ភ្នំពេញៈ អ្នកជំនាញនិយាយថាកម្ពុជាចាំបាច់បង្កើនការវិនិយោគលើការកែច្នៃផលិតផលកសិកម្មដើម្បីទទួលបានតម្លៃបន្ថែម និងការងារក្នុងស្រុក។
ឆ្នាំ២០១៤ ការនាំចេញកសិផលមិនទាន់កែច្នៃពីកម្ពុជាទៅប្រទេសវៀតណាមសរុបជាទឹកប្រាក់មានប្រមាណជិត៥០លានដុល្លារ ក្នុងនោះផលិតផលនាំចេញសំខាន់ៗរួមមាន គ្រាប់ស្វាយចន្ទី ពោត សណ្តែកដី ស្រូវ ដំឡូងមីស្រស់ ចំណិតដំឡូងមី កៅស៊ូ និងសណ្តែកសៀងជាដើម។ នេះបើតាមទិន្នន័យក្រសួងពាណិជ្ជកម្ម។
ទោះបីជាសេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកលើវិស័យកសិកម្ម ការនាំចេញកសិផលពីកម្ពុជាភាគច្រើនគឺនៅតែជាផលិតផលមិនទាន់កែច្នៃឬ ពាក់កណ្តាលសម្រេចដែលត្រូវហូរចេញទៅប្រទេសជិតខាងក្នុងតម្លៃទាប។
អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលគួរតែលើកទឹកចិត្តឲ្យមានការវិនិយោគលើកសិឧស្សាហកម្មដើម្បីកម្ពុជាទទួលបានតម្លៃបន្ថែម។
លោក យ៉ង សាំងកុមារ ប្រធានអង្គការ សេដាក លើកឡើងថា បើមានទីផ្សារសម្រាប់កសិផលកម្ពុជាគឺជារឿងល្អ តែថា កម្ពុជាអាចបង្កើនចំណូលពីវិស័យកសិកម្មកាន់តែច្រើនថែមទៀតបើកសិផលទាំងនោះត្រូវបានកែច្នៃមុននឹងនាំចេញ។
លោកថ្លែងថា៖ «ការមានទីផ្សារសម្រាប់កសិផលនៅក្រៅប្រទេស មិនថាប្រទេសវៀតណាម ឬប្រទេសណានោះទេ គឺល្អសម្រាប់កសិករ ដោយសារប្រទេសយើង ការកែច្នៃផលិតផលកសិកម្មនៅមានកម្រិតនៅឡើយ។ កម្ពុជាមិនពឹងផ្អែកលើប្រទេសវៀតណាម ឬ ថៃសម្រាប់ផលិតផលកសិកម្មរបស់ខ្លួននោះទេ តែនេះជាការដោះដូរពាណិជ្ជកម្មរវាងប្រទេស និងប្រទេស»។
ទោះជាយ៉ាងណា លោកឲ្យដឹងថា តួលេខនេះវាមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតនៃការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅប្រទេសវៀតណាមនោះទេ។
លោកបន្តថា៖ «ទឹកប្រាក់៥០លានដុល្លារនេះតិចណាស់។ នរណាក៏ដឹងថា ស្រូវដែលនាំចេញពីកម្ពុជាទៅវៀតណាមមានមិនតិចជាង ១ លានតោននោះទេដែលមានតម្លៃក្បែររយលានដុល្លាររួចហើយ»។
លោកស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកាលពីម្សិលមិញឲ្យដឹងថា ចំនួនឧស្សាហកម្មកែច្នៃផលិតផលកសិកម្មនៅមានកម្រិតបានធ្វើឲ្យកសិផលកម្ពុជាមួយភាគធំ ត្រូវបាននាំចេញទៅប្រទេសជិតខាងជាផលិតផលមិនទាន់កែច្នៃ ឬ ពាក់កណ្តាលសម្រេច ដែលមិនមែនមានតែប្រទេសវៀតណាម មួយប៉ុណ្ណោះទេ មានថៃ និងប្រទេសចិនផងដែរ។
លោកថ្លែងថា កម្ពុជាកំពុងបាត់បង់ចំណូលបន្ថែមពីវិស័យកសិកម្មនេះតាមរយៈការនាំចេញកសិផលស្រស់ និងពាក់កណ្តាលសម្រេចទៅប្រទេសជិតខាង។
លោកបន្តថា៖ «វាបង្ហាញពីវិសមត្ថភាពរបស់ប្រទេសក្នុងវិស័យកសិឧស្សាហកម្ម។ យើងមិនមានសមត្ថភាពក្នុងការទាក់ទាញវិនិយោគិនឲ្យធ្វើការកែច្នៃផលិតផលកសិកម្មជាផលិតផលសម្រេច។ ប្រហែលជាយើងខ្វះបរិស្ថានអាជីវកម្មមួយល្អដែលអាចទាក់ទាញវិនិយោគិន។ សេដ្ឋកិច្ចកសិកម្មរបស់យើងពឹងផ្អែកលើផលិតផលកសិកម្មដែលមិនទាន់កែច្នៃដរាបណាមិនមានការវិនិយោគលើរោងចក្រកែច្នៃផលិតផលកសិកម្មជាផលិតសម្រេច។»។
លោកថ្លែងថា៖«កម្ពុជាអាចរកចំណូលបន្ថែមពី ១៥ ទៅ ២០ ភាគរយ បន្ថែមពីតួលេខនាំចេញសរុបនេះតាមរយៈការនាំចេញផលិតផលកសិកម្មដែលកែច្នៃរួច»។
អ្នកវិភាគសេដ្ឋកិច្ចរូបនេះបន្តថា រដ្ឋាភិបាលគួរពិចារណាក្នុងការយកបទពិសោធក្នុងការជំរុញការកែច្នៃ និងការនាំចេញអង្ករមកអនុវត្តដូចគ្នាសម្រាប់វិស័យកសិផលដែលកសិករកម្ពុជាអាចផលិតបាន។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីខែមិថុនា ឆ្នាំ២០១៤ ក៏បានប្រកាសពីការប្តេជ្ញាចិត្តក្នុងការស្វែងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុកជាការឆ្លើយតបនឹងក្តីបារម្ភពីភាពមិនច្បាស់លាស់នៃទីផ្សារផលិតផលក្នុងស្រុក ពិសេសផលិតផលកសិកម្ម ខណៈកម្ពុជាពឹងផ្អែកខ្លាំងលើទីផ្សារប្រទេសជិតខាងសម្រាប់ការនាំចេញ។
មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មមិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេកាលពីមិ្សលមិញ៕