ភ្នំពេញៈ រដ្ឋមន្ត្រី​កសិកម្ម​បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd ពង្រីក​ការចិញ្ចឹម​បង្កង​(Crabfish) ពីលើ​ផ្ទៃដី​ ២៥ ​ហិកតា​ទៅ​ដល់​ ១០០ ​ហិកតា​ឲ្យ​បាន​ឆាប់ ខណៈ​បង្កង​ប្រភេទ​នេះ​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការនាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​នៅពេល​ខាងមុខ​។

ការលើកឡើង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោក វេង សាខុន ដឹកនាំ​ក្រុមមន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​បង្កង Crabfish (​ពូជ​អូស្ត្រាលី​) របស់​ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd នៅ​ភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ កាលពី​ថ្ងៃអាទិត្យ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ថ្ងៃ​ចន្ទ​ថា Crabfish ជា​ប្រភេទ​បង្កង​ងាយ​ចិញ្ចឹម និង​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការវិនិយោគ និង​នាំចេញ ព្រោះ​បើ​កម្ពុជា​អាច​ចិញ្ចឹម​បាន​ច្រើន​ទីផ្សារ​នឹង​មិន​ខ្វះ​ទេ ជាក់ស្តែង​ក្នុង​ប្រទេស​ចិន​បាន​នាំចេញ​បង្កង​ប្រភេទ​នេះ​ទៅ​ទីផ្សារ​អាមេរិក និង​អឺរ៉ុប​ក្នុង​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​។

លោក​ថ្លែងថា​៖ «​នេះ​ជា​មូលហេតុ​ចម្បង​ដែល​ខ្ញុំ​ចង់​បណ្តុះ​គំនិត​ឲ្យ​ប្រជាជន​ខ្មែរ​នាំគ្នា​ចិញ្ចឹម​បង្កង​ប្រភេទ Crabfish ព្រោះ​វា​ងាយ​ចិញ្ចឹម និង​មាន​តម្រូវការ​ច្រើន​»​។

Crabfish គឺជា​ប្រភេទ​បង្កង​ដែល​មាន​សម្បក​ក្រាស់ ងាយ​ចិញ្ចឹម (​អាច​ចិញ្ចឹម​តាម​វាលស្រែ និង​ក្នុង​ស្រះ​បាន​) មិន​ងាយ​ស្លាប់ និង​អាចធ្វើ​បំផ្លាស់ទី​បាន​ដូច​សត្វ​ក្តាម ជាពិសេស​ចំណី​របស់​វា គឺ​គេ​អាច​ផលិត​ខ្លួនឯង​បាន​ដោយ​គ្រាន់តែ​យក​សណ្តែកសៀង ដំឡូង ពោត និង​ស្រូវ​កិន​លាយ​គ្នា​តែប៉ុណ្ណោះ​។ នេះ​បើតាម​លោក សាខុន​។

បច្ចុប្បន្ន​បង្កង (Crabfish) លក់​នៅ​កសិដ្ឋាន​ក្នុង​តម្លៃ ២៥ ​ដុល្លារ​ក្នុង ១ ​គីឡូក្រាម​។ រូបថត សហការី

លោក​បន្ថែម​ថា​ទោះ​យ៉ាងណា​ការចិញ្ចឹម​បង្កង​នេះ​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែរ ជាពិសេស​គឺ​កង្វះខាត​ប្រព័ន្ធ​ធារាសាស្ត្រ​។ លោក​ថ្លែង​បាន​ថា​៖ «​ប្រសិន​បើ​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់គ្រាន់ ការចិញ្ចឹម​បង្កង​ប្រភេទ​នេះ​នៅ​កម្ពុជា​នឹង​អាច​មាន​កំណើន​ឆាប់រហ័ស​»​។

យោងតាម​លោក សាខុន បច្ចុប្បន្ន​បង្កង​ប្រភេទ​នេះ​ក៏មាន​ការចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ខ្លះៗ​ដែរ​នៅ​កម្ពុជា ខណៈ​ការចិញ្ចឹម​ទ្រង់​ទាយ​ធំ​ដូច​ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd គឺ​មិនទាន់​មាន​នោះទេ​។

លោក​ប្រាប់ទៀត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd កំពុង​ចិញ្ចឹម​បង្កង​លើ​ផ្ទៃដី​ទំហំ ២៥ ​ហិកតា​ដោយ​គ្រោង​នឹង​ពង្រីក​ឲ្យ​ដល់ ១០០ ​ហិកតា​ក្នុងពេល​ឆាប់ៗ​ក្នុង​នោះ ៧០ ​ហិកតា​សម្រាប់​ផលិត​បង្កង​សាច់ និង ៣០ ​ហិកតា​ទៀត​សម្រាប់​ផលិត​​មេបា និង​កូន​ពូជ​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​លើកឡើង​ថា ការចូលរួម​បង្កើន​ការធ្វើ​វារីវប្បកម្ម​ក៏​ដើរ​ស្រប​គ្នា​ជាមួយ​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការពង្រឹង​ភាពម្ចាស់ការ និង​បង្កើន​ការនាំចេញ​ផលិតផល​នៅក្នុង​វិស័យ​កសិកម្ម​ផងដែរ​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​ជាមួយ​ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

តែបើ​យោងតាម​អ្នក​បច្ចេកទេស​របស់​ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd បាន​ឲ្យ​ដឹងថា កសិដ្ឋាន​នេះ​បានចាប់ផ្តើម​ដំណើរការ​កាលពី​ឆ្នាំ​ ២០១៦ ដោយ​ធ្វើការ​អភិវឌ្ឍ​ជា​បណ្តើរៗ​មានដូចជា ជីក​ស្រះ ចិញ្ចឹម​មេ អាង​ភ្ញាស់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​កសិដ្ឋាន​ជាច្រើន​ទៀត​។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សាក​ពិសោធ​ភ្ញាស់ និង​ចិញ្ចឹម​កូន​ពូជ​ឲ្យ​ស្របតាម​ក្សេត្រ​បរិស្ថាន​នៅក្នុង​តំបន់​នេះ​ក្នុង​ទិសដៅ​ដើម្បី​សម្រេច​តាម​ផែនការ​ផលិតកម្ម​ផលិត​បង្កង​សាច់​ឱ្យបាន ១ ​តោន​ក្នុង​ ១ ​ថ្ងៃ និង​កើន​ឡើង​ជា​បន្តបន្ទាប់​។

យោងតាម​អ្នកជំនាញ​ខាងលើ​បច្ចុប្បន្ន​ក្នុង​កសិដ្ឋាន​មានកូន​ពូជ​ប្រមាណ ៦០ ​ម៉ឺន​ ដែល​អាច​ផ្តល់​ផល​ប្រមាណ ៥០ ​តោន​ នៅ​រយៈពេល ៦​ ខែ និង​គ្រោង​ផលិត​កូន​ឲ្យ​បាន ៥-១០ ​លាន​កូន​នៅ​ឆ្នាំក្រោយ​។ បច្ចុប្បន្ន​បង្កង​ប្រភេទ​នេះ​មានតម្លៃ ២៥ ​ដុល្លារ​ក្នុង​ ១ ​គីឡូក្រាម​នៅ​កសិដ្ឋាន​។

លោក ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃអាទិត្យ​បាន​ស្នើឲ្យ​ក្រុមហ៊ុន​បង្កើន​ការភ្ញាស់​កូន​បង្កង​ដើម្បី​លក់ និង​ផ្តល់​បច្ចេកទេស​ដល់​ប្រជាកសិករ​ដែល​មាន​បំណង​ចិញ្ចឹម​បង្កង​ឲ្យ​បាន​ច្រើន​ដើម្បី​ពង្រីក​ទីផ្សារ​នាពេល​អនាគត​។ ជាមួយ​គ្នា​លោក​ក៏បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​ពង្រីក​ផលិតកម្ម​ទៅ​តំបន់​ផ្សេងៗ​ទៀតផង​ដែរ​។

របាយការណ៍​ប្រចាំត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញ​ថា ការចិញ្ចឹម​ត្រី និង​បង្គា​អនុវត្ត​បាន​ចំនួន ៥១ ៨៦៦ ​តោន កើនឡើង ២០ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ដែល​មាន​ចំនួន​ត្រឹមតែ ៤៣ ២២២ ​តោន​។ ចំណែក​កាលពី​ឆ្នាំ​ ២០១៩ ផ្នែក​វារីវប្បកម្ម​អនុវត្ត​បាន​ចំនួន ៣០៧ ៤០៨ ​តោន​កើនឡើង ២១ ​ភាគរយ​ពី​ចំនួន ២៥៤ ០៤៨ ​តោន​កាលពី​ឆ្នាំ​ ២០១៨៕ LA