The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​នឹង​មាន​រោង​ចក្រ​ចម្រាញ់​ប្រេង​នៅ​ក្នុង​ឆ្នាំ​២០១៥




កម្ពុជា​នឹង​មាន​រោង​ចក្រ​ចម្រាញ់​ប្រេង​នៅ​ក្នុង​ឆ្នាំ​២០១៥

កម្ពុជា​នឹង​មាន​រោង​ចក្រ​ចម្រាញ់​ប្រេង​នៅ​ក្នុង​ឆ្នាំ​២០១៥

121231_13
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ក្នុងពិធីចុះហត្ថលេខាកាលពីចុងសប្តាហ៍មុន ហេង ជីវ័ន

ភ្នំពេញៈ ក្រុមហ៊ុន Cambodian Petrochemical Company (CPC) ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក បាន​បណ្តាក់​ទុន​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន Sinomach China Perfect Machinery Industry Corp របស់​ប្រទេស​ចិន ក្នុង​ទឹក​ប្រាក់​ចំនួន​២,៣​ពាន់​លាន​ដុល្លារ ដើម្បី​សាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេង​នៅ​កម្ពុជា។ បើ​តាម​ការ​រំពឹង​ទុក ការ​សាង​សង់​រោង​ចក្រ​នេះ នឹង​បញ្ចប់​នៅ​ដំណាច់​ឆ្នាំ​២០១៥។

កាល​ពី​ថ្ងៃ​សុក្រ ក្រុមហ៊ុន​ទាំង​ពីរ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា (CNPA) ស្តី​ពី​ការ​សាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេង​នេះ ហើយ​ក្រុមហ៊ុន​ទាំង​ពីរ ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​លទ្ធកម្ម​វិស្វកម្ម​ផង​ដែរ។

លោក Zhang Sugang ប្រធាន​ក្រុមហ៊ុន Sinomach China Perfect Machinery Industry Corp បាន​ឲ្យ​ដឹង​ថា រោងចក្រ​ចម្រាញ់​ប្រេង​នេះ នឹង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​២,៣​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ចំណាយ​ពេល​សាង​សង់​៣៦​ខែ នៅ​លើ​ផ្ទៃ​ដី​៨០​ហិកតា ក្នុង​ខេត្ត​ព្រះ​សីហនុ និង​កំពត។

លោក​បាន​លើក​ឡើង​ថា​៖ «ក្រុមហ៊ុន​នេះ នឹង​ផ្គត់​ផ្គង់​សម្ភារ និង​បច្ចេក​វិទ្យា​ទាំង​អស់​សម្រាប់​ការ​សាង​សង់​នេះ។ ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​ការ​សាង​សង់​រោង​ចក្រ​នេះ នឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា»។ លោក​បាន​បន្ថែម​ថា រោងចក្រ​នេះ អាច​ចម្រាញ់​ប្រេង​បាន ៥​លាន​តោន ក្នុង​មួយ​ឆ្នាំ។

លោក ម៉ៅ ចិត្រា ប្រធាន​រដ្ឋបាល​ប្រចាំ​ក្រុមហ៊ុន CPC បាន​ឲ្យ​ដឹង​ក្នុង​អំឡុង​ពិធី​ចុះ​ហត្ថលេខា កាល​ពី​ថ្ងៃ​សុក្រ​ថា ក្រុមហ៊ុន CPC បាន​និង​កំពុង​ធ្វើ​ការ​ជាមួយ​ដៃ​គូ​ចិន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​លើ​លទ្ធភាព​សាង​សង់​រោងចក្រ​នេះ។

លោក​បាន​លើក​ឡើង​ថា៖ «បច្ចុប្បន្ន​កម្ពុជា​តែង​តែ​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេស​ផ្សេងៗ​ទៀត។ ក្រោយ​ពេល​រោងចក្រ​នេះ​បញ្ចប់​ការ​សាង​សង់​កម្ពុជា​នឹង​ផ្លាស់​ប្តូរ​ពី​ប្រទេស​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេស​ដទៃ ទៅ​ជា​ប្រទេស​ផលិត និង​នាំ​ចេញ​ប្រេង​វិញ​ម្តង»។

លោក​បាន​បន្ថែម​ថា៖ «កម្ពុជា នឹង​មាន​ភាព​រឹង​មាំ​ខាង​ឧស្សាហកម្ម​ប្រេង ដោយ​សារ​យើង​តាំង​ចិត្ត​ថា រោងចក្រ​នេះ នឹង​បំពាក់​បច្ចេក​វិទ្យា​ទំនើប និង​ថ្មី​ចុង​ក្រោយ​បំផុត ដែល​រោងចក្រ​ផ្សេងៗ​ទៀត មិន​ទាន់​មាន​នៅ​ឡើយ។ រាល់​ការ​ចំណាយ​លើ​ការ​នាំ​ចូល​ប្រេង នឹង​ត្រូវ​កាត់​បន្ថយ​មក​នៅ​ត្រឹម​កម្រិត​អប្បបរមា។ ទន្ទឹម​នឹង​នេះ​ដែរ រោងចក្រ​នេះ នឹង​រក​ប្រាក់​ចំណូល​ពន្ធ​ថ្មី​ដល់​ប្រទេស​កម្ពុជា»។ លោក​ម៉ៅ ចិត្រា បាន​បន្ថែម​ថា រោងចក្រ​នេះ នឹង​បង្កើត​ការ​ងារ​ថ្មី​ដល់​ប្រជាជន​ប្រហែល ៤​ពាន់​នាក់។

លោក សុខ អាន រដ្ឋ​មន្ត្រី​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី ដែល​បាន​ធ្វើ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ បាន​លើក​ឡើង​ថា ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ទាំង​ពីរ កំពុង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​អភិវឌ្ឍ​ក្នុង​ឧស្សាហកម្ម​ប្រេង​នៅ​កម្ពុជា។

លោក​បាន​បន្ថែម​ថា៖ «នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់ CPC ក្នុង​ការ​សហការ​ជាមួយ Sinomach China Perfect Machinery Industry Corp ដើម្បី​បណ្តាក់​ទុន​លើ​រោង​ចក្រ​ចម្រាញ់​ប្រេង។ ការ​វិនិយោគ​នេះ ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំពី​ដំណើរ​ការ​រីក​ចម្រើន​ដ៏​ល្អ​នៅ​ក្នុង​ឧស្សាហកម្ម​ប្រេង​នៅ​កម្ពុជា»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ថ្មីៗ​នេះ តម្រូវ​ការ​ប្រេង​នៅ​កម្ពុជា មាន​ចំនួន​ជាង​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​តម្រូវ​ការ​នេះ នឹង​កើន​ឡើង​ដល់ ៣ ទៅ ៤​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ បន្ទាប់​ពី​សកម្មភាព​សេដ្ឋកិច្ច​រីក​ចម្រើន។

ប៉ុន្តែ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ ត្រូវ​ផលិត​ប្រេង​ដែល​មាន​គុណភាព ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ប្រេង​នាំ​ចូល​ពី​ថៃ វៀតណាម និង​សិង្ហបុរី។

PTT ដែល​ជា​ក្រុមហ៊ុន​ផលិត​ប្រេង និង​ឧស្ម័ន​ធំ​ជាង​គេ​នៅ​ប្រទេស​ថៃ ក៏​មាន​គម្រោង​សិក្សា​លទ្ធភាព​អនុវត្ត​គម្រោង​ចម្រាញ់​ប្រេង និង​គីមី​ឥន្ធនៈ​នៅ​កម្ពុជា។

កម្ពុជា​រំពឹង​ថា​នឹង​ផលិត​ប្រេង​ដំណក់​ដំបូង​នៅ​ប្លុក A ដែល​ផ្តល់​អាជ្ញាប័ណ្ណ​រុក​រក​ដល់ Chevron នៅ​ឆ្នាំ​នេះ។ ប៉ុន្តែ ការ​រំពឹង​ទុក​នេះ ត្រូវ​បាន​អូស​បន្លាយ​ពេល​រហូត​ដល់​ឆ្នាំ​២០១៦។ លោក សុខ អាន បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​នៅ​តែ​ចរចា​ជាមួយ​ក្រុមហ៊ុន​Chevron ហើយ​រំពឹង​ថា ការ​ចរចា​នេះ នឹង​ឈាន​ដល់​ទី​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ។

យោង​តាម​លោក ម៉ម សម្បត្តិ ប្រធាន​អង្គការ​អភិវឌ្ឍន៍ និង​ភាព​ជា​ដៃ​គូ​ក្នុង​សកម្មភាព (DPA) បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ប្រហែល ៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ពី​វិស័យ​ប្រេង​នៅ​ដែន​សមុទ្រ​នេះ៕ CS

អត្ថបទគួរចាប់អារម្មណ៍