
ភ្នំពេញៈ កម្ពុជាអាចប្រឈមនឹងកង្វះខាតការផ្គត់ផ្គង់អំបិលនៅ ២០១៤ ដោយសារបញ្ហាអាកាសធាតុ។ នេះបើតាមប្រធានសមាគមផលិតអំបិលខេត្ត កំពត។
លោក លី សេង ជាប្រធានសមាគមផលិតអំបិលខេត្ត កំពត បានឲ្យដឹងថា ប្រសិនបើទិន្នផលអំបិលក្នុងឆ្នាំ ២០១៤ ធ្លាក់ចុះទៀត កម្ពុជាអាចនឹងត្រូវនាំចូលអំបិលពីក្រៅស្រុក។
លោកថា៖ «យើង ប្រហែលជាត្រូវនាំចូលពីប្រទេស ចិន ឬ ឥណ្ឌា»។ កាលពីឆ្នាំ ២០០៩ កម្ពុជាផលិតអំបិលបានតែ ៣០ ០០០ តោនប៉ុណ្ណោះ ដែលតម្រូវឲ្យនាំចូលអំបិល ៦០ ០០០ តោនពីប្រទេសចិនដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយពេលនោះជាលើកទីមួយដែលកម្ពុជានាំចូលអំបិលពីចិន។
បរិមាណផលអំបិលនៅក្នុងឆ្នាំ ២០១៣ ទទួលបាន ៥២ ០០០ តោនប៉ុណ្ណោះ។
យោងតាម លោក លី សេង ផ្ទៃដីសរុបចំនួន ៤ ៥០០ ហិកតារបស់កសិករក្នុងសមាគមអាចផ្តល់ទិន្នផលអំបិល ៩០ ០០០ តោនក្នុងមួយរដូវ។ លោកបន្តថា៖ «តាមគិតទៅ ការផលិតអំបិលនៅរដូវនេះ អាចនឹងមិនគ្រប់ទេសម្រាប់ផ្គត់ផ្គង់នៅឆ្នាំ ២០១៤ ព្រោះរហូតមកដល់ពេលនេះកសិករទើបតែចាប់ផ្តើមផលិត ខណៈឆ្នាំមុននៅខែនេះ កសិករទទួលបានផលខ្លះរួចទៅហើយ»។ ជាទូទៅ កសិករស្រែអំបិលនឹងចាប់ផ្តើមការផលិតនៅដើមខែ មករា ហើយប្រមូលផលចុងក្រោយនៅចន្លោះខែ មីនា និង មេសា។
លោក នួន ផល្លា ជាកសិករដែលមានស្រែអំបិលចំនួន ៨០ ហិកតាមានលទ្ធភាពផលិតអំបិលបាន ១ ៣០០ តោនដែរនោះនិយាយថា លោកកំពុងរៀបចំដំណើរការផលិតអំបិល។ លោកមិនប្រាកដថានឹងអាចផលិតបានដូចផែនការនោះទេដោយសារអាកាសធាតុប្រែប្រួល។
ទាក់ទិននឹងការពង្រីកផ្ទៃដីផលិតអំបិលប្រធានសមាគមផលិតអំបិលនិយាយថា រដ្ឋាភិបាលក៏បានលើកទឹកចិត្តឲ្យ កសិករបង្កើនការផលិតដែរ។
សមាគមបានដាក់សំណើទៅរដ្ឋាភិបាលកាលពី ៤ ខែមុន ដើម្បីសុំផ្ទៃដីចំនួន ២០០ ហិកតាបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់តម្រូវការដែលកំពុងតែកើនឡើង។ លោកថា៖ «យើងកំពុងរង់ចាំការឆ្លើយតបចំពោះសំណើមួយនេះ»។
កាលពីខែ មេសា ដើមឆ្នាំនេះ ក្រុមហ៊ុន InfraCo Asia Development Pte Ltd និងក្រុមហ៊ុន EEE Korea Co Ltd តាមរយៈក្រុមហ៊ុន Asia Salt (Cambodia) បានវិនិយោគទឹកប្រាក់ ២,៩ លានដុល្លារបើកកសិដ្ឋានលើផ្ទៃដី ១២០ ហិកតា ដោយដាក់បញ្ចូលនូវបច្ចេកវិទ្យាផលិតអំបិលទំនើបដែលរំពឹងថានឹងអាចផលិតអំបិល ២ ម៉ឺនតោន ក្នុងដំណាក់កាលដំបូងសម្រាប់នាំចេញទៅប្រទេស កូរ៉េខាងត្បូង។
លោក លី សេង ឲ្យដឹងថា ក្រុមហ៊ុនបានជួលដីពីកសិករ ១២០ ហិកតានៃផ្ទែដី ៤ ៥០០ ហិកតា ហើយសន្យាថា ផលអំបិលដែលប្រមូលបាននឹងត្រឡប់ចូលសមាគមវិញបើការផលិតអំបិលរបស់សមាគមមិនគ្រប់សម្រាប់ទីផ្សារក្នុងស្រុក។ អំបិលលក់ចេញពីតំបន់នេះមានតម្លៃ ១៦ ០០០ រៀល មួយបាវ ៥០ គីឡូក្រាម៕