ភ្នំពេញៈ កម្ពុជា​មាន​បំណង​ចង់​បង្កើន​ការផលិត​ស៊ីម៉ងត៍​ឲ្យ​បាន​កាន់តែ​ច្រើន​បន្ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​កំណើន​នៃ​តម្រូវការ​ដែល​កំពុង​កើនឡើង​ជា​បន្តបន្ទាប់ ព្រមទាំង​អាចជួយ​កាត់បន្ថយ​ការនាំចូល​ផងដែរ​។ នេះ​បើតាម​កិច្ចប្រជុំ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា (CCMA) កាលពី​ថ្ងៃ​ចន្ទ​។

លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា កាលពី​ម្សិលមិញ​បាន​ប្រាប់ថា បច្ចុប្បន្ន​តម្រូវការ​ប្រើប្រាស់​ស៊ីម៉ងត៍​នៅ​កម្ពុជាមាន​ប្រហែល ៩ ​លាន​តោន ក្នុង ​១ ​ឆ្នាំ ខណៈ​រោងចក្រ​ក្នុង​ស្រុក​ទាំង​ ៥ អាច​មាន​សមត្ថភាព​ផលិត​បាន​ប្រហែល ៨ ​លាន​តោន ​ក្នុង​ ១ ​ឆ្នាំ​។

ទោះបី​យ៉ាង​ណា​ដោយសារ​រោងចក្រ​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ទើប​បើក​ដំណើការ​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ដូច្នេះ​ការផលិត​ជាក់ស្តែង​ក្នុង​ឆ្នាំ​ ២០១៩ មាន​ប្រមាណ​តែ​ជាង ៦ ​តោន​ប៉ុណ្ណោះ​។ លោក​បន្ថែម​ថា សម្រាប់​ពេល​ខាង​មុខ​រោងចក្រ​ទាំងអស់​នឹង​ខិតខំ​បង្កើន​ការផលិត​ដើម្បី​ចូលរួម​កាត់បន្ថយ​ការនាំ​ចូល ក៏ដូចជា​បង្កើត​ការងារ​សម្រាប់​ប្រជាជន​។

លោក​ថ្លែងថា​៖ «​ក្នុង​កិច្ចប្រជុំ​យើង​បាន​ពិភាក្សា​គ្នា​ពី​ការពង្រីក​វិសាលភាព​ចង្វាក់​ផលិតកម្ម​នៅតាម​រោងចក្រ​នីមួយៗ​ឲ្យ​បាន​កាន់តែ​ច្រើន​»​។

ទោះយ៉ាងណា​លោក ចន្តារិទ្ធ បាន​បញ្ជាក់ថា ដោយសារ​នៅមាន​កង្វះខាត​ក្នុងស្រុក​ច្រើន ដូច្នេះ​កម្ពុជា​មិនទាន់​បាន​គិតដល់​ការនាំចេញ​ស៊ីម៉ងត៍​ទៅ​លក់​នៅ​បរទេស​ទេ ទោះ​ជា​គុណភាព​ស៊ីម៉ងត៍​របស់​យើង​មាន​កម្រិតស្តង់ដា​អន្តរជាតិ​ហើយក៏​ដោយ​។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​និយាយថា បើ​កម្ពុជា​អាច​បង្កើន​ការផលិត​នោះ​គឺជា​ការល្អ​ណាស់ ប៉ុន្តែ​គេ​ត្រូវ​គិតពី​គុណភាព និង​តម្លៃ​ផងដែរ​។ លោក​បាន​បន្តថា កន្លងមក​ផលិតផល​ស៊ីម៉ងត៍​កម្ពុជា​មាន​តម្រូវការ​ច្រើន ដែល​ធ្វើឲ្យ​ដាច់​ស្តុក​ជារឿយៗ និង​ធ្វើឲ្យ​អ្នកប្រើប្រាស់​មួយចំនួន​ពិបាក​រកទិញ​។ គុណភាព​ស៊ីម៉ងត៍​ផលិត​ក្នុង​ស្រុក មិន​ចាញ់​គុណភាព​ស៊ីម៉ងត៍​នាំចូល​ទេ​។

លោក​និយាយថា​៖ «​ខ្ញុំ​គាំទ្រ​ផលិត​ឲ្យ​បាន​ច្រើន តែ​សូម​រក្សា​គុណភាព​ឲ្យ​បានល្អ​ផងដែរ​»​។

លោក​បន្ថែមថា ខណៈ​ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញ​ពី​កំណើន​ទុនវិនិយោគ​យ៉ាងច្រើន​ក្នុង​ឆ្នាំ​ ២០១៩ នេះ ដូច្នេះ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៅមុខ​តម្រូវការ​ស៊ីម៉ងត៍​នឹងមាន​កំណើន​ខ្ពស់​ជាមិនខាន​។

គិត​រហូតមក​ដល់ពេល​នេះ​នៅ​កម្ពុជា​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​កំពុង​ដំណើរការ​ចំនួន ៥ រួមមាន ក្រុមហ៊ុន​ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ក្រុមហ៊ុន​កំពត ស៊ីមេន ក្រុមហ៊ុន​ស៊ីម៉ងត៍ ចក្រីទីង ក្រុមហ៊ុន​បាត់ដំបង ខនស៍ ស៊ីមេន និង​ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត​។ ទុនវិនិយោគ​សរុបរ​បស់​រោងចក្រ​ទាំង​ ៥ មាន​ប្រមាណ ៨០០ ​លាន​ដុល្លារ​៕ LA