
ភ្នំពេញៈប្រទេសកម្ពុជាគ្រោងនឹងកៀរគរប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) ទាំងអស់ដើម្បីលើកជាសំណើដល់ប្រទេសអ្នកមានជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីពន្យារពេលបន្តទៀតចំពោះការយកពន្ធលើវិស័យសេវាកម្មដែលនឹងមកដល់នៅឆ្នាំ២០១៣។
ក្រុមប្រទេស LDC ដែលនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីសន្ធិសញ្ញាពាណិជ្ជកម្មនាំចេញ ដោយមានកូតាសេរីនិងមិនយកពន្ធពីសមាជិកប្រទេសអ្នកមាន នឹងត្រូវបើកចំហឧស្សាហកម្មសេវាកម្មរបស់ខ្លួន ដល់ប្រទេសអ្នកមានទាំងអស់ នៅ២០១៣។
ទោះយ៉ាងនេះក្តីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសកម្ពុជាបានអះអាងថា សមាជិកLDC ស្ទើរតែទាំងអស់មិនទាន់ត្រៀមខ្លួននៅឡើយទេ ដូច្នេះប្រទេសទាំងនោះចាំបាច់ត្រូវស្នើសុំការពន្យារពេលបន្ថែម។
បច្ចុប្បន្នប្រទេសLDC មានចំនួន៤៨ប្រទេស នៅក្នុងបញ្ជីរបស់អង្គការសហប្រជាជាតិ ក្នុងនោះ៣៣ប្រទេស បានចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកហើយ។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា៖ «ចាប់ពីឆ្នាំ២០១៣ទៅ យើងដែលជាសមាជិក LDC នឹងបើកចំហឧស្សាហកម្មសេវាកម្ពុជា ដល់ប្រទេសអ្នកមាន ខណៈសមាជិករបស់យើងជាច្រើន មិនទាន់បើកនៅឡើយទេ។ ដូច្នេះ យើង[កម្ពុជា]នឹងក្លាយទៅជាអ្នកផ្តួចផ្តើមប្រមូលផ្តុំLDC ទាំងអស់ ដើម្បីស្នើសុំ WTO ឲ្យពន្យារពេលបន្ថែមទៀត ដល់យើង»។
លោកបានឲ្យដឹងទៀតថា លោកបានពិភាក្សាអំពីបញ្ហានេះ ជាមួយអគ្គនាយក WTOក្នុងអំឡុងបេសកកម្មរបស់លោក នៅក្នុងជំនួបកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ កាលពីដើមសប្តាហ៍មុន។
លោកបានបន្ថែមថា លោកបានទទួលភ្លើងខៀវឲ្យចាប់ផ្តើមការងារនេះដោយប្រមូលផ្តុំ LDC ទាំងអស់ដើម្បីទទួលសំឡេងរួមមួយទាមទារដល់សមាជិកប្រទេសអ្នកមានឲ្យពន្យារពេលដំណើរការនេះ។
លោកHiroshi SUZUKI ប្រធាននាយកប្រតិបត្តិ និងជាប្រធានសេដ្ឋវិទូប្រចាំវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា កម្ពុជានឹងមិនទទួលរងផលប៉ះពាល់ដោយសារការកំណត់នេះឡើយ។
លោកថ្លែងថា ប្រទេសនេះ បានបើកចំហវារួចទៅហើយ ដោយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជាច្រើន មកក្នុងវិស័យសេវាកម្ម ប៉ុន្តែLDC មួយចំនួន ដែលមិនទាន់បានបើកនិងជួបបញ្ហា។ លោកបានបន្ថែមថា៖
«កម្ពុជា មានសេដ្ឋកិច្ចបើកចំហ។ ប្រទេសនេះ អនុញ្ញាតឲ្យមានការវិនិយោគបរទេស១០០ភាគរយ មកក្នុងវិស័យស្ទើរតែទាំងអស់ រួមមានទាំងវិស័យសេវាកម្ម ដូចជាវិស័យធនាគារ លក់រាយ និងវិស័យទេសចរណ៍។កម្ពុជា បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការទាក់ទាញ FDI ឲ្យមកក្នុងវិស័យសេវាកម្មទាំងនេះ»។
លោក Hiroshi SUZUKI បានបញ្ជាក់ទៀតថា៖ «ធនាគារបរទេសជាច្រើន បានទទួលអត្ថប្រយោជន៍នៅកម្ពុជា។ ក្រុមហ៊ុន AEON របស់ជប៉ុន នឹងបើកហាងដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ។
FDIទាំងអស់នឹងជួយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើន និងពង្រឹងការប្រកួតប្រជែងរបស់ប្រទេសកម្ពុជា»។
លោកបានបន្ថែមថា៖ «ចិន វៀតណាម និងប្រទេសមិនសូវមានការអភិវឌ្ឍផ្សេងៗទៀត មិនអនុញ្ញាតឲ្យមាន FDI នៅក្នុងវិស័យសេវាកម្មឡើយ។ ការធ្វើដូច្នេះ គឺដើម្បីការពារក្រុមហ៊ុនក្នុងស្រុក។ ប្រសិនបើក្រុមហ៊ុនក្នុងស្រុកទន់ខ្សោយក្នុងវិស័យសេវាកម្ម ពួកគេ នឹងបន្ធូរបន្ថយឲ្យមាន FDI»។
គិតត្រឹមខែសីហា ឆ្នាំ២០១២ WTO មាន១៥៧សមាជិក ហើយប្រទេសកម្ពុជា បានក្លាយជាសមាជិករបស់អង្គការនេះ នៅខែតុលា ឆ្នាំ២០០៤៕ CS