ភ្នំពេញៈ ក្រុមមន្ត្រី​ជាន់ខ្ពស់​ប្រទេស​កូរ៉េខាងត្បូង ​បាន​បង្ហាញ​ពី​បំណង​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា​នៅ​ខែ​ក្រោយ​នេះ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ខណៈ​ធុរជន​ក្នុង​ស្រុក​សាទរ​ចំពោះ​ព័ត៌មាន​នេះ​។

លោក Hong Nam-ki រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​សារព័ត៌មាន The Korean Herald ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​កូរ៉េ​នឹង​ព្យាយាម​ចាប់ផ្តើម​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​កម្ពុជា​នៅ​ខែ​កក្កដា​ខាងមុខ​។

ការថ្លែង​ដូចនេះ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​នៅក្នុង​ទីក្រុង​សេអ៊ូល ដោយ​និយាយថា ប្រទេស​ទាំង ២ ​បាន​បញ្ចប់​ការសិក្សា​រួមគ្នា​ស្តីពី​សក្តានុពល​ពាណិជ្ជកម្ម​សេរី​កាលពី​ខែ​មុន​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​នឹង​រាយការណ៍​អំពី​បញ្ហា​នេះ​ទៅ​រដ្ឋសភា និង​បំពេញ​នីតិវិធី​ក្នុងស្រុក​នៅ​ចុងខែ​នេះ ហើយ​នឹង​ចាប់ផ្តើម​កិច្ចពិភាក្សា FTA ទ្វេភាគី​នៅ​ខែក្រោយ​»​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​មិនអាច​ទាក់ទង​បានទេ​កាលពី​ម្សិលមិញ​។

អ្នកស្រី ម៉ៅ សុធា អ្នកគ្រប់គ្រង​ផ្នែក​លក់​ក្រុមហ៊ុន Kirirom Food Product Co., Ltd ដែល​ជា​រោងចក្រ​កែច្នៃ​ផលិតផល​ពី​ផ្លែស្វាយ និង​បាន​នាំ​ផលិតផល​មួយចំនួន​ទៅកាន់​ទីផ្សារ​កូរ៉េ ពេល​កន្លង​មក​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ប្រសិនបើ​រដ្ឋាភិបាល​ទាំង​ ២ ​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​នឹង​ជួយ​ជំរុញ និង​សម្រួល​ដល់​ការនាំចេញ​របស់​ក្រុមហ៊ុន​ទៅកាន់​ទីផ្សារ​ប្រទេស​កូរ៉េ​ខាងត្បូង​។

អ្នកស្រី​ថ្លែងថា​៖ «​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​លទ្ធភាព​ប្រកួតប្រជែង​សម្រាប់​វិស័យ​ឯកជន​ក្នុងការ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​កូរ៉េខាងត្បូង​»​។

កាលពី​ឆ្នាំមុន​កម្ពុជា និង​កូរ៉េ​ខាងត្បូង​បាន​ចុះហត្ថលេខា​លើ​ការសិក្សា​លទ្ធភាព​រួមគ្នា​មួយ​ស្ដីពី​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​ប្រទេស​ទាំង ២ ក្នុង​គោលបំណង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម ការវិនិយោគ និង​ការរឹតចំណង​ទ្វេភាគី​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ កាលពី​ឆ្នាំមុន​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ សម្រេច​បាន​ជាង ១ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ ២០១៩ កើនឡើង​ជាង ៣៦ ​ភាគរយ បើ​ធៀប​នឹង ៧៥៦ លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។ កម្ពុជា​បាន​នាំចេញ ៣៣៥ ​លាន​ដុល្លារ​ទៅ​កូរ៉េ ខណៈ​នាំចូល​មកវិញ ៦៩៦ លាន​ដុល្លារ​ក្នុងអំឡុង​ពេលនេះ​។

ទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​កូរ៉េ​ភាគច្រើន​ជា សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ វេជ្ជសាស្ដ្រ​ភេសជ្ជៈ កៅស៊ូ ឧបករណ៍​អេឡិចត្រូនិក និង​ផលិតផល​កសិកម្ម ខណៈ​នាំចូល​មកវិញ​រួមមាន​រថយន្ត ភេសជ្ជៈ ឧបករណ៍​អេឡិចត្រូនិក ឧបករណ៍​​ប្រើប្រាស់​ក្នុង​គេហដ្ឋាន វេជ្ជសាស្ដ្រ និង​ផលិតផល​ប្លាស្ទិក​៕ LA