ភ្នំពេញៈ កម្ពុជា-កូរ៉េខាងត្បូងកំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយគ្នាក្នុងជុំទី ២ ខណៈការចរចាជុំទី ១ បានបញ្ចប់ទៅកាលពីខែកក្កដា។ នេះជាការធ្វើពិពិធកម្មផលិតផលនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសកូរ៉េ។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េជុំទី ២ នេះមានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ៣ ខែកញ្ញា ដែលការចរចានេះធ្វើឡើងតាមរយៈវីដេអូខនហ្វើរ៉ិន។
លោកបន្តថា ការចរចានេះគឺជាការពិភាក្សាលើការបើកទីផ្សារ (Market Access) និងលើអត្ថបទនៃកិច្ចព្រមព្រៀងដែលមាន ៦ ជំពូកសំខាន់ៗ រួមមាន ពាណិជ្ជកម្មទំនិញ ឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើតទំនិញ នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម សហប្រតិបត្តិការសេដ្ឋកិច្ច និងនីតិកម្ម និងស្ថាប័ន។
លោកថ្លែងបន្តថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះនឹងជួយបើកទីផ្សារឲ្យកម្ពុជាកាន់តែធំជាងមុន ហើយវានឹងជួយទាក់ទាញវិនិយោគពីបរទេសបន្ថែមទៀត បើប្រទេសទាំង ២ សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ»។
លោក តិច ម៉េង មន្ត្រីនៃក្រុមហ៊ុន Confirel Co.,Ltd ដែលជាក្រុមហ៊ុននៅក្នុងស្រុកផលិត និងនាំចេញផលិតផលពីស្ករតោ្នត និងម្រេចកំពតបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជាជាមួយបណ្តាប្រទេសនានានឹងជួយបើកទីផ្សារបន្ថែមទៀតឲ្យវិស័យឯកជន ពិសេសប្រទេសចិនដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងចូលជាធរមាននៅឆ្នាំក្រោយ។
លោកបន្ថែមថា ជាក់ស្តែងបន្ទាប់ពីទីផ្សារអាមេរិក ចិន តៃវ៉ាន់ វៀតណាម កាហ្សាក់ស្ថាន និងកូតឌីវ័រ ទីផ្សារកូរ៉េខាងត្បូងបានរួមចំណែកជួយជំរុញកំណើនការនាំចេញស្ករត្នោតរបស់ក្រុមហ៊ុនឲ្យឡើងរហូតដល់ ៩២ ភាគរយនៅក្នុងឆមាសទី ១ ឆ្នាំ ២០២០ នេះបើធៀបនឹងឆមាសទី ១ ឆ្នាំមុន។
ក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីខែកក្កដាលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអះអាងថា ក្រុមការងារក្រសួងពាណិជ្ជកម្មនឹងព្យាយាមបញ្ចប់ការចរចាជាមួយកូរ៉េខាងត្បូងក្នុងក្របខ័ណ្ឌបច្ចេកទេសនៅចុងឆ្នាំនេះ ហើយអាចឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅដើមឆ្នាំក្រោយ។
លោកថ្លែងថា៖ «ចំពោះកូរ៉េយើងបានប្រកាសរួចហើយក្នុងខែកក្កដានេះ។ ក្រុមការងារនឹងចរចាឲ្យចប់ផ្នែកសំខាន់ៗនៅចុងឆ្នាំនេះ។ រដ្ឋាភិបាលទាំង ២ មើលឃើញថា វាផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក»។
លោកបន្តថា ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េ រដ្ឋាភិបាលកម្ពុជាក៏កំពុងសម្លឹងមើលពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសឥណ្ឌា អូស្ត្រាលី អាមេរិក កាណាដា ចក្រភពអង់គ្លេស នូវែលសេឡង់ និងជប៉ុន។
លោកបញ្ជាក់ថា៖ «មហិច្ឆតារបស់យើងមិនមែនតែជាមួយចិនប៉ុណ្ណោះទេ បើសិនចក្រភពអង់គ្លេសបែកចេញពីសហភាពអឺរ៉ុបជាផ្លូវការ យើងក៏នឹងពិនិត្យមើលប្រទេសអង់គ្លេសផងដែរ យើងបាននាំចេញទៅអឺរ៉ុប ២៥ ភាគរយក្នុង ១ ឆ្នាំ ដូច្នេះមិនមែនតូចទេទីផ្សារអង់គ្លេសធំណាស់»។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងកូរ៉េខាងត្បូងសម្រេចបានជាង ១ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៩ កើនជាង ៣៦ ភាគរយ បើធៀបនឹង ៧៥៦ លានដុល្លារកាលពីឆ្នាំ ២០១៨។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបជាមួយពលករកម្ពុជានៅកូរ៉េកាលពីខែកុម្ភៈ៕ LA