ភ្នំពេញៈ វិស័យ​បច្ចេកវិទ្យា​កម្ពុជា​កំពុង​បង្ហាញ​ការវិវឌ្ឍ​វិជ្ជមាន ហើយ​និន្នាការ​នៃ​យុគសម័យ​ឌីជីថល​ដើរ​ឆ្ពោះ​ទៅ​រក​ការប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ទំនើប ជា​និន្នាការ​មួយ​ដែល​ពាណិជ្ជករ​ក្នុង​ស្រុក​ត្រូវ​ស្វែងយល់ និង​ត្រៀម​ខ្លួន​ឲ្យ​បាន​មុន​ដើម្បី​ពង្រឹង​ភាព​ប្រកួត​ប្រជែង​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ការ​បំផ្លាស់ប្តូរ​ទៅ​កាន់​យុគសម័យ​ឌីជីថល​ដោយ​ឆ្ពោះ​ទៅ​រក​ការតភ្ជាប់​បច្ចេកវិទ្យា​អ៊ីនធឺណិត និង​ឧបករណ៍ (Internet of Thing) បញ្ញា​សិប្បនិម្មិត (Artificial Intelligence) ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ខ្នាត​ធំ និង បច្ចេកវិទ្យា​ពពក (Cloud Computing) ដែល​ធ្វើ​ឡើង​នៅ​ភ្នំពេញ​កាលពី​ម្សិលមិញ​ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើក​ឡើង​ថា​នៅពេល​នេះ​ ជា​ពេលវេលា​ក្នុង​ការ​ចាប់ផ្ដើម​ការ​រៀបចំ​ផែនការ និង​ការបង្កើត​ជំនាញ និង​ហេដ្ឋារចនាសម្ព័ន្ធ​ខាង បញ្ញា​សិប្បនិម្មិត (AI) និង (IoT) ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការគាំទ្រ​ដល់​ការសម្រេច​ចិត្ត​ខាង​អាជីវកម្ម​។

លោក​ថ្លែង​ថា​៖ «២-៣ ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​បាន​មើលឃើញ​ការផ្ទុះ​ឡើង​ក្នុង​វិស័យ ICT ដែល​បាន​ផ្លាស់ប្តូរ សេដ្ឋកិច្ច​ជាច្រើន​លើ​ទ្រង់ទ្រាយ​ពិភពលោក​»​។ លោក​បន្ត​ថា​៖ «​កតា្ត​ជំរុញ​កំណើន​សេដ្ឋកិច្ច​បាន​ក្លាយ​ជា​ការ​ប្រើប្រាស់​ព័ត៌មាន​ច្រើន និង​ពឹងផ្អែក​កាន់តែ​តិច​លើ​ធនធាន​ធម្មជាតិ​ជាមួយ​នឹង ICT ស្ទើរ​តែ​គ្របដណ្តប់​ដល់​គ្រប់​ទិដ្ឋភាព​នៃ​សកម្មភាព​សេដ្ឋកិច្ច​ទាំងអស់​»​។

សិក្ខា​សាលា​កាលពី​ម្សិលមិញ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ ប្រៃសណីយ៍​ទូរគមនាគមន៍ និង ICT (NIPTIC) និង​ក្រុមហ៊ុន Kepstar Data Centre Management Co. Ltd (Kepstar)​។ វា​ជា​គោលបំណង​ក្នុង​ការ​រួម​គ្នា និង​តភ្ជាប់​រដ្ឋាភិបាល សាជីវកម្ម ធនាគារ អាជីវកម្ម​បង្កើត​ថ្មី ក្រុមហ៊ុន​ឯកជន និង​មេដឹកនាំ​ខាង​បច្ចេកវិទ្យា​ក្នុង​ការ​ចែករំលែក និង​​ពិភាក្សា​លើ​អនាគត​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការ​ផ្លាស់ប្តូរ​ឌីជីថល​។

យោង​តាម​ទិន្នន័យ​របស់ MPTC ប្រជាជន​កម្ពុជា​ប្រហែល ៣០ ​ភាគរយ​នៅ​តែ​មិន​មាន​អ៊ីនធឺណិត​ប្រើប្រាស់​កាលពី​ចុង​ឆ្នាំ​ ២០១៧​។ ត្រឹម​ឆ្នាំ​ ២០២០ រដ្ឋាភិបាល​កម្ពុជា​កំណត់​ទិសដៅ​សេវា​អ៊ីនធឺណិត ១០០ ​ភាគរយ​នៅ​តំបន់​ទីក្រុង និង​ ៧០ ​ភាគរយ​នៅ​តំបន់​ជនបទ​។

ខណៈ​លទ្ធភាព​ប្រើប្រាស់ ICT ដែល​មាន​គុណភាព​ខ្ពស់​បាន​ក្លាយ​ជាអាទិភាព​ដ៏សំខាន់​សម្រាប់​ក្រសួង លោក ត្រាំ អ៊ីវតឹក បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា យុទ្ធសាស្ដ្រ​របស់​ក្រសួង​មិន​គ្រាន់​តែ​មាន​បំណង​ពង្រីក​សេវា​អ៊ីនធឺណិត និង ​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​គេហទំព័រ​សម្រាប់​ការផ្លាស់ប្តូរ​ឌីជីថល និង​បង្កើត​ប្រព័ន្ធ​អេកូ​ឌីជីថល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

លោក ថៃ សុខវុត្ថា នាយក Te Aikhong Enterprise ជា​ក្រុមហ៊ុន​ដំណោះស្រាយ​ផ្នែក ICT ថ្លែង​ថា​ការផ្លាស់ប្តូរ​ខាង​បច្ចេកវិទ្យា​បាន​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​កម្ពុជា​ ដែល​អតិថិជន​ជាច្រើន​អាច​ប្រើប្រាស់​សេវា​បង់ប្រាក់​មុន និង​កម្មវិធី​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ដោយ​​ក្រុមហ៊ុន​ឯកជន និង​គ្រឹះស្ថាន​ធនាគារ​មួយ​ចំនួន​៕LA