ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​សារព័ត៌មាន​អាស៊ាន​ទៅ​កាន់​ខេត្ត​អានហួយ ប្រទេស​ចិន​នៅ​ដើម​ខែ​នេះ​អ្នក​យក​ព័ត៌មាន​របស់​កាសែត​ភ្នំពេញ-ប៉ុស្ដិ៍ បាន​ជួប​សម្ភាស​លោក Vithit Powattanasuk នាយក​ផ្នែក​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​នៅ​មជ្ឈមណ្ឌល​អាស៊ាន-ចិន (ACC) មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង ដើម្បី​និយាយ​អំពី​សារៈសំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​របៀប​ដែល​ប្រទេស​កម្ពុជា​ទាញ​យក​អត្ថប្រយោជន៍​ពី​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​អាស៊ាន និង​ប្រទេស​ចិន​។ សូម​អញ្ជើញ​អាន​បទសម្ភាស​ទាំង​ស្រុង​ដូច​ខាង​ក្រោម ៖

១. តើ ACC ជា​អ្វី​? តើ ACC មាន​តួនាទី​អ្វី​ខ្លះ​?

ACC ជា​អន្តរអង្គការ​មួយ​ដែល​បង្កើត​ឡើង​ដោយ​ការព្រមព្រៀង​រវាង​ប្រទេស​ទាំង​ ១១ គឺ​សមាជិក​អាស៊ាន និង​ប្រទេស​ចិន​នៅ​ឆ្នាំ​ ២០០៩​។ នៅ​ឆ្នាំ​ ២០១១ យើង​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​មជ្ឈមណ្ឌល​នេះ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​។ មជ្ឈមណ្ឌល​នេះ​រួម​មាន​មន្ដ្រី​មួយ​ចំនួន​មកពី​ប្រទេស​ចិន និង​អាស៊ាន​។

នៅពេល​បច្ចុប្បន្ន​មាន​មន្ដ្រី​អាស៊ាន​ ២ ​រូប​ដែល​បាន​ចាត់​តាំង​ឲ្យ​ធ្វើ​ការងារ​នៅ​ក្នុង​មជ្ឈមណ្ឌល​គឺ​រូប​ខ្ញុំ​ដែល​ជា​មន្ដ្រី​មកពី​ក្រសួង​ការបរទេស​របស់​ប្រទេស​ថៃ​ដែល​ត្រូវ​បាន​ចាត់​តាំង​ជា​នាយក​ផ្នែក​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ ហើយ​ ១ ​រូប​ទៀត​មកពី​ក្រសួង​ទេសចរណ៍​កម្ពុជា និង​មាន​នាយក​ ២ ​នាក់​ទៀត​ផង​ដែរ​មក​ពី​ភាគី​ចិន​ដែល​ទទួល​បន្ទុក​ខាង​ពាណិជ្ជកម្ម វិនិយោគ និង​កិច្ចការ​ទូទៅ​។

អង្គការ​នេះ​មាន​បំណង​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង​រវាង​បណ្ដា​ប្រទេស អាស៊ាន និង​ប្រទេស​ចិន​។ កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង​ផ្ដោត​លើ​ទិដ្ឋភាព ៦ គឺ​ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ វប្បធម៌ ទេសចរណ៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​។ យើង​សង្ឃឹម​ថា​ជាមួយ​នឹង​ទិដ្ឋភាព​ទាំង​នេះ​អាស៊ាន និង​ចិន​នឹង​មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ និង​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​ក្នុង​ពេល​ខាង​មុខ​។

២. តើ​អ្វី​ជា​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​សារព័ត៌មាន​អាស៊ាន​ទៅ​កាន់​ខេត្ត​អាន​ហួយ​? តើ ACC មាន​តួនាទី​អ្វី​ក្នុង​ព្រឹត្តិការណ៍​នេះ​?

ACC ជា​អ្នក​រៀបចំ​រួម​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្ត​អាន​ហួយ​។ យើង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​គំនិត​ផ្ដួចផ្ដើម​របស់​អាជ្ញាធរ​ខេត្ត​អានហួយ​ក្នុង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​ជាមួយ​អាស៊ីអាគ្នេយ៍​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ នេះ​គឺជា​ឆ្នាំ​ទី​ ៤ ​ហើយ​ដែល​អាជ្ញាធរ​ខេត្ត​អាហួយ​បាន​អញ្ជើញ​អ្នក​សារព័ត៌មាន​មកពី​អាស៊ាន​ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​នេះ​។

ដំណើរ​ទស្សនកិច្ច​នេះ​បង្ហាញ​ភាពជោគជ័យ​សំខាន់ៗ​មួយ​ចំនួន​ថា ទំនាក់ទំនង​នេះ​កាន់​តែ​ប្រសើរ​ឡើង​ហើយ​មាន​ប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ការវិនិយោគ​កាន់តែ​ច្រើន​។ នោះ​ជា​មូលហេតុ ដែល​អាជ្ញាធរ​ខេត្ត​អាន​ហួយ​នៅ​តែ​អញ្ជើញ​អ្នក​សារព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​ពី​ទីក្រុង​ជាច្រើន​របស់​ខេត្ត​នេះ​ជា​រៀងរាល់​ឆ្នាំ​។

៣. តើ​អាស៊ាន​គួរ​ចម្លង​តាម​គំរូ​នេះ​ដើម្បី​ផ្សព្វផ្សាយ​ពី​ប្រទេស​ជា​សមាជិក​នីមួយៗ​របស់​ខ្លួន​ដែរ​ឬ​ទេ​?

ពិតប្រាកដ​ណាស់​។ នោះ​គឺជា​តម្រូវការ​ដែល​យើង​ត្រូវ​ធ្វើ​។ ហេតុអ្វី​បាន​ជា​ចិន​ព្យាយាម​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​យល់ដឹង​កាន់តែ​ច្រើន​ពី​ប្រទេស​ចិន​? ​យើង​គួរ​តែ​ឆ្លៀតឱកាស​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​យល់​ដឹង​កាន់តែ​ច្រើន​ពី​អាស៊ាន​វិញ​ផង​ដែរ​។ វា​មាន​សារៈសំខាន់​សម្រាប់​ភាគី​ទាំង​ ២ ​ដើម្បី​រៀនសូត្រ​ពី​គ្នា​ទៅវិញ​ទៅមក​ហើយ​វិធី​ដែល​មាន​ប្រសិទ្ធភាព និង​ឆាប់​បំផុត​នោះ​គឺ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​ជា​ស្ពាន​ដើម្បី​ចម្លង​ការ​យល់​ដឹង​នេះ​។

៤. តើ​អ្វី​ជា​អត្ថប្រយោជន៍​ដែល​កម្ពុជា​នឹង​ទទួល​បាន បើ​រាជរដ្ឋាភិបាល​រៀបចំ​ព្រឹត្តិការណ៍​បែប​នេះ​?

នឹង​មាន​ការយល់ដឹង​កាន់តែ​ខ្លាំង​។ ចិន​គឺជា​ប្រទេស​ដ៏ធំ​មួយ​មាន​ប្រជាជន ១,៤ ពាន់​លាន​នាក់​។ ពួកគេ​យល់​ដឹង​កាន់តែ​ច្រើន​ពី​កម្ពុជា អត្ថប្រយោជន៍​នឹង​មាន​កាន់តែ​ច្រើន​ដល់​កម្ពុជា​។ បើ​ពួកគេ​មិន​ស្គាល់​កម្ពុជា​ផង តើ​ឲ្យ​ពួកគេ​មក​ប្រទេស​កម្ពុជា​យ៉ាង​ដូចម្ដេច​។ ដូច្នេះ​រឿងរ៉ាវ​ដំបូង​ដែល​សំខាន់​បំផុត​នោះ​គឺថា អ្នក​ត្រូវ​តែ​ឲ្យ​ប្រជាជន​ចិន​ស្គាល់​ពី​ប្រទេស​របស់​អ្នក​ជា​មុន​សិន​។

ក្នុង​នាម​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​ដែល​អ្នកឃើញ​ស្រាប់​ហើយ រដ្ឋាភិបាល​ចិន​តែងតែ​អញ្ជើញ​អ្នក​ព័ត៌មាន​កម្ពុជា​ទៅ​ប្រទេស​ចិន​។ មូលហេតុ​នេះ​គឺ​សាមញ្ញ​ណាស់​។ ពួកគេ​ចង់​ឲ្យ​អ្នក​ប្រាប់​ប្រជាជន​របស់​អ្នក​អំពី​ប្រទេស​ចិន ដោយសារ​តែ​ពួកគេ​មិន​អាច​ប្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​ទាំងអស់​អំពី​ប្រទេស​ចិន​បាន​ទេ​។ ពួកគេ​ត្រូវ​តែ​អញ្ជើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​ការងារ​នេះ​ដើម្បី​ធ្វើឲ្យ​មនុស្ស​យល់​ដឹង​ថា​តើ​ចិន​ជា​ប្រទេស​ល្អ​ស្រស់​ស្អាត​យ៉ាងណា​? ខ្ញុំ​ជឿ​ថា​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ធ្វើ​តាម​របៀប​ដូច​គ្នា​នេះ​។ អ្នក​មិន​អាច​រង់ចាំ​នរណា​ម្នាក់​ឲ្យ​មក​ផ្សព្វផ្សាយ​ពី​អ្នក​ទេ អ្នក​ត្រូវ​តែ​ផ្សព្វផ្សាយ​ដោយ​ខ្លួនឯង​។

ACC ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ដៃគូ​សម្រាប់​យុទ្ធនាការ​បែប​នេះ​ដើម្បី​ធានា​ថា​មនុស្ស​ស្គាល់​កម្ពុជា​កាន់តែ​ខ្លាំង​។ ភ្ញៀវទេសចរ​ចិន​ស្គាល់​រួច​ហើយ​អំពី​ប្រទេស​កម្ពុជា ប៉ុន្តែ​ពួកគេ​ស្គាល់​តែ​ប្រាសាទ​អង្គរវត្ត​តែ​មួយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្នក​មាន​ទីកន្លែង​ដ៏ស្រស់ស្អាត​ជាច្រើន​ទៀត ដើម្បី​ប្រាប់​ទៅ​ពិភពលោក​ថា​កម្ពុជា​មិនមែន​មាន​តែ​ប្រាសាទ​អង្គរវត្ត​តែ​មួយ​នោះ​ទេ​។ អ្នក​នៅ​មាន​ទីកន្លែង​ជាច្រើន​ទៀត​ដែល​ត្រូវ​ទៅ​ទស្សនា​។ នោះ​ជា​មូលហេតុ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សារៈសំខាន់​ខ្លាំង​។ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ធ្វើ​អ្វីៗ​ដោយ​សមត្ថភាព​ផ្ទាល់​របស់​ខ្លួន​ក្នុង​ការអញ្ជើញ​អ្នក​ព័ត៌មាន​ចិន​ឲ្យ​ផ្សព្វផ្សាយ​ពី​ប្រទេស​របស់​អ្នក​។ ACC នឹង​ជា​ដៃគូ​របស់​អ្នក និង​ជួយ​ធានា​ថា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អ្នក​ទទួល​បាន​ជោគជ័យ​។

៥. ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​អាស៊ាន និង​ចិន​កាន់​តែ​ជិតស្និទ្ធ និង​មាន​កាន់តែ​ខ្លាំង​ឡើង​។ តើ​លោក​គិត​ថា​អ្វី​នឹង​កើតឡើង​នៅ​ថ្ងៃ​អនាគត​? តើ​វា​នឹង​បន្ត​កើនឡើង ឬ​ធ្លាក់​ចុះ​?

មក​ដល់​បច្ចុប្បន្ន ACC និង​មនុស្ស​គ្រប់​គ្នា​បាន​មើល​ឃើញ​កំណើន​ទំហំ​ពាណិជ្ជកម្ម វិនិយោគ ចំនួន​មនុស្ស​ធ្វើ​ដំណើរ និង​កិច្ចសហប្រតិបត្តិការ​ខាង​វិស័យ​អប់រំ​។ ដូច្នេះ​យើង​មិន​បាន​មើល​ឃើញ​ឧបសគ្គ​ណា​មួយ​រារាំង​និន្នាការ​ដែល​កំពុង​កើនឡើង​នេះ​ទេ​។ និន្នាការ​នេះ​នៅ​តែ​ភ្លឺ​ចិញ្ចែងចិញ្ចាច​។ ចិន​ខ្លួនឯង​ផ្ទាល់​មាន​គោលនយោបាយ​បើកចំហ​។ ពួកគេ​ចាត់​ទុក​អាស៊ាន​ថា​ជា​អ្នក​ជិតខាង និង​ដៃគូ​​ល្អ​មួយ​។

ជាទូទៅ​ប្រទេស​អាស៊ាន​ជាច្រើន​បាន​ធ្វើ​ការងារ​យ៉ាងល្អ​ជាមួយ​ចិន​ក្នុង​ទិដ្ឋភាព​ផ្សេងៗ​។ សម្រាប់​ថៃ​ដែល​ជា​ប្រទេស​របស់​ខ្ញុំ យើង​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​នៅ​ពេល​យើង​និយាយ​អំពី​ចំនួន​ភ្ញៀវទេសចរ​រវាង​ចិន​ និង​ថៃ​។

យើង​ស្វាគមន៍​ភ្ញៀវទេសចរ​ចិន​ជិត ១០ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​។ ម៉ាឡេស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ​ ១ ​ខាង​វិនិយោគ​ពី​ចិន​។ សិង្ហបុរី​ជាប់​លេខ​ ១ ខាង​វិនិយោគ​នៅ​ចិន ខណៈ​ដែល​វៀតណាម​ជាប់​លេខ​ ១ ​ខាង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​អាស៊ាន និង​ចិន​។

កម្ពុជា​កំពុង​ដើរ​យ៉ាងលឿន​។ ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​ចិន​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​។ ខ្ញុំ​គិត​ថា​មនុស្ស​គ្រប់​គ្នា​ដឹង​រួច​ហើយ​ថា​បច្ចុប្បន្ន​រដ្ឋាភិបាល​ចិន​ជំរុញ​យ៉ាង​ខ្លាំង​ក្នុងការ​លើកកម្ពស់​តំបន់​ឧស្សាហកម្ម​នៅ​ខេត្ត​ព្រះសីហនុ​។ នេះ​គឺជា​សញ្ញា​ល្អ​មួយ​ដែល​នៅ​ឆ្នាំ​ខាង​មុខ​កម្ពុជា​គួរ​ជាប់​ចំណាត់ថ្នាក់​ទី​ ១ ​ខាង​ទិដ្ឋភាព​មួយ​ចំនួន​នៃ​ទំនាក់ទំនង​ជាមួយ​ចិន​។

៦. តើ​លោក​គិត​ថា​កម្ពុជា​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​ទំនាក់​ទំនង​ជិតស្និទ្ធ​រវាង​ចិន និង​អាស៊ាន​បាន​យ៉ាង​ដូចម្តេច​?

រដ្ឋាភិបាល​កម្ពុជា​មាន​អត្ថប្រយោជន៍​ច្រើន​ដើម្បី​មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ចិន​។ ទី​ ១ អ្នក- អាច​ដើរតួ​ជា​សមាជិក​មួយ​ក្នុង​ចំណោម​រដ្ឋ​សមាជិក​អាស៊ាន ដើម្បី​ធ្វើ​ការងារ​រួម​គ្នា​ក្នុង​នាម​ជា​ប្រទេស ១០ ដើម្បី​ធ្វើការ​ជាមួយ​ចិន​។ ការធ្វើ​ដូច្នេះ​នឹង​បង្កើន​អំណាច​របស់​កម្ពុជា​ក្នុង​នាម​ជា​សមាជិក​អាស៊ាន​។ សម្រាប់​ទំនាក់ទំនង​ទ្វេភាគី ខ្ញុំ​គិត​ថា​កម្ពុជា​ពិតជា​ស្ថិត​នៅ​ចំណុច​យុទ្ធសាស្ត្រ​មួយ​នៃ​តំបន់​អាស៊ីអាគ្នេយ៍​។ គ្រប់​ប្រទេស​ទាំងអស់​បាន​ដឹង​ហើយ​ថា​អ្នកមាន​ផ្លូវ​ភ្ជាប់​ទៅ​កាន់​សមុទ្រ និង​ស្ថិត​នៅ​អាស៊ាន​ដីគោក​។

មក​ដល់​បច្ចុប្បន្ន​កម្ពុជា​ទទួល​បាន​ការ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​រួច​ហើយ​ពី​រដ្ឋាភិបាល​ចិន​។ ពួកគេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការអភិវឌ្ឍ​នៅ​កម្ពុជា ហើយ​ពួកគេ​ជឿ​ថា​ពួកគេ​អាច​ជា​ដៃគូ​ដ៏ល្អ​របស់​កម្ពុជា​។ ដូច្នេះ​នោះ​គឺជា​អ្វី​ដែល​រដ្ឋាភិបាល​របស់​អ្នក​បាន​ស្វាគមន៍​រួច​ហើយ ហើយ​ខ្ញុំ​បាន​មើល​ឃើញ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជាច្រើន​ដង​ទៅ​កាន់​ប្រទេស​ចិន ហើយ​មេដឹកនាំ​ចិន​ក៏​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​ដែរ​។ នោះ​ជា​សញ្ញា​ដ៏ល្អ​មួយ​ដែល​រដ្ឋាភិបាល​របស់​អ្នក​បាន​ធ្វើ​ការងារ​ដ៏ល្អ​ក្នុង​ការ​លើក​កម្ពស់​ទំនាក់ទំនង​ល្អ​។

ចិន​ជា​អ្នក​ជិតខាង និង​ដៃគូ​ដ៏ល្អ​របស់​អាស៊ី​អាគ្នេយ៍​មិន​មែន​សម្រាប់​តែ​កម្ពុជា​ទេ​តែ​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់​។ ចិន​អាច​បង្កើត​ឥទ្ធិពល​ល្អ និង​ឥទ្ធិពល​អវិជ្ជមាន​ផង​ដែរ​ដល់​អាស៊ីអាគ្នេយ៍​របស់​យើង​។ ដូច្នេះ​ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​កម្ពុជា​ចូលរួម​ជាមួយ​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ និង​ធ្វើ​ដំណើរ​រួម​គ្នា​ដើម្បី​បង្កើត​អត្ថប្រយោជន៍​ទៅវិញ​ទៅមក​ជាមួយ​ចិន​៕ LA