
ភ្នំពេញៈ ទិន្នន័យបឋមទទួលបានពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា កម្ពុជាបានប្រមូលផលស្រូវបានជាង ៤ លានតោនត្រឹមថ្ងៃ ទី១១ ខែ ធ្នូ ក្នុងអំឡុងរដូវប្រមូលផលឆ្នាំនេះ។
ទិន្នន័យនេះបានបង្ហាញថា ជាមួយនឹងផ្ទៃដីដាំដុះស្រូវសរុប ២ ៥៦២ ៧៦៤ ហិកតា ផ្ទៃដីប្រហែលជា ១ ៤១៦ ៩៤៥ ហិកតាត្រូវបានប្រមូលផលដោយទទួលបានទិន្នផលស្រូវចំនួន ៤ ១៨៤ ៤៧៨ តោន (ស្មើនឹង ៥៥,២៥ ភាគរយនៃផ្ទៃដីសរុប) ដែលបានកើនឡើងតិចតួចគឺ ០,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទទួលបានផលចំនួន ៤ ១៦៣ ៤៣៦ តោន។
លោក ខឹម ចិន្តា ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនៃក្រសួង កសិកម្ម បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា ទិន្នផលនេះគឺជាទិន្នផលបឋមដែលមិនទាន់បានបញ្ចប់ការប្រមូលផលទាំងអស់នោះទេ។
លោកបន្តថា៖ «តួលេខនេះមិនឆ្លុះបញ្ចាំងពីវិស័យនេះទាំងមូលទេ វាគឺជាលទ្ធផលបឋមដោយសារតែរដូវប្រមូលផលទាំងមូលមិនទាន់បានបញ្ចប់។ ប៉ុន្តែជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាល យើងត្រូវតែធ្វើទិន្នន័យបឋមរយៈពេលពេញមួយឆ្នាំជាមុន»។
លោកបានលើកឡើងថា រដូវប្រមូលផលនេះត្រូវបានចាប់ផ្ដើមចាប់តាំងពីខែ សីហា រហូតដល់ចុងខែ កុម្ភៈ ឆ្នាំក្រោយ។ ម៉្យាងទៀត យើងនៅតែមានសេចក្ដីរីករាយជាមួយនឹងលទ្ធផលបណ្ដោះអាសន្ននេះ។ ខ្ញុំបានអង្កេតឃើញថា យើងនឹងទទួលបានលទ្ធផលយ៉ាងល្អនៅឆ្នាំនេះទោះបីជាយើងមានគ្រោះទឹកជំនន់ដែលបានប៉ះពាល់ដល់តំបន់មួយចំនួនក៏ដោយប៉ុន្តែវាមិនធ្ងន់ធ្ងរនោះទេ។ យើងបានជួបជាមួយមន្ដ្រីខេត្ត និងកសិករក្រោយពីទឹកជំនន់ពួកគេបាននិយាយថា ស្ថានការណ៍ គឺល្អប្រសើរជាងកាលពីឆ្នាំទៅ។
លោក លឹម ប៊ុនហេង ម្ចាស់ក្រុមហ៊ុន Loran Import-Export ដែលជាក្រុមហ៊ុននាំចេញអង្ករមួយក្នុងចំណោមក្រុមហ៊ុននាំចេញអង្ករឈានមុខគេបានយល់ថា ទឹកជំនន់មិនធ្វើឲ្យប៉ះពាល់ដល់លទ្ធផលស្រូវឆ្នាំនេះទេ។ លោកបន្តថា៖ «ខ្ញុំបានឃើញថា បន្ទាប់ពីទឹកជំនន់កសិកររបស់យើងបានចាប់ផ្ដើមបង្កបង្កើនផលភ្លាមៗ។ ដូច្នេះខ្ញុំគិតថា លទ្ធផលរបស់យើងនៅឆ្នាំនេះនឹងមិនទាបជាងកាលពីឆ្នាំមុននោះទេ»។
លោកបន្តថា រហូតមកដល់ពេលនេះលោកបានទិញស្រូវក្រអូបប្រហែល ១០ ០០០ តោនពីកសិករនៅក្នុងខេត្ត ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ សម្រាប់កិនដើម្បីនាំចេញ។
ទិន្នន័យនេះបានបង្ហាញថា ក្នុងចំណោមខេត្ត-ក្រុងទាំង ២៤ ខេត្តដែលបានប្រមូលផលស្រូវគឺខេត្ត ព្រៃវែង ដែលប្រមូលផលបាន ៥៩៧ ៥១៣ តោន លើផ្ទៃដី ៦៧,៣៤ ភាគរយនៃផ្ទៃដីដាំដុះសរុបខេត្ត បាត់ដំបង ៣៨៨ ៦១៣ តោនលើផ្ទៃដី ៤៨,០៤ ភាគរយ ខេត្ត សៀមរាប ៣៥៩ ២៩៥ តោន លើផ្ទៃដី ៧០,៤២ ភាគរយ ខេត្ត តាកែវ ២៩៦ ៩៥៤ តោន លើផ្ទៃដី ៤២,៣២ ភាគរយ ខេត្ត បន្ទាយមានជ័យ ២៩៥ ០៤៨ តោនលើផ្ទៃដី ៤៦,២៨ ភាគរយ ខេត្ត ស្វាយរៀង ២៦១ ៦៤៣ តោនលើកផ្ទៃដី ៥៨,៦២ ភាគរយ ខេត្ត ពោធិសាត់ប្រមូលផលបាន ២២៦ ៩២៨ តោនលើផ្ទៃដី ៦១,៩៦ ភាគរយ ខេត្ត ឧត្តរមានជ័យ ប្រមូលផលបាន ២៤៨ ៥០៨ តោនលើផ្ទៃដី ៩៨,៧៩ ភាគរយ។
លោក ខឹម ចិន្តា សង្ឃឹមថា លទ្ធផលឆ្នាំនេះនឹងខ្ពស់ជាងមុន ដោយសារកសិករបានផ្លាស់ប្តូរគ្រាប់ពូជរបស់ពួកគេទៅប្រើគ្រាប់ពូជល្អដែលក្រសួងបានកំណត់សម្រាប់គ្រាប់ពូជ ១០ ប្រភេទដើម្បីទទួលបានទិន្នផលខ្ពស់។
ទិន្នន័យរបស់ក្រសួង កសិកម្ម បានបង្ហាញថា កម្ពុជាផលិតបានស្រូវប្រហែល ៩,២៩ លានតោនសម្រាប់រដូវប្រាំងនិងរដូវវស្សា ដែលទទួលបានផលលើសចំនួន ៤,៧ តោន៕ PB