ភ្នំពេញ៖ ប្រទេស​កម្ពុជា​-​កូរ៉េ​ខាង​ត្បូង បាន​បញ្ចប់​ការ​ចរចា​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​(FTA) ​​ទ្វេ​ភាគី​ជុំ​ទី​៣ ​ដោយ​រំពឹង​ថា​នឹង​ជួយ​បង្កើន​ពាណិជ្ជកម្ម​និង​វិនិយោគ​ទ្វេភាគី​បន្ថែម​ទៀត​នៅ​ពេល​​កិច្ច​ព្រមព្រៀង​​នេះ​ចូល​ជា​ធរមាន ខណៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​ចិន​នឹង​ចុះហត្ថលេខា​ថ្ងៃ​នេះ​។​

កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង ​ដើម្បី​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នៃ​ផលិតផល​របស់​ភាគី​ទាំង ២ ចូល​ទៅ​ក្នុង​ទីផ្សារ​គ្នា​ទៅ​វិញ​ទៅ​មក​តាមរយៈ​ការ​កាត់​បន្ថយ​របាំង​ពន្ធគយ និង​របាំង​មិនមែន​ពន្ធគយ​។

លោក ស៊ាង ថៃ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ការ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ​ខាង​ត្បូង​ក្នុង​ជុំ​ទី​៣ ​ត្រូវ​បាន​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃទី ​៨ ខែ តុលា ប្រកប​ដោយ​ផ្លែ​ផ្កា​។​

លោក​បន្ត​ថា ភាគី​ទាំង ​២ បាន​បន្ត​ចរចា​គ្នា​លើ​ការ​បើក​ច្រក​ទីផ្សារ និង​លើ​អត្ថបទ​កិច្ច​ព្រមព្រៀង​ទាំងមូល​ដែល​គ្រប​ដណ្ដប់​លើ​ជំពូក​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ សេដ្ឋកិច្ច ពាណិជ្ជកម្ម​ផ្នែក​ទំនិញ វិធាន​ប្រភព​ដើម​ទំនិញ វិធាន​ជាក់លាក់​​សម្រាប់​ផលិតផល បែបបទ​គយ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​បញ្ហា​ច្បាប់ និង​ស្ថាប័ន​។​

លោក​ថ្លែង​ថា​៖ «​ការ​ចរចា​លើ​ជំពូក​នីមួយៗ បាន​ទទួល​លទ្ធផល​ផ្សេងៗ​គ្នា ក្នុង​នោះ ជំពូក​ស្តីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​វិធាន​ជាក់​លាក់​សម្រាប់​ផលិតផល​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​»​។​

លោក Park Heung-kyeong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​សុន្ទរកថា​ក្នុង​ទិវា​មូលនិធិ​ជាតិ​កូរ៉េ កាល​ពី​ថ្ងៃទី ​៦ ខែ​តុលា ត្រូវ​បាន​ស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​ជួយ​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី និង​ជំរុញ​វិនិយោគិន​កូរ៉េ​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​។​

លោក​ថ្លែង​ថា​៖ «នៅ​ពេល​ដែល​ការ​ចរចា​រវាង​ប្រទេស​ទាំង ​២ ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ យើង​រំពឹង​ថា​នឹង​មាន​ការ​កើន​ឡើង​ទំហំ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទ្វេភាគី​»​។​ ​

លោក​បាន​ថ្លែង​បន្ត​ទៀត​​ថា ចាប់​តាំង​ពី​ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង ២ នៅ​ក្នុង​ឆ្នាំ ១៩៩៧ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ឡើង ១៩ ដង កើន​ពី ៥៤ លាន​ដុល្លារ រហូត​ដល់ ១ ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​មុន​។​

ក្រុមហ៊ុន​កូរ៉េ​បាន​ឈរ​នៅ​លំដាប់​ទី​២ ​នៃ​ការ​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា​ដោយ​មាន​ក្រុមហ៊ុន​ជាង ២០០ កំពុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​យ៉ាង​សកម្ម​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ កសិកម្ម និង​ហិរញ្ញវត្ថុ​ជា​ដើម​។

លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ​រូប​នេះ​បាន​ថ្លែង​បន្ត​ទៀត​ថា​៖ «​ក្នុង​នាម​ជា​​ដៃគូ​ល្អ​ដែល​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រទេស​កូរ៉េ ​នឹង​បន្ត​ជំរុញ​ពាណិជ្ជកម្ម​វិនិយោគ​បន្ថែម​ទៀត​»​។​

ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា និង​កូរ៉េ​ខាង​ត្បូង​សម្រេច​បាន​ជាង ១ ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០១៩ កើន​ជាង ៣៦ ភាគរយ បើ​ធៀប​នឹង ៧៥៦ លាន​ដុល្លារ​ កាល​ពី​ឆ្នាំ ២០១៨​។ នេះ​បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​ពលករ​កម្ពុជា​នៅ​កូរ៉េ​កាល​ពី​ខែ​កុម្ភៈ​៕