ភ្នំពេញៈ ការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូង ត្រូវបានរំពឹងថានឹងបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ ២០២០ នេះ បន្ទាប់ពីក្រុមអ្នកចរចានៃប្រទេសទាំង ២ បានយល់ស្របគ្នានូវលក្ខខណ្ឌជាច្រើននៃកិច្ចព្រមព្រៀងនេះ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកត់សម្គាល់ថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូងទាំង ២ ជុំកន្លងមកទទួលបានផ្លែផ្កាជាទីគាប់ចិត្ត ហើយភាគីទាំង ២ បានប្តេជ្ញារួមគ្នានឹងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងនេះនៅត្រឹមដំណាច់ ឆ្នាំ ២០២០ នេះ។
ការថ្លែងរបស់លោកត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំចង្អៀតមួយជាមួយនឹងប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលពិភាក្សាលើលទ្ធផលនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នៅទីស្តីការក្រសួងកាលពីថ្ងៃទី ២ ខែតុលា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។ លោកថា កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនៃផលិតផលរបស់ភាគីទាំង ២ ចូលទៅក្នុងទីផ្សារគ្នាទៅវិញទៅមកតាមរយៈការកាត់បន្ថយរបាំងពន្ធគយ និងរបាំងមិនមែនពន្ធគយ។
លោកថា៖ «ការចរចាកិច្ចព្រមព្រៀងនេះក៏បានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងលើការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងតំបន់ និងសកលលោក ទោះក្នុងស្ថានភាពដ៏លំបាកនាពេលបច្ចុប្បន្ននេះ។ យើងនឹងទទួលបាននូវទីផ្សានាំចេញសម្រាប់ផលិតផលរបស់យើងដែលមានលក្ខណៈកាន់តែសម្បូរបែប និងប្រសើរជាងមុន»។
ប្រទេសទាំង ២ បានចរចាគ្នា ២ ជុំរួចមកហើយកាលពីថ្ងៃទី ៣១ ខែសីហា និងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២០។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ការចរចា ២ ជុំកន្លងមក ភាគីទាំង ២ បានពិភាក្សាលើការបើកទីផ្សារ (Market Access) រួមមាន ពាណិជ្ជកម្មទំនិញ ឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើតទំនិញ នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម សហប្រតិបត្តិការសេដ្ឋកិច្ច និងនីតិកម្ម និងស្ថាប័ន។
លោកបានថ្លែងឱ្យដឹងទៀតថា៖ «ភាគីទាំង ២ បានយល់ឃើញថា ការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះនឹងផ្តល់ផលចំណេញលើសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យគ្នាទៅវិញ-ទៅមក»៕