលពីថ្ងៃ ទី២៨ ខែ កក្កដា ឆ្នាំមុន ដែលមានគណបក្សនយោបាយធំៗពីរបានជាប់ឆ្នោត។ ប៉ុន្តែការជាប់គាំងផ្នែកនយោបាយនៅតែមានដោយសារគណបក្ស ប្រឆាំង បានបដិសេធលទ្ធផលនៃការបោះឆ្នោត។
ចាប់តាំងពីពេលនោះមកកម្មករមកពីរោងចក្រកាត់ដេរ និងឧស្សាហកម្មវាយនភ័ណ្ឌដែលមានប្រហែល ៧០ ភាគរយនៃការនាំចេញរបស់ខ្លួន បានធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ១៦០ ដុល្លារក្នុងមួយខែ។ ប៉ុន្តែរដ្ឋាភិបាលបានយល់ព្រមផ្ដល់ ១០០ ដុល្លារដែលនឹងចូលជាធរមាននៅខែ មករា។
លោក Takehiko Nakao បាននិយាយថា មានប្រទេសអាស៊ីជាច្រើននៅតែមាន (ផលិតផលនាំចេញដូចគ្នា) ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា កំពុងចូលដល់ដំណាក់កាលកណ្ដាលនៃការអភិវឌ្ឍនេះដែល ADB បន្តគាំទ្រ។ ប៉ុន្តែលោកថ្លែងថា មានបញ្ហាជាច្រើនដែលបណ្ដាប្រទេសទាំងនេះគួរតែផ្ដោតការយកចិត្តទុកដាក់ទាក់ទងនឹងការសម្លឹងមើលទៅហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទឹកសា្អត ការដឹកជញ្ជូន និងវិស័យជាច្រើនទៀត។ វិស័យទាំងនេះគួរតែមានការគ្រប់គ្រងដ៏ល្អរួមមាននិយតកម្ម។
លោកលើកឡើងថា៖ «ពួកគេគួរតែរក្សាការវិនិយោគ និងការធ្វើពាណិជ្ជកម្មដោយបើកចំហរួមមានការអភិវឌ្ឍនៅតាមជនបទផងដែរ។ ដូច្នេះសេដ្ឋកិច្ចប្រទេសទាំងនេះអាចតាមទាន់ប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ហើយមានឱកាសច្រើនសម្រាប់ធ្វើខណៈប្រជាជនរបស់ពួកគេនៅក្មេង និងកម្លាំងពលកម្មទាប»។
កាលពីខែ តុលា ឆ្នាំ ២០១៣ ADB បានរក្សាការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់ កម្ពុជា ក្នុងកម្រិត ៧,២ ភាគរយនៅឆ្នាំ ២០១៣ ដោយសារតែកំណើននៃការនាំចេញ កំណើននៃការសាងសង់ និងវិស័យសេវាកម្ម។ ក្នុងឆ្នាំ ២០១៤ កំណើនត្រូវបានរំពឹងថានឹងកើនឡើងដល់ ៧,៥ ភាគរយ ដោយសារការកើនឡើងនៅក្នុងប្រទេស អឺរ៉ុប និង អាមេរិក។
ទុនបម្រុងបរទេសរបស់កម្ពុជាសរុបបានកើនឡើង ៩,៩ ភាគរយដល់ ៣,៦ ពាន់លានដុល្លារនៅឆមាស ទី១ ឆ្នាំ ២០១៣ ដែលស្មើនឹងការនាំចូល និងវិស័យសេវាកម្មជាង ៤ខែ៕ PB