ភ្នំពេញៈ កម្ពុជា នឹងចូលរួមជាថ្មីម្តងទៀតក្នុងការដេញថ្លៃជាសាធារណៈដើម្បីផ្គត់ផ្គង់អង្ករទៅកាន់ ប្រទេសហ្វីលីពីន បន្ទាប់ពីអាជ្ញាធរស្បៀងជាតិរបស់ប្រទេសហ្វីលីពីន (NFA) ច្រានចោលការដេញថ្លៃជាសាធារណៈដែលប្រព្រឹត្តទៅនៅចុង ខែសីហា ខណៈតម្លៃអង្ករដែលចូលរួមដេញថ្លៃមានតម្លៃខ្ពស់ជាងការចង់បាន។
លោក ធន់ វីរៈ អគ្គនាយកក្រុមហ៊ុន ហ្គ្រីន ដ្រេត ជាក្រុមហ៊ុននាំអង្ករចេញតែមួយគត់របស់រដ្ឋ និងជាតំណាងចូលរួមក្នុងការដេញថ្លៃនេះបានឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងពីម្សិលមិញថា កម្ពុជា នឹងចូលរួមការដេញថ្លៃដើម្បីផ្គត់ផ្គង់អង្ករទៅកាន់ ប្រទេសហ្វីលីពីន ម្តងទៀត ទោះបីជាតម្លៃអង្ករកម្ពុជា មិនមានភាពប្រកួតប្រជែងដូចតម្លៃអង្ករប្រទេសជិតខាងក៏ដោយ។
លោកថ្លែងថា៖ «អត់មានប្រទេសណាជាប់ក្នុងការដេញថ្លៃនោះទេ។ សូម្បីតែប្រទេសមានលទ្ធភាព [ផលិតអង្ករបានថោក] ក៏មិនមានលទ្ធភាពដាក់ចេញតម្លៃអង្ករដែលកំណត់នៅក្នុងការដេញថ្លៃនេះដែរ។ យើងនឹងចូលរួមម្តងទៀត។ ខ្ញុំមិនអាចនិយាយបានថា យ៉ាងណានោះទេ តែយើងនឹងធ្វើអ្វីដែលយើងអាចធ្វើទៅបាន តែយើងក៏មិនអាចលក់អង្ករខាតនោះដែរ»។
តាមសារព័ត៌មាន Reuter អាជ្ញាធរស្បៀងជាតិរបស់ ហ្វីលីពីន បានច្រានចោលការដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់អង្ករបាក់ ២៥ ភាគរយចំនួន ៥ សែនតោនទៅកាន់ ប្រទេសហ្វីលីពីន បន្ទាប់ពីប្រទេសចូលរួមដេញថ្លៃដាក់តម្លៃអង្ករពី ៤៦០ ទៅ ៤៩៦ ដុល្លារក្នុងមួយតោន ខុសពីតម្លៃដែលចង់បានគឺ ៤៥៦ ដុល្លារក្នុងមួយតោន។
NFA កំពុងពិចារណាបើកការដេញថ្លៃជាសាធារណៈម្តងទៀតដើម្បីបង្កើនអង្ករស្តុកក្នុងឃ្លាំង ដោះស្រាយបញ្ហាតម្លៃអង្ករនៅទីផ្សារក្នុងស្រុកដែលបានកើនខ្ពស់ ខណៈការផលិតអង្ករក្នុងស្រុកត្រូវបានខូចខាតដោយគ្រោះធម្មជាតិ។
កម្ពុជា កំពុងខិតខំប្រឹងប្រែងដើម្បីពង្រីកទីផ្សារនាំចេញអង្ករ ដើម្បីអាចសម្រេចបានគោលដៅនាំអង្ករចេញឲ្យបាន ១ លានតោនក្នុង ឆ្នាំ២០១៥។ កាលពីខែមុន កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយ ប្រទេសចិន ដើម្បីផ្គត់ផ្គង់អង្ករ ១០ ម៉ឺនតោនចាប់ពី ខែកញ្ញា ឆ្នាំនេះរហូតដល់ ខែមេសា ឆ្នាំ២០១៥។
លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យដឹងថា ប្រទេសហ្វីលីពីន គឺជាគោលដៅនៃការពង្រីកទីផ្សារអង្ករផ្សេងមួយទៀតរបស់កម្ពុជា តែថា ការធានាបានការផ្គត់ផ្គង់អង្ករឲ្យបានទាន់ពេលវេលាទៅកាន់ប្រទេសនាំចូលនៅតែជាបញ្ហាប្រឈមសម្រាប់វិស័យអង្ករកម្ពុជា ដោយសារតែមិនមានស្ថិតិរួមនៃអង្ករដែលត្រូវបានស្តុកទុកនៅទូទាំងប្រទេស។
លោកថ្លែងថា៖ «យើងមិនដឹងថា តើមានអង្ករប៉ុន្មាននៅក្នុងប្រទេសសម្រាប់ការនាំចេញនៅពេលនេះទេ។ វាមានការពិបាកបន្តិចសម្រាប់យើងក្នុងការធានាឲ្យប្រាកដក្នុងការចែកចាយឲ្យបានទៀងទាត់។ អ៊ីចឹងហើយបានជាក្រុមហ៊ុននីមួយៗត្រូវស្តុកអង្ករឲ្យបានច្រើនក្នុងអំឡុងពេលរដូវប្រមូលផលខាងមុខនេះ»។
លោកបន្តថា វាជាជំហានសំខាន់សម្រាប់កម្ពុជា ដើម្បីជ្រៀតចូលក្នុងទីផ្សារប្រទេសហ្វីលីពីន នៅពេលនេះ ខណៈប្រទេសនេះកំពុងធ្វើពិពិធកម្មទីផ្សារនាំអង្ករចូលដើម្បីកាត់បន្ថយការពឹងលើទីផ្សារតែមួយ ហើយអាចផ្ដល់តម្លៃប្រកួតប្រជែងកាន់តែច្រើនសម្រាប់ប្រជាជនរបស់ខ្លួន។
លោកបានបញ្ជាក់ថា៖ «នៅពេលនេះ ប្រទេសកម្ពុជា អាចនឹងនាំចេញអង្ករទៅកាន់ ប្រទេសហ្វីលីពីន តាមរយៈការដេញថ្លៃ ប៉ុន្តែពេលដែលធ្វើពាណិជ្ជកម្មយូរទៅ ប្រទេសកម្ពុជា ក៏អាចក្លាយជាអ្នកផ្គត់ផ្គង់សំខាន់មួយសម្រាប់ ហ្វីលីពីន ផងដែរ»៕