ភ្នំពេញៈ ប្រទេសកម្ពុជា បានបរាជ័យជាលើកទីពីរនៅក្នុងការដេញថ្លៃនាំចេញអង្ករទៅកាន់ ប្រទេសហ្វីលីពីន ខណៈដែល ប្រទេសថៃ និងវៀតណាម ត្រូវបានជ្រើសរើស។
យោងតាមទីភ្នាក់ងារព័ត៌មាន Rueter កាលពីថ្ងៃអង្គារអាជ្ញាធរស្បៀងអាហារជាតិ (NFA) របស់ ប្រទេសហ្វីលីពីន បានបើកដំណើរការ ការដេញថ្លៃជាលើកទីពីរតាមរយៈក្របខ័ណ្ឌរដ្ឋាភិបាល និងរដ្ឋាភិបាលសម្រាប់ប្រទេស ៣ គឺ ប្រទេសកម្ពុជា វៀតណាម និង ប្រទេសថៃ។ ហើយមានតែ ប្រទេសថៃ និងវៀតណាម ប៉ុណ្ណោះដែលទទួលបានកិច្ចព្រមព្រៀងនេះ។
NFA កាលពី ខែសីហា បានបង្កើតនីតិវិធីដេញថ្លៃជាលើកដំបូងដោយបើកចំហគ្រប់ប្រទេសទាំងអស់សម្រាប់ការនាំចូលអង្ករចំនួន ៥០ ម៉ឺនតោនប៉ុន្តែការដេញថ្លៃទាំងអស់ត្រូវបានបដិសេធដោយសារតែមិនមានប្រទេសណាមួយអាចសម្រេចបានតាមទិសដៅតម្លៃដែលបានកំណត់ឡើងដោយ NFA មានចំនួនប្រហែល ៤៥៦,៦ ក្នុងមួយតោននោះទេ។
ប្រទេសហ្វីលីពីន បញ្ជាក់ថា ភ្នាក់ងារទិញបានកត់សម្គាល់ឃើញថា ខ្លួនបានសម្រេចចិត្តនាំចូលអង្ករចំនួន ៣០ ម៉ឺនតោនពី ប្រទេសថៃ និង ២០ ម៉ឺនតោនពីប្រទេសវៀតណាម ក្នុងការដាក់តម្លៃ ៤៧៥ ដុល្លារក្នុងមួយតោនសម្រាប់ ប្រទេសថៃ។ តម្លៃនេះត្រូវបានគ្រោងនឹងមកដល់នៅចន្លោះពីថ្ងៃ ទី១៥ ខែតុលា ដល់ថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០១៤។
បើយោងតាម Rueter៖ «ប្រទេសកម្ពុជា មិនបំពេញតាមលក្ខខណ្ឌក្នុងការផ្គត់ផ្គង់អង្ករឲ្យ ប្រទេសហ្វីលីពីន ដោយសារតែការដេញថ្លៃរបស់ខ្លួនមិនបានឆ្លើយតបតាមតម្លៃបានកំណត់ដោយ NFA»។
ក្រុមហ៊ុននាំចេញអង្ករមួយរបស់កម្ពុជា បានឲ្យដឹងថា ការចូលរួមដេញថ្លៃជាការចំណាយពេលវេលាឥតប្រយោជន៍ដោយសារតែសមត្ថភាពរបស់ឧស្សាហកម្មនេះនឹងមិនអាចឆ្លើយតបបានទៅតាមលក្ខខណ្ឌបច្ចេកទេស និងលក្ខខណ្ឌដាក់បង្ហាញក្នុងការដេញថ្លៃនាំចូលអង្កររបស់រដ្ឋាភិបាលហ្វីលីពីន បានទេ។
លោក វ៉ាន ដាវីដ នាយកប្រតិបត្តិក្រុមហ៊ុននាំចេញអង្ករ Boost Riche Cambodia បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅពេលថ្មីៗនេះថា៖ «ការពិចារណាពីលក្ខខណ្ឌបច្ចេកទេសដ៏តឹងរ៉ឹង និងស្មុគស្មាញ និងលក្ខខណ្ឌតម្រូវដោយរដ្ឋាភិបាលហ្វីលីពីន ដូចដែលបានពណ៌នានៅក្នុងឯកសារស្នើសុំជាផ្លូវការ មានតែក្រុមហ៊ុននាំចេញជាសម្ព័ន្ធដ៏ធំប៉ុណ្ណោះដែលអាចគោរពទៅតាមលក្ខខណ្ឌនោះបាន ហើយមិនមានក្រុមហ៊ុននាំចេញរបស់កម្ពុជាណាមួយនៅជិតកម្រិតបច្ចេកទេស និងជំនាញនោះទេ»។ លោកបានបន្ថែមថា៖ «យើងកំពុងរៀនដើរដោយយឺតៗ ហើយមិនទាន់អាចចុះឈ្មោះនៅក្នុងការរត់ប្រណាំងម៉ារ៉ាតុងអាជីពបាននៅឡើយទេ»៕