ភ្នំពេញ: សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) និង​សភាពាណិជ្ជកម្ម​ជប៉ុន​នៅ​កម្ពុជា​នឹង​បញ្ជូន​លិខិត​ស្នើឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន (All Nippon Airways-ANA) បើក​ប្រតិបតិ្តការ​ហោះហើរ​ត្រង់​មក​កម្ពុជា​នៅមុន​ពេល​កំណត់​ដែល​គ្រោង​ធ្វើឡើង​ក្នុង​ខែកញ្ញា ឆ្នាំ​ ២០២០ ដើម្បី​ជំរុញ​ឲ្យ​វិនិយោគិន​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​ក្នុង​អំឡុង​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ជា​សកល​។

ការទទូច​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​កាលពី​ចុង​សប្តាហ៍​មុន​នៅ​ទីក្រុង​ភ្នំពេញ​រវាង​លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ប្រធាន​សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា​ (JBAC) លោក Kanda Yogo ដែល​ទើបនឹង​តែងតាំង​ថ្មី​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ភាគី​ទាំង​ ២ ​គ្រោង​នឹង​ផ្ញើលិខិត​ផ្លូវការ​មួយច្បាប់​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍ ANA ក្នុង​គោលបំណង​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​នេះ​ប្រតិបត្តិការ​ជើង​ហោះ​ត្រង់​មក​កម្ពុជា​នៅមុន​ពេល​កំណត់ ដើម្បី​រួមចំណែក​ក្នុង​ការទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ចុះហត្ថលេខា​លើ​ញត្តិ​រួមគ្នា​ដើម្បី​ស្នើឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ ANA ជប៉ុន​បន្ត​ប្រតិបត្តិការ​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​ឲ្យ​បាន​ឆាប់ ព្រោះ​ការពន្យារ​នេះ​បាន​ធ្វើឲ្យ​ស្ទះ​ដល់​ការធ្វើ​ដំណើរ​របស់​អ្នកវិនិយោគ​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា ខណៈ​ការហោះហើរ​ឡើងវិញ​នេះ​នឹង​ផ្ដល់​ប្រយោជន៍​យ៉ាងខ្លាំង​ដល់​វិស័យ​ទេសចរណ៍ វប្បធម៌ និង​ធុរកិច្ច​រវាង​កម្ពុជា និង​ជប៉ុន​»​។

លោក​បន្តថា ក្នុង​ជំនួប​នោះ​ភាគី​ទាំង​ ២ ​ក៏​បាន​ពិភាក្សា​ស្វែងរក​វិធានការ​ក្នុង​ការទាក់ទាញ​ការវិនិយោគ​បរទេស​បន្ថែម​ទៀត​មក​កម្ពុជា​ផងដែរ​។

លោក លឹម ហេង បន្ត​ថា​នាពេល​នេះ​ភាគី​ជប៉ុន​សន្យា​ថា​នឹង​ជួយ​ជំរុញ​ឲ្យ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ជប៉ុន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​ពេល​អនាគត​។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ស្វាគមន៍​ឲ្យ​មាន​ការហោះហើរ​ឡើងវិញ​តាម​ផ្លូវអាកាស​មក​កម្ពុជា​ដើម្បី​រួមចំណែក​ស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​ងើប​ឡើងវិញ​បន្ទាប់ពី​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​។

លោកស្រី​និយាយ​ថា​៖ «​យើង​គួរ​ឲ្យ​មាន​ប្រតិបត្តិការ​ហោះហើរ​ឡើងវិញ ដោយ​មិនគួរ​រង់ចាំ​ការរលាយបាត់​ជំងឺ​កូវីដ​១៩​អស់​ពី​ផែនដី​ទើប​មាន​សកម្មភាព​ហោះហើរ​ទេ ព្រោះ​វិធាន​ការពារ​របស់​ប្រទេស​នីមួយៗ​ក៏មាន​បទពិសោធ​ខ្ពស់​រួចហើយ​»​។

យោងតាម​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល វិបត្តិ​ជំងឺ​កូវីដ​១៩ បាន​ធ្វើឲ្យ​ការធ្វើ​ដំណើរ​តាម​ជើង​ហោះ​មក​កម្ពុជា​ធ្លាក់​ចុះ ៩៨ ​ភាគរយ​៕ LA