ភ្នំពេញៈ ​កម្ពុជា​កំពុង​ស្វែងរក​ការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អាហ្វ្រិក​​តាមរយៈ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង ​ខណៈ​ចំណែក​ទីផ្សារ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​អឺរ៉ុប​បង្ហាញ​ពី​សញ្ញា​ធ្លាក់​ចុះ​នៅ​ឆមាស​ទី​១ ​នេះ​​។

ក្រៅ​ពី​ទីផ្សារ​ចិន ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រំពឹង​ថា ​ការ​នាំចេញ​ទៅ​អាហ្វ្រិក​​អាច​ជួយ​បំពេញ​ចំណែក​ទីផ្សារ​អឺរ៉ុប​។ ​នេះ​​បើ​យោង​តាម​ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាល​​ពីថ្ងៃ​ទី ១០ ​កក្កដា ​បាន​ជួប​ជាមួយ ​លោក​ George Kim J.H ប្រធាន​ក្រុមហ៊ុន ​JS GLOBLE CORPERATION និង​ជា​ភ្នាក់ងារ​សហគ្រាស​ធុន​តូច ​និង​មធ្យម​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បួង ​ជា​ច្រើន​ទៀត​ដើម្បី​ស្វែងរក​ឱកាស​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាហ្វ្រិក។​ ​

លោក ​មូល ​សារិទ្ធិ ​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ក្រុមហ៊ុន ​JS GLOBLE CORPERATION ​ចង់​បោះ​ទុន​វិនិយោគ​នាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ អាហ្វ្រិក។​

លោក​បញ្ជាក់​ថា៖​ «ក្រុមហ៊ុន​កូរ៉េ​ធំ​មួយ​ជា​ក្រុមហ៊ុន​សាជីវកម្ម​ផង ​និង​ជា​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​ផង តាមរយៈ​​ជំនួប​នោះ​យើង​ចង់​សហការ​គ្នា​បើក​ទីផ្សារ [នាំ​អង្ករ​ចេញ] ​ថែម​ទៀត ​ទៅ​ប្រទេស​ អាហ្វ្រិក»។

លោក​ថ្លែង​ថា​ក្រុមហ៊ុន​កូរ៉េ​នឹង​ទិញ​តែ​អង្ករ​ស​សុទ្ធ​ពី​កម្ពុជា ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​នៅ​ប្រទេស​អាហ្វ្រិក​។ ​លោក​​បញ្ជាក់​ថា៖ «[ការ​នាំ​អង្ករ]​ ទៅ​អាហ្វ្រិក​​វា​មិន​ផ្តោត​លើ​ស្តង់ដា ​អ៊ីចឹង​អា​ហ្វ្រិក​ត្រូវការ​ប្រភេទ​អង្ករ​ស ខ្ញុំ​គិត​ថា​ យើង​រក​ប្រទេស​ណា​ដែល​ត្រូវ​ការ ​[​អង្ករ]​ស្តង់ដា​ទាប ​ម្យ៉ាង​​ប្រជាពលរដ្ឋ​អាហ្វ្រិក​មាន​ជីវភាព​នៅ​មាន​កម្រិត​​ទាប ប្រជាពលរដ្ឋ​ត្រូវ​ការ​ទិញ​អង្ករ​តម្លៃ​ថោក»។

ការ​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី​១ ​ឆ្នាំ ២០១៩ ​មាន​ចំនួន​ ២៨១​ ៥៣៨ ​តោន​កើន​ឡើង ​៣,៧ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៨ ​ក្នុង​​នោះ​ការ​នាំចេញ​មាន​រហូត​ដល់ ១១៨ ​៤០១ ​តោន​ស្មើ​ចំណែក​ទីផ្សារ ​៤២,០៦ ភាគរយ ​ខណៈ​ដែល​ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​មាន​តែ ៩៣ ​៥០៣ ​តោន​ប៉ុណ្ណោះ ​ស្មើ​នឹង​ជាង ​៣៣ ​ភាគរយ​។ ​នេះ​បើ​យោង​តាម​របាយការណ៍​ពី​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែប​បទ​នាំចេញ​អង្ករ​។

លោក ​មូល ​សារិទ្ធិ ថ្លែង​ថា៖ «​ប្រសិន​បើ​យើង​អាច​ពង្រីក​ទីផ្សារ​នាំចេញ​ថែម​ទៀត ​ការ​នាំចេញ​យើង​កាន់​តែ​កើន​ឡើង ​​ ការ​នាំ​អង្ករ​ទៅ​អាហ្វ្រិក​​​អាច​​ជួយ​បង្កើន​ការ​នាំចេញ​របស់​យើង​ថែម​ទៀត»។

លោក ​កាន់​ គន្ធី អគ្គនាយក​រង​ក្រុមហ៊ុន​ អេមរុរ៉ាយស៍ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​លោក​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​កូរ៉េ JS GLOBLE CORPERATION ដែល​ចាប់​អារម្មណ៍​អង្ករ​ខ្មែរ។ ​ប៉ុន្តែ​លោក​បារម្ភ​​ថា ប្រភេទ​អង្ករ​ស​កម្ពុជា​ នឹង​មិន​អាច​ប្រកួត​ប្រជែង​ប្រទេស ​វៀតណាម ​និង​ថៃ​ទេ​។

លោក​បញ្ជាក់​ថា​៖ «បើ​និយាយ​​ពី​​ទីផ្សារ​ថ្មី យើង​គាំទ្រ ​តែ​បញ្ហា​សំខាន់​​អង្ករ​ស​របស់​យើង ​មិន​អាច​ប្រកួត​ប្រជែង​​ខាង​តម្លៃ​​បាន​ទេ ​ការ​នាំចេញ​ទៅ​អាហ្វ្រិក​គ្មាន​ការ​លើកលែង​ពន្ធ​អ្វី​ទេ គឺ​យើង​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​​វៀតណាម​ ថៃ»។

លោក​បន្ត​ថា ​អង្ករ​​ស​កម្ពុជា​មាន​តម្លៃ​​​ចន្លោះ​ពី ៤៣០ ដុល្លារ ​ទៅ ​៤៦០ ​ដុល្លារ ​ក្នុង​ ​១ ​តោន​ បើ​ធៀប​ជាមួយ​វៀតណាម​ និង​ថៃ ​ដែល​មាន​តម្លៃ​​ប្រមាណ​ ៣០០ ​ដុល្លារ​ប៉ុណ្ណោះ​ក្នុង ​១ តោន។​

ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​​ទៅ​ទីផ្សារ​​អាហ្វ្រិក​ក្នុង​ឆមាស​ទី១​ ឆ្នាំ ២០១៩ ​នេះ​ មាន​ជិត​ ២ ​​​ម៉ឺន​​តោន​។ នេះ​បើ​តាម​របាយការណ៍​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​៕ LA