ភ្នំពេញៈ កម្ពុជាកាលពីសប្តាហ៍មុនបានស្នើឲ្យឥណ្ឌាផ្ដល់ជំនួយអភិវឌ្ឍន៍ធនធានមនុស្សដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
សំណើធ្វើឡើងក្នុងជំនួបរវាងលោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងលោក MangapatiPallam Raju រដ្ឋមន្ត្រីអភិវឌ្ឍន៍ធនធានមនុស្សឥណ្ឌា។
លោក សុខ អាន បានឲ្យដឹងថា កម្ពុជា ឥណ្ឌា មានទំនាក់ទំនងល្អក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ និងការទូតជាមួយកម្ពុជា។ លោកបន្តថា បច្ចុប្បន្នប្រទេសកម្ពុជាមានយុវជនក្មេងៗច្រើន ដែលតម្រូវឲ្យពួកគេមានជំនាញគ្រប់គ្រាន់ដើម្បីបំពេញទៅតាមតម្រូវការទីផ្សារ។ នេះបើតាមការស្រង់សម្តីពីលោក ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពីជំនួប។
តាម លោក ឯក ថា លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន បានឲ្យដឹងថា៖ «ដូចដែលយើងបានដឹងហើយថាប្រទេសយើងមានប្រជាពលរដ្ឋក្មេងៗជាច្រើនដែលតម្រូវឲ្យមានការវិនិយោគបន្ថែមក្នុងវិស័យវិស្វកម្មវិទ្យាសាស្រ្តកុំព្យូទ័រនិងគណនេយ្យ។ យើងត្រូវការឲ្យពួកគេមានលទ្ធភាពធ្វើការឲ្យក្រុមហ៊ុនបរទេស»។
ឥណ្ឌាបានផ្ដល់រួចហើយនូវជំនួយអភិវឌ្ឍន៍ធនធានមនុស្សដល់កម្ពុជាតាមរយៈការបង្កើតមជ្ឈមណ្ឌលកុំព្យូទ័រនៅភ្នំពេញ សៀមរាប និង ខេត្តព្រះសីហនុ ដោយសហការជាមួយអាជ្ញាធរអភិវឌ្ឍន៍ ICT ថ្នាក់ជាតិ(NiDA) ដើម្បីបណ្ដុះបណ្ដាលមន្រ្តីរដ្ឋាភិបាល។
លោក សុខ អាន ក៏បានស្នើឲ្យឥណ្ឌាផ្តល់ជំនួយអប់រំដើម្បីពង្រឹងវិស័យ SMEផងដែរ។
លោក Mangapati Pallam Raju យល់ព្រមចំពោះសំណើនេះនិងបានស្នើឲ្យមានកម្មវិធីផ្លាស់ប្ដូរនិស្សិតទៅឥណ្ឌា យ៉ាងហោចណាស់៦ខែដើម្បីរៀនអំពីជំនាញអភិវឌ្ឍន៍៕ PB