ភ្នំពេញៈ ​ប្រទេស ​កម្ពុជា ​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ដើម្បី​នាំចូល​នាវា​ថាមពល​អគ្គិសនី ​២០០ ​មេហ្គាវ៉ាត់​របស់​ប្រទេស ​តួកគី ​ដើម្បី​បំពេញ​តម្រូវ​ការ​អគ្គិសនី​ដែល​កំពុង​ខ្វះខាត​របស់​ប្រទេស​ ​កម្ពុជា​។ ​នេះ​បើ​​​តាម​​លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន​ សែន​​។​

ថ្លែង​ទៅ​កាន់​កម្មករ​រោងចក្រ​កាត់​ដេរ​ នៅ​ខេត្តពោធិ៍​សាត់ ​កាល​​ពី​ម្សិលមិញ ​លោក​នាយក​​រដ្ឋមន្ដ្រី​ ហ៊ុន ​សែន ​បាន​ឲ្យ​ដឹង​​ថា អគ្គនាយក​អគ្គិសនី​កម្ពុជា​ (EDC) ​នឹង​ធ្វើ​ដំណើរ​ទៅ​​ប្រទេស ​តួកគី ​ដើម្បី​ការ​ចរចា​​​នាំចូល​នាវា​ថាមពល​អគ្គិសនី​ កម្លាំង ​២០០ ​មេហ្គាវ៉ាត់​របស់​ប្រទេស ​តួកគី​ មក​កម្ពុជា​សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការ​ទីក្រុង​។​

លោក​ថ្លែង​ថា​៖ «​លោក ​កែវ ​រតនៈ​ នឹង​ធ្វើ​ដំណើរ​ជា​បន្ទាន់​ទៅ​ប្រទេស តួកគី ​ដើម្បី​នាំយក ​[​នាវាថាម​ពល]​ ២០០ មេហ្គាវ៉ាត់​​សម្រាប់​ការ​ផ្គត់ផ្គង់»​។

លោក​​បន្តថា​៖​ ​«​ប្រសិន​បើ​ឯកភាព​គ្នា​លើ​តម្លៃ​ហើយ​យើង​​នឹង​​នាំចូល​មក​ដើម្បី​​ផ្គត់ផ្គង់​តម្រូវ​​ការ​ទីក្រុង​ភ្នំពេញ ​សម្រាប់​រយៈពេល ​២-៣ ឆ្នាំ​សិន​»។​

លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន ​សែន ​កាល​ពី​សប្ដាហ៍​មុន ​បាន​អំពាវ​នាវ​ឲ្យ​សាធារណជន​ ​និង​ម្ចាស់​ក្រុមហ៊ុន ​ប្រើប្រាស់​ម៉ាស៊ីន​ភ្លើង​​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ជា​បណ្ដោះ​អាសន្ន ​ដោយសារ​តែ​អគ្គិសនី​កម្ពុជា ​មិន​អាច​ផលិត​ថាមពល​អគ្គិសនី​គ្រប់គ្រាន់ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​។

លោក​ឲ្យ​ដឹង​ទៀត​ថា​ តម្រូវ​ការ​​អគ្គិសនី​ត្រូវ​បាន​កើន​ឡើង​ ដោយសារ​តែ​កំណើន​វិស័យ​សំណង់​​នៅ​ក្នុង​ប្រទេស ​កម្ពុជា​។​

កម្ពុជា ​គ្រោង​នឹង​បង្កើន​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់ ​២ ​៨៧០,​៦៥​ មេហ្គាវ៉ាត់​នៅ​ឆ្នាំ​នេះ​ ​កើន​ឡើង​ពី​ ២ ៦៥០,​២៦​​​មេហ្គាវ៉ាត់​កាល​ពី​ឆ្នាំមុន​​។​ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ ​២០១៨ ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​(EAC)​។

របាយការណ៍​​បង្ហាញ​ថា​ កម្ពុជា​នឹង​បន្ត​​នាំចូល​ថាមពល​​ពី​បណ្ដា​ប្រទេស​ជិត​ខាង​ក្នុង​ទំហំ​ដូច​គ្នា​នឹង​​​​ឆ្នាំ​នេះ​ និង​ឆ្នាំ​មុន ​ក្នុង​ទំហំ ​៤៤២,​៥០ ​មេហ្គាវ៉ាត់ ​ក្នុង​នោះ​ ២៧៧ ​​មេហ្គាវ៉ាត់​នឹង​ត្រូវ​នាំចូល​​មក​ពី​វៀតណាម ​១៣៥​,​៥​០ ​​មេហ្គាវ៉ាត់ ​មក​ពី​​ថៃ ​និង​ ​៣០ ​មេហ្គាវ៉ាត់​មក​ពី​​ឡាវ​​។ ​ជាមួយ​នឹង​ផែនការ​នេះ ​រដ្ឋាភិបាល​រំពឹង​ថា ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នឹង​កើន​​ឡើង​​នៅ​ឆ្នាំ​នេះ​​ដល់ ​១០ ​៨០៧,​៧១ ​​ជីហ្គាវ៉ាត់​ម៉ោង ពី​ ៩ ៣០៧,​៣៣ ​ជីហ្គាវ៉ាត់​ម៉ោង​​នៅ​​ឆ្នាំ ​២០១៨​​។

ការ​ទិញ​ថាមពល​ពី​ប្រទេស ​តួកគី ​នេះ​ត្រូវ​បាន​លោក​នាយក​​រដ្ឋមន្ត្រី​អះអាង​ថា ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​តម្លៃ​ប្រើប្រាស់​ក្នុង​ស្រុក​​​ឡើយ។​ លោក​ថ្លែង​ថា៖ «​ទោះ​​បី​ជា​យើង​ទិញ​ពី​តួកគី ​ថ្លៃ​តិច​​មែន ​តែ​ប្រជា​ពលរដ្ឋ​មិន​ទទួល​​ផល​ប៉ះពាល់​ដល់​ថ្លៃ​ភ្លើង​​ទេ​ សូម​បញ្ជាក់​ជូន​ថា ​តម្លៃ​​សម្រាប់​ផលិតកម្ម ​ឧស្សាហកម្ម ​កសិកម្ម​ និង​ប្រជា​ពលរដ្ឋ មិន​​ត្រូវ​ទទួល​ផល​ប៉ះពាល់ ​[ដោយសារ​តម្លៃ]​ ទេ»​។

កាល​ពី​សប្ដាហ៍​មុន​ EDC ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ក្នុង​ការ​នាំយក​អគ្គិសនី ​២០០ ​មេហ្គាវ៉ាត់​​បន្ថែម​ពី​ប្រទេស ​ឡាវ ដែល​នឹង​​ត្រូវ​ផ្គត់ផ្គង់​ចាប់​ពី​ឆ្នាំ​ ​២០២១​​។

លោក ​ជីវ ​ស៊ីវផេង ​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​សំណង់​​កម្ពុជា ​ស្វាគមន៍​ការ​នាំចូល​​នាវា​នេះ​ ហើយ​បាន​ឯកភាព​​ថា​កំណើន​ក្នុង​វិស័យ​សំណង់​បាន​ធ្វើ​ឲ្យ​មាន​តម្រូវ​ការ​​ប្រើប្រាស់​ថាមពល​កាន់​តែ​ច្រើន​។ ​លោក​ថ្លែង​ថា​៖ «​នោះ​ជា​ការ​ពិត​ កំណើន​សំណង់​នឹង​ឆ្លុះ​​បញ្ចាំង​តម្រូវ​ការ​អគ្គិសនី»​។ ​

លោក​បន្ត​ថា៖​ «វា​ជា​បញ្ហា​ប្រឈម​​សម្រាប់​ពួក​​យើង ​ប្រសិន​បើ​​យើង​ខ្វះ​អគ្គិសនី​ EDC ​មាន​ភារកិច្ច​ដើម្បី​​ធ្វើ​គម្រោង​ត្រឹមត្រូវ​​ដើម្បី​ឆ្លើយ​តប​​នឹង​កំណើន​តម្រូវ​​ការ​ ដែល​ការ​នាំចូល​ដើម្បី​​លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រទេស»​៕ LA​