The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក​ចុង​ឆ្នាំ

កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក​ចុង​ឆ្នាំ

អង្ករ​បាត់ដំបង​ដែល​ដាក់​លក់​លើ​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ។
អង្ករ​បាត់ដំបង​ដែល​ដាក់​លក់​លើ​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ។ ភ្នំពេញ ប៉ុស្តិ៍

កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក​ចុង​ឆ្នាំ

ភ្នំពេញៈ កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​សន្និសីទ​ស្តី​អំពី​ស្រូវ​អង្ករ​ពិភពលោក​នៅ​ពាក់​កណ្តាល ខែ​វិច្ឆិកា ខាង​មុខ​នេះ បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​ពាន​រង្វាន់​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា។

សន្និសីទ​ស្តី​ពី​ស្រូវ​អង្ករ​ពិភពលោក​នេះ​គឺ​ត្រូវ​បាន​ផ្តួច​ផ្តើម​ដោយ​ស្ថាប័ន The Rice Trader (TRT) ជា​ស្ថាប័ន​បោះ​ផ្សាយ​ការ​ស្រាវ​ជ្រាវ​ទីផ្សារ​អង្ករ​សកល ដើម្បី​បង្កើត​ជា​វេទិកា​ជួប​ជុំ​គ្នា​រវាង​វិស័យ​ឯកជន​និង​វិស័យ​សាធារណៈ​ពី​បណ្តា​ប្រទេស​ក្នុង​ពិភពលោក​ដែល​ចាប់​អារម្មណ៍​ពី​ភាព​ប្រែ​ប្រួល​ទីផ្សារ និង​និន្នាការ​នៃ​វិស័យ​ស្រូវ​អង្ករ ហើយ​ក៏​ជា​វេទិកា ឱកាស​កសាង​បណ្តាញ​ពាណិជ្ជកម្ម​រវាង​អ្នក​រក​ស៊ី​ក្នុង​វិស័យ​នេះ​ផង​ដែរ។

ព្រឹត្តិការណ៍​នេះ​ធ្លាប់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ ប្រទេស​ហ្វីលីពីន ថៃ វៀតណាម ឥណ្ឌូនេស៊ី និង​នៅ ទីក្រុង​ហុងកុង កាល​ពី ឆ្នាំ​២០១៣ ជា​ពេល​ដែល​កម្ពុជា​បាន​ឈ្នះ​ពាន​រង្វាន់​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​លើក ទី២។

លោក V. Subramanian អនុ​ប្រធាន​ស្ថាប័ន TRT បាន​ឲ្យ​ដឹង​ថា កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​ម្ចាស់​ផ្ទះ​សម្រាប់​ព្រឹត្តិ​ការណ៍​នេះ ដោយ​សារ​កម្ពុជា​ជា​អ្នក​នាំ​អង្ករ​ចេញ​ដ៏​មាន​សក្តានុពល​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​ផលិត​អង្ករ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោក​ថ្លែង​ថា៖ «កម្ពុជា ត្រូវ​បាន​ជ្រើស​រើស​ដោយ​សារ​ឆន្ទៈ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​បង្កើត​ពាណិជ្ជកម្ម​នាំ​ចេញ និង​បង្កើន​គុណភាព​អង្ករ​ខ្ពស់​នៅ​ក្នុង​ទីផ្សារ ហើយ​កម្ពុជា ក៏​មាន​លទ្ធភាព និង​ហេដ្ឋា​រចនា​សម្ព័ន្ធ គ្រប់​គ្រាន់​ដើម្បី​រៀបចំ​ព្រឹត្តិ​ការណ៍​នេះ»។

លោក​បាន​បន្ត​ថា៖ «យើង​ឃើញ​ថា កម្ពុជា​ជា​ប្រភព​ដើម​នាំ​ចេញ​ដ៏​សំខាន់​និង​កំពុង​រីក​ចម្រើន​មួយ ហើយ​ទោះ​បី​ជា​ការ​នាំ​ចេញ​ផ្លូវ​ការ​មាន​ប្រហែល​ពី ៣៥ ទៅ ៤០ ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំ​ក៏​ដោយ ក៏​យើង​ជឿ​ជាក់​ថា កម្ពុជា​មាន​សមត្ថភាព​នាំ​ចេញ​ស្រូវ​រហូត​ដល់ ៣ លាន​តោន​ឬ​ប្រហែល ២ លាន​តោន​ជា​អង្ករ​ដែល​ជា​រឿយៗ​នាំ​ទៅ ប្រទេស​ថៃ និង​វៀតណាម ឆ្លង​កាត់​ព្រំដែន»។

លោក សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ថ្លែង​ថា សន្និសីទ​អង្ករ​ពិភពលោក​លើក ទី៦ ដែល​នឹង​ត្រូវ​ធ្វើ​ចាប់​ពី​ថ្ងៃ ទី១៨ ដល់​ថ្ងៃ ទី២១ ខែ​វិច្ឆិកា នៅ​ឆ្នាំ​នេះ នឹង​បង្កើន​កេរ្ដិ៍​ឈ្មោះ​របស់​កម្ពុជា​ជា​ប្រទេស​ផលិត​និង​នាំ​ចេញ​អង្ករ​ធំ​មួយ​ក្នុង​ចំណោម​ប្រទេស​ផលិត​និង​នាំ​ចេញ​អង្ករ​ជាច្រើន​នៅ​ក្នុង​ពិភពលោក។

លោក​ថ្លែង​ថា៖ «យើង​រំពឹង​ថា ភាគ​ទុនិក​ដែល​ពាក់​ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​ឧស្សាហកម្ម​អង្ករ​មក​ពី​ជុំវិញ​ពិភពលោក​នឹង​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ។ វា​នឹង​ជា​ឱកាស​ដ៏​ល្អ​ដើម្បី​តាំង​បង្ហាញ​អង្ករ​កម្ពុជា​ដល់​ពិភពលោក»។

ក្រៅ​ពី​កម្មវិធី​ប្រកួត​ប្រជែង​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ដែល​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នោះ ព្រឹត្តិ​ការណ៍​រយៈ​ពេល ៤​ថ្ងៃ នេះ​ក៏​នឹង​ប្រារព្ធ​ឡើង​ផ្សារ​ភ្ជាប់​ជាមួយ​ពិធី​បុណ្យ​អង្ករ​កម្ពុជា និង​វេទិកា​អង្ករ​កម្ពុជា​ផង​ដែរ ដែល​នឹង​ត្រូវ​សហការ​រៀបចំ​ដោយ​ស្ថាប័ន TRT សហព័ន្ធ​អង្ករ​កម្ពុជា (CRF) សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) និង​សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា (FASMEC)។

លោក ពុទ្ធីវុធ បាន​ថ្លែង​ថា ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​ធ្វើ​នៅ ទីក្រុង​ភ្នំពេញ ប៉ុន្តែ​ទី​តាំង​ពិត​ប្រាកដ​នឹង​បញ្ជាក់​នៅ​ពេល​ក្រោយ។

លោក គឹម សាវុធ ប្រធាន​ក្រុម​ហ៊ុន​នាំ​អង្ករ​ចេញ ខ្មែរ​ហ្វូដ ដែល​បាន​ចូល​រួម​ក្នុង​សន្និសីទ​ស្តី​អំពី​ស្រូវ​អង្ករ​ពិភពលោក​នៅ​ក្រៅ​ប្រទេស ២ លើក​ហើយ​នោះ​បាន​ថ្លែង​ថា ព្រឹត្តិ​ការណ៍​លើក​នេះ​បង្ហាញ​ថា វិស័យ​អង្ករ​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ។

លោក​បន្ត​ថា៖ «ប្រសិន​បើ​វិស័យ​អង្ករ​មិន​រីក​ចម្រើន​តាម​ការ​រំពឹង​ទុក​ទេ​នោះ ក៏​មិន​មាន​ប្រទេស​ណា​ចាប់​អារម្មណ៍​រៀបចំ​ព្រឹត្តិការណ៍​អង្ករ​នៅ​ក្នុង ប្រទេស​កម្ពុជា នោះ​ទេ»។

លោក​បន្ថែម​ថា ព្រឹតិ្ត​ការណ៍​នេះ​ក៏​នឹង​ជួយ​ឲ្យ​អ្នក​នៅ​ក្នុង​វិស័យ​នេះ​អាច​ពង្រីក​ទីផ្សារ​នាំ​ចេញ​របស់​ខ្លួន​ផង​ដែរ តាម​រយៈ​ការ​ជួប​ជាមួយ​ដៃ​គូ​ពាណិជ្ជកម្ម​ថ្មីៗ​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា អ្នក​ក្នុង​វិស័យ​អង្ករ​កម្ពុជា​កំពុង​ខិត​ខំ​ដើម្បី​ឲ្យ​អង្ករ​កម្ពុជា​យក​ឈ្នះ​ពាន​រង្វាន់​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ជា​ថ្មី​ម្ដង​ទៀត​នៅ​ឆ្នាំ​នេះ៕

អត្ថបទគួរចាប់អារម្មណ៍