ភ្នំពេញៈ កម្ពុជា-កូរ៉េ​ខាងត្បូង​នឹង​ចាប់ផ្តើម​ធ្វើការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជុំ​ទី​ ១ នៅ​ថ្ងៃនេះ​ (​ព្រហស្បតិ៍​) ដែល​ជា​ការបោះ​ជំហាន​ថ្មី​មួយទៀត​របស់​កម្ពុជា​នៅក្នុង​ការធ្វើ​ពិពិធកម្ម​ផលិតផល​នាំចេញ​របស់ខ្លួន បន្ទាប់ពី​ការចរចា​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​ទើបត្រូវ​បាន​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-កូរ៉េខាងត្បូង​ជុំ​ទី​ ១ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ តាមរយៈ​វីដេអូ​ខន់ ហ្វើរ៉ិន​។

លោក​ថ្លែង​ថា​៖ «​យើង​ចង់​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ជាច្រើន ប៉ុន្តែ​លទ្ធភាព​យើង​ត្រូវ​ជ្រើសរើស​ប្រទេស​ណា​ដែលមាន​សក្តានុពល​អាច​ផ្តល់​ផលចំណេញ​ដល់​សេដ្ឋកិច្ច​ច្រើន​ឲ្យ​គ្នា​ទៅវិញទៅមក ដូច្នេះ​យើង​បានចាប់ផ្តើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កូរ៉េ​ជាមុន​»​។

ក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​អង្គារ​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​អះអាងថា ក្រុមការងារ​ក្រសួង​ពាណិជ្ជកម្ម​នឹង​ព្យាយាម​បញ្ចប់​ការចរចា​ជាមួយ​កូរ៉េ​ខាងត្បូង​ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស​នៅ​ចុងឆ្នាំ​នេះ ហើយ​អាច​ឈានដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ដើម​ឆ្នាំ​ក្រោយ​។

លោក​ថ្លែងថា​៖ «​ចំពោះ​កូរ៉េ​យើង​បាន​ប្រកាស​រួចហើយ​ក្នុង​ខែ​កក្កដា​នេះ​។ ក្រុម​ការងារ​នឹង​ចរចា​ឲ្យ​ចប់​ផ្នែក​សំខាន់ៗ​នៅ​ចុង​ឆ្នាំនេះ​។ រដ្ឋាភិបាល​ទាំង​ ២ មើលឃើញ​ថា វា​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​»​។

លោក​បន្តថា ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កូរ៉េ រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​សម្លឹងមើល​ពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ឥណ្ឌា អូស្ត្រាលី នូវែល​សេឡង់ អាមេរិក កាណាដា ចក្រភព​អង់គ្លេស និង​ជប៉ុន​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​មហិច្ឆតា​របស់​យើង​មិនមែន​តែ​ជាមួយ​ចិន​ប៉ុណ្ណោះ​ទេ បើសិន​ចក្រភព​អង់គ្លេស​បែកចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ យើង​ក៏​ពិនិត្យមើល​អង់គ្លេស​ដែរ យើង​បាន​នាំ​ចេញទៅ​អឺរ៉ុប ២៥ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ ដូច្នេះ​មិនមែន​តូច​ទេ​ទីផ្សារ​អង់គ្លេស​ធំ​ណាស់​»​។

លោក Shin Jongsoo អគ្គនាយក​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​កូរ៉េ (KOTRA) ប្រចាំ​កម្ពុជា​ទើប​តែងតាំង​ថ្មី​បាន​ឲ្យ​ដឹង​នៅក្នុង​ជំនួប​ជាមួយ​លោក ងួន ម៉េងតិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​ថា ស្ថាប័ន​លោក​នឹង​ជួយ​ជំរុញ​បន្ថែមទៀត​លើ​ការចរចា​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ​។

លោក​បាន​បន្តថា ដោយមាន​ទំនាក់ទំនង​ដ៏រឹងមាំ​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​ពាណិជ្ជកម្ម​ដែល​កើនឡើង​ជា​លំដាប់​នោះ ភាគី​ទាំង​ ២ ​នឹង​ជួយ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​លើកកម្ពស់​ទំនាក់ទំនង​ធុរកិច្ច និង​វិនិយោគ​ជាមួយ​គ្នា​បន្ថែមទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​នឹង​សហការ​គ្នា​ក្នុង​ការជំរុញ​ឲ្យ​មាន​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ​ឲ្យ​ស្រប​ទៅ​តាម​គោលនយោបាយ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ ២»​។

លោក ងួន ម៉េងតិច បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ​នឹង​ជួយ​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ទូលំទូលាយ ហើយ​វា​ក៏​នឹង​ជួយ​ជ្រោមជ្រែង​ដល់​អ្នក​នាំចេញ និង​នាំចូល​រវាង​ប្រទេស​ទាំង​ ២ ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​តាមរយៈ​ការផ្តល់​ទីផ្សារ​ដៃគូ និង​ការបន្ថយ​របាំង​ពាណិជ្ជកម្ម​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​សង្ឃឹមថា​ការចរចា​លើ​កិច្ចព្រមព្រៀង​នេះ​នឹង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ ២»​។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​កូរ៉េខាងត្បូង​សម្រេច​បាន​ជាង ១ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ កើន​ជាង​ ៣៦ ​ភាគរយ​ធៀប​នឹង ៧៥៦ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​ពលករ​កម្ពុជា​នៅ​កូរ៉េ​កាលពី​ខែកុម្ភៈ​៕LA