ភ្នំពេញៈ ប្រទេស​កម្ពុជា​ទំនង​ជា​នឹង​ត្រូវ​នាំចូល​អំបិល​ ៣ ​ម៉ឺន​តោន​នៅ​ឆ្នាំ​នេះ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ ខណៈ​ការផលិត​ក្នុង​ស្រុក​ប្រឈម​នឹង​កង្វះខាត ដោយសារ​តែ​អាកាសធាតុ​​ប្រែប្រួល​។ នេះ​បើ​យោង​តាម​សហគមន៍​ផលិត​អំបិល​។

លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​ផលិត​អំបិល​កែប​កំពត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា នេះ​ជា​លើក​ទី​ ២ សម្រាប់​កម្ពុជា​ដែល​នឹង​នាំ​ចូល​អំបិល​យក​មក​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​។ លោក​បាន​ថ្លែង​ថា​៖ «​បន្ទាប់ពី​ការទទួល​រង​ផលប៉ះពាល់​ដោយសារ​មហន្តរាយ​ទឹកភ្លៀង​ដែល​ធ្វើឲ្យ​អ្នក​ផលិត​អំបិល​កម្ពុជា​មិន​អាច​ប្រមូល​ផល​អំបិល​បាន​»​។

មាន​គ្រួសារ​ជា​សមាជិក​ប្រហែល​ ២០០ គ្រួសារ​នៃ​សហគមន៍​អំបិល​។ នេះ​បើ​យោង​តាម​លោក ប៊ុន បារាំង​។ លោក​ថ្លែង​ថា​កសិករ​មិនអាច​ប្រមូល​អំបិល​បាន​ទេ​នៅ​ឆ្នាំ​នេះ​ដោយសារ​ទឹកភ្លៀង​ច្រើន​ចាប់​តាំងពី​រដូវប្រាំង​រហូត​មក​ដល់​ពេល​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​មិន​អាច​ប្រមូល​អំបិល​បាន​ទេ ចាប់​តាំង​ពី​ដើមរដូវ​រហូត​មក​ដល់​ពេល​នេះ ដោយសារ​តែ​ភ្លៀង​បាន​ធ្វើឲ្យ​ខូច​ទឹក​អំបិល​»​។ លោក​បន្ត​ថា​៖ «​នៅ​ឆ្នាំ​នេះ​កសិករ​ប្រឈម​នឹង​ការខាតបង់​ច្រើន​ដោយសារ​ការផលិត​អំបិល​របស់​ពួកគេ​»​។

ផ្ទៃដី​សម្រាប់​កសិដ្ឋាន​អំបិល​ទូទាំង​ខេត្ត​កំពត និង​ខេត្ត​កែប​មាន​ប្រហែល ៥ ០០០ ហិកតា ដែល​រដូវ​ប្រមូល​ចាប់ពី​ខែ​មករា​ដល់​ចុង​ខែ​មេសា​។ នេះ​បើ​យោង​តាម​លោក ប៊ុន បារាំង​។

លោក ប៊ុន បារាំង បាន​ថ្លែង​ថា​សហគមន៍​នេះ​នឹង​បញ្ជូន​របាយការណ៍​ពី​កង្វះ​អំបិល ដើម្បី​ស្នើសុំ​ការនាំ​ចូល​ទៅ​ក្រសួង​ឧស្សាហកម្ម​។ លោក​បញ្ជាក់​ថា​៖ «​នេះ​ជា​លើក​ទី​ ២ របស់​យើង​ដែល​ប្រឈម​នឹង​កង្វះ​អំបិល យើង​បាន​ប្រឈម​បញ្ហា​នេះ​ម្តង​កាលពី​ឆ្នាំ​ ២០០៨ ហើយ​យើង​បាន​នាំចូល​នូវ​ចំនួន​ដូច​គ្នា​នេះ​ដែរ ដើម្បី​ឆ្លើយតប​តម្រូវការ​អំបិល​នៅ​ក្នុង​ប្រទេស​នេះ​»​។

លោក​បន្ថែម​ថា​ការនាំ​ចូល​អំបិល​អាច​មកពី​ប្រទេស​ចិន ឬ​ឥណ្ឌា​។ លោក​បន្ថែម​ថា​៖ «​នៅ​ពេល​នេះ​យើង​កំពុង​សិក្សា​តម្លៃ​អំបិល​មកពី​ប្រទេស​ចិន ឥណ្ឌា និង​ស្រីលង្កា​»​។

កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ផលិត​អំបិល​ដែល​នាំចូល​អំបិល​ចំនួន​ ៣ ​ម៉ឺន​តោន​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​ ២០០៨ ពី​ប្រទេស​ចិន​។

បច្ចុប្បន្ន​តម្លៃ​អំបិល​បាន​កើនឡើង​បន្តិចបន្តួច​ដល់​ប្រហែល ១៧ ០០០​ ​រៀល (៤,២៥ ​ដុល្លារ​) ក្នុង​ ៥០ ​គីឡូក្រាម​គឺ​កើនឡើង​ ៥០ សេន​បើ​ធៀប​នឹង​ឆ្នាំ​មុន​។

លោក កឹង ស៊ុនទៀង ជា​កសិករ​ផលិត​អំបិល​មួយ​រូប​ដែល​មាន​ស្រែអំបិល ៣០ ហិកតា​បាន​ថ្លែង​ថា​លោក​អាច​ប្រមូល​អំបិល​បាន ១,៥ ​តោន​ប៉ុណ្ណោះ​នៅ​ឆ្នាំ​នេះ​ធៀប​នឹង ២ ០០០ ​តោន​ក្នុង​ ១ ​រដូវកាល​ពី​ឆ្នាំ​ទៅ​។

លោក​ថា​៖ «​ជា​រួម​ខ្ញុំ​បោះចោល​ប្រាក់​ទាំងអស់​របស់​ខ្ញុំ​ទៅក្នុង​ទឹក​នៅ​ឆ្នាំ​នេះ ខ្ញុំ​មិន​អាច​រកប្រាក់​ចំណេញ​ខ្លះ​បាន​ទេ​»​។ ស៊ុនទៀង បាន​វិនិយោគ​ ៤ ០០០ ​ដុល្លារ​រួចរាល់​ហើយ​លើ​កសិដ្ឋាន​អំបិល​ហើយ ៩០ ​ភាគរយ​នៃ​អ្នក​ផលិត​អំបិល​មិន​អាច​ផលិត​អំបិល​បាន​ទេ​។

លោក​ ស៊ុន សេងហ៊ួត នាយក​គណៈកម្មាធិការ​អំបិល​នៅក្នុង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ថ្លែង​ថា​លោក​ក៏​បានឮ​អំពី​កង្វះ​អំបិល​នៅ​ឆ្នាំ​នេះ​ផង​ដែរ​។ ប៉ុន្តែ​ក្រសួង​កំពុង​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ទើប​នឹង​ឮ​អំពី​កង្វះ​អំបិល ប៉ុន្តែ​ព័ត៌មាន​ផ្លូវការ​បាន​ពី​សហគមន៍​អំបិល​មិន​បាន​ជូន​ដំណឹង​ដល់​ពួកយើង​អំពី​ចំនួន​ពិតប្រាកដ​នៅ​ឡើយ​ទេ ប៉ុន្តែ​យើង​នឹង​ស្វែងរក​ដំណោះស្រាយ​ដោយ​ផ្អែក​លើ​តម្រូវការ​»​។

ឧស្សាហកម្ម​អំបិល​របស់​កម្ពុជា​រកប្រាក់​ចំណូល​សរុប​ប្រហែល ២២ លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​បាន​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។ យោង​តាម​របាយការណ៍ តម្រូវការ​អំបិល​ក្នុង​ស្រុក​របស់​កម្ពុជា មាន​ប្រមាណ​ ៩ ​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ខណៈ​សម្រាប់​ឆ្នាំ​នេះ​មាន​តែ​ប្រមាណ​ ៦ ​ម៉ឺន​តោន​ប៉ុណ្ណោះ​៕LA