ភ្នំពេញៈ បន្ទាប់ពីកិច្ចពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំមករដ្ឋាភិបាលកម្ពុជានិងថៃបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ក្នុងប្រទេសឡាវ ដើម្បីបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ថៃក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសជិតខាងអាស៊ានបន្ទាប់ពីមានការធ្លាក់ចុះប៉ុន្មានឆ្នាំមកនេះ។
លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា(CCC) បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីត្រឡប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃនៃបណ្តាប្រទេសទន្លេមេគង្គក្នុងប្រទសឡាវថាប្រធាន(CCC) និងសភាពាណិជ្ជកម្មថៃបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដែលមានការចូលរួមពីនាយករដ្ឋមន្រ្តីប្រទេសទាំងពីរក្នុងទីក្រុង វៀងចន្ទន៍ កាលពីថ្ងៃអង្គារ។
លោកបានថ្លែងថា៖ «កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាមួយគ្នាអស់ជាច្រើនឆ្នាំ។ វានឹងជួយជំរុញដល់ការលើកកម្ពស់ពាណិជ្ជកម្មនិងសម្របសម្រួលការវិនិយោគរវាងប្រទេសទាំងពីរ»។
លោកស្រី Jiranan Wongmongkol ប្រធានការិយាល័យលើកកម្ពស់ពាណិជ្ជកម្មបរទេសរបស់ស្ថានទូតថៃនៅភ្នំពេញក៏បានទទួលស្គាល់ការវិវឌ្ឍដ៏សំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចផងដែរ។លោកស្រីថ្លែងថាអនុស្សរណៈយោគយល់គ្នាគឺឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងពីរដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនេះ។
លោកស្រីបានបន្តថា៖ «រឿងនេះពិតជាមានសារៈសំខាន់ក្នុងការធានារ៉ាប់រងដល់វិនិយោគិននិងពាណិជ្ជករទាំងអស់ឲ្យមានអារម្មណ៍ជឿជាក់ក្នុងការធ្វើអាជីវកម្ម និងការវិនិយោគនៅក្នុងប្រទេសកម្ពុជាឬនៅប្រទេសថៃ»។
លោកស្រីបានបន្តថា៖ «ចាប់ពីពេលនេះតទៅសភាពាណិជ្ជកម្មទាំងពីរអាចធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាលើពាណិជ្ជកម្មនិងការវិនិយោគ ទៅវិញទៅមកដើម្បីជួយដល់អ្នកវិនិយោគនិងពាណិជ្ជករ ក្នុងប្រទេសយើង»។
លោកស្រីបានបន្ថែមទៀតថា ៖«ក្រៅពីនេះវានឹងជួយបង្កើនលំហូរពាណិជ្ជកម្មនិងការវិនិយោគពីថៃមកកម្ពុជា»។
ពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរបានធ្លាក់ចុះជាលំដាប់កាលពីប៉ុន្មានឆ្នាំកន្លងមកដោយសារតែជម្លោះនយោបាយប៉ុន្តែត្រូវបានដោះស្រាយនៅពេលលោកស្រី យីង ឡាក់ ត្រូវបានជ្រើសរើសជានាយករដ្ឋមន្រ្តីលើកដំបូងនៅឆ្នាំ២០១១។
ទិន្នន័យវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថាប្រទេសកម្ពុជាបានទទួលការវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន ១០៧ លានដុល្លារពីប្រទេសថៃក្នុងឆ្នាំ២០០៧ ប៉ុន្តែបានធ្លាក់ចុះតែ ២ លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ២០១០ និងគ្មានការវិនិយោគទេក្នុងឆ្នាំ២០១១ និង២០១២។
ដោយឡែកទិន្នន័យពីស្ថានទូតថៃបង្ហាញថាពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាថៃមានតម្លៃ ៣,៨ពាន់លានដុល្លារកាលពីឆ្នាំមុនកើនឡើង៤០ភាគរយ។
លោក ងួន ម៉េងតិច បាននិយាយថាលោកបានបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មរួចហើយជាមួយវៀតណាមនៅដើមឆ្នាំនេះហើយ CCC មានគម្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មជាមួយឡាវនិងប្រទេសមីយ៉ាន់ម៉ានៅឆ្នាំនេះផងដែរ៕ PB