ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្មីៗនេះបានប្រកាសចាប់ផ្តើមយុទ្ធនាការពង្រឹងឯករាជភាពវិស័យសេដ្ឋកិច្ចកម្ពុជា ដើម្បីទប់ស្កាត់ភាពងាយរងគ្រោះពីការដកប្រព័ន្ធអនុគ្រោះពន្ធពីក្រៅប្រទេសតាមរយៈការសម្រួលបែបបទធ្វើពាណិជ្ជកម្ម និងលុបចោលនីតិវិធីមួយចំនួន។
ក្នុងចំណោមការសម្រេចចិត្តជាស៊េរីនៃយុទ្ធនាការថ្មីនេះ លោកនាយករដ្ឋមន្រ្តីបានលើកឡើងក្នុង ជំនួបសំណេះសំណាលប្រចាំឆ្នាំជាមួយអ្នកធ្វើការក្នុងវិស័យសារព័ត៌មានជាង ៥ ពាន់នាក់កាលពីថ្ងៃសុក្រថា លោកបានសម្រេចលែងឲ្យមានស្ថាប័នកាំកុងត្រូលជាអ្នកត្រួតពិនិត្យទំនិញនាំចេញនាំចូលទៀតហើយ ដោយលើកឡើងថា ស្ថាប័នច្រើននឹងបង្កើតទៅជាឧបសគ្គដែលរារាំងដល់ការធ្វើពាណិជ្ជកម្មទៅវិញ។
លោកក៏បានបញ្ជាក់ទៀតថា នីតិវិធីគយមួយចំនួននឹងត្រូវសម្រួល ហើយការបង់លុយក្រៅផ្លូវការ នឹងត្រូវលុបបំបាត់ ហើយបន្ថែមលើនេះកម្រៃស្កេនទំនិញនាំចេញ ក៏នឹងត្រូវបានកាត់បន្ថយផងដែរ ដើម្បីសម្រួលបន្ទុកចំណាយរបស់ពាណិជ្ជករ។
លោកមានប្រសាសន៍ថា៖ «[យើង] បើកយុទ្ធនាការពង្រឹងឯករាជ្យរបស់កម្ពុជា [...] មានចំណុចមួយចំនួន អាចនឹងជួយវិស័យធុរកិច្ចរបស់យើង បើទោះបីជាគ្មានប្រព័ន្ធអនុគ្រោះ ក៏កម្ពុជានៅតែរស់។ ឧទាហរណ៍ ខ្ញុំបានសម្រេចអម្បាញ់មិញនេះ តាមមាត់ច្រកតាមព្រំដែន ក្នុងការនាំចេញនាំចូល អត់មានតម្រូវការមានស្ថាប័នណា ក្រៅតែពីអន្តោប្រវេសន៍ និងគយទេ។ ឲ្យតែ ២ ហ្នឹងទេ ក្រៅពីនោះដកចេញឲ្យអស់។ ទាំងកាំកុងត្រូល អីដកចេញឲ្យអស់»។
លោកថ្លែងបន្តថា៖ «សូម្បីតែបញ្ហាផ្នែកគយ អាផ្នែកនេះផ្នែកនោះ ការចំណាយលើតុ និងក្រោមតុ វានៅមាន ត្រូវកាត់បន្ថយអាហ្នឹងឲ្យអស់ ជម្រះបញ្ជីវាចេញ ដើម្បីយើងពង្រឹងស្មារតីឯករាជ្យរបស់យើង កុំឲ្យផ្អែកលើអុកស៊ីហ៊្សែនរបស់គេ»។
លោកនាយករដ្ឋមន្ដ្រីមិនបានលម្អិតនោះទេថា តើនៅពេលណាដែលសេចក្ដីសម្រេចថ្មីនេះនឹងចាប់ផ្ដើមអនុវត្ត។ សហភាពអឺរ៉ុប (EU) និងអាមេរិក គឺជាទីផ្សារសំខាន់របស់កម្ពុជា។ កាលពីខែតុលា ឆ្នាំមុន សភាអឺរ៉ុប បានព្រមានថា កម្ពុជានឹងបាត់បង់ការទទួលបានការអនុគ្រោះពន្ធពីកម្មវិធី «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» របស់ខ្លួនសម្រាប់ការនាំចេញទៅកាន់ប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ពោលគឺជាការឆ្លើយតបបែបពិន័យចំពោះកម្ពុជាដែលងាកចេញពីលទ្ធិប្រជាធិបតេយ្យ។
សមាជិកព្រឹទ្ធសភាអាមេរិក ២ រូប កាលពីថ្ងៃពុធសប្តាហ៍មុន បានដាក់សំណើច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជាឆ្នាំ ២០១៩ ដែលទាមទារឲ្យរដ្ឋាភិបាលអាមេរិកពិនិត្យមើលឡើងវិញនូវសិទ្ធិពិសេសក្នុងការទទួលបានការអនុគ្រោះពន្ធពាណិជ្ជកម្ម ដែលបានផ្តល់ឲ្យកម្ពុជាស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធ GSP។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការកាត់បន្ថយឧបសគ្គ និងការចំណាយនៅតាមព្រំដែននឹងជួយដល់ក្រុមហ៊ុននាំចេញឲ្យកាត់បន្ថយចំណាយ និងពេលវេលា។ លោកបន្ថែមថា ក្រៅពីកាត់បន្ថយកម្រៃផ្លូវការ កម្រៃក្រៅផ្លូវការក៏ចាំបាច់ត្រូវបំបាត់ផងដែរ។
លោកថ្លែងថា៖ «ការសម្រេចនេះជួយកែលម្អសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ប៉ុន្តែខ្ញុំគិតថា វានៅមិនទាន់គ្រប់គ្រាន់នៅឡើយក្នុងការប៉ះប៉ូវសម្រាប់ការបាត់បង់ឋានៈអនុគ្រោះពន្ធ ប្រសិនបើវាត្រូវបានគេដកចេញមែននោះ»។
លោកបានលើកឡើងថា៖ «ដើម្បីក្លាយជាអ្នកប្រកួតប្រជែងពេញលេញមួយ កម្ពុជាចាំបាច់ត្រូវតែកាត់បន្ថយការចំណាយបន្ថែមទៀតលើដំណើរការនៃការធ្វើអាជីវកម្មទាំងមូល រាប់ចាប់តាំងពីការចាប់ផ្ដើមអាជីវកម្មរហូតដល់ការទទួលបានអគ្គិសនីប្រកបដោយគុណភាព និងតម្លៃទាប រួមទាំងប្រព័ន្ធសេវាច្បាប់ និងតុលាការប្រកបដោយគុណភាព»។
សេចក្តីថ្លែងការណ៍ពីសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានឲ្យដឹងកាលពីម្សិលមិញថា ការសម្រេចចិត្តថ្មីរបស់រដ្ឋាភិបាល គឺជាគំនិតផ្ដួចផ្ដើមដ៏ល្អមួយ ដោយសារតែវានឹងជួយសម្រួលពាណិជ្ជកម្ម និងបន្ទាបតម្លៃធ្វើពាណិជ្ជកម្ម។
តាម GMAC សម្រាប់វិស័យសម្លៀកបំពាក់កម្ពុជា មានស្ថាប័នអធិការកិច្ចសំខាន់ចំនួន ២ មកពីរាជរដ្ឋាភិបាល គឺមន្ដ្រីគយ និងមន្ដ្រីកាំកុងត្រូល។
សេចក្តីថ្លែងការណ៍របស់ GMAC បញ្ជាក់ថា៖ «យើងតែងតែបង់កម្រៃសម្រាប់ការអធិការកិច្ចទំនិញសម្រាប់គយ និងកាំកុងត្រូល ដូច្នេះសេចក្ដីសម្រេចចិត្តក្នុងការដកកាំកុងត្រូលចេញពីនីតិវិធី[ការអធិការកិច្ចទំនិញ] នឹងជួយកាត់បន្ថយបន្ទុករបស់យើង និងកាត់បន្ថយការចំណាយលើកម្រៃនៃការធ្វើអធិការកិច្ច»។
យោងតាម GMAC កម្រៃសម្រាប់ការធ្វើអធិការកិច្ចរបស់កាំកុងត្រូល មានកម្រិតខ្ពស់ជាងកម្រៃសម្រាប់ការធ្វើអធិការកិច្ចរបស់គយ ដោយការចំណាយលើកាំកុងត្រូលមានតម្លៃ ២៥០ ០០០ រៀល (៦២,៥ ដុល្លារ) ក្នុងមួយកុងតឺន័រ (តម្លៃបន្តធ្លាក់ចុះសម្រាប់កុងតឺន័រទី ២ និងទី ៣) ខណៈការចំណាយលើគយមានត្រឹមតែ ៦០ ០០០ រៀល (១២,៥ ដុល្លារ) ក្នុង ១ កុងតឺន័រប៉ុណ្ណោះ។
GMAC បញ្ជាក់ថា៖ «ការកែទម្រង់កាន់តែច្រើន នឹងធ្វើឲ្យតម្លៃផលិតរបស់យើងកាន់តែទាប ហើយប្រសិនបើផលិតភាពការងាររបស់យើងនឹងបន្តកើនឡើង ឧស្សាហកម្មរបស់យើងនឹងអាចរស់បានក្នុងស្ថានភាពពិបាកណាមួយ [ការដកការអនុគ្រោះពន្ធពាណិជ្ជកម្ម]»។
លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុន Ly Ly Food Industry ដែលនាំចេញទំនិញទៅកាន់ ១១ ប្រទេសបានឲ្យដឹងកាលពីម្សិលមិញថា រដ្ឋាភិបាលគួរដកតែភារកិច្ចនៃការធ្វើអធិការកិច្ចរបស់កាំកុងត្រូលសម្រាប់តែការនាំចេញទំនិញបានហើយ ដោយសារវានឹងកាត់បន្ថយការចំណាយសម្រាប់ការផលិតក្នុងស្រុក និងពង្រឹងសមត្ថភាពប្រកួតប្រជែង។
លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលគួរតែរក្សាទុកមុខងារនៃការធ្វើអធិការកិច្ចគុណភាពទំនិញនាំចូល និងធ្វើវាឲ្យបានតឹងរ៉ឹងដើម្បីធានាសុវត្ថិភាពអាហារ និងលើកទឹកចិត្តឲ្យមានការផលិតក្នុងស្រុក។
លោកស្រីមានប្រសាសន៍ថា៖ «បើរដ្ឋាភិបាលជួយដកនីតិវិធីអធិការកិច្ចសម្រាប់ការនាំចេញទំនិញ វាមានប្រយោជន៍ ហើយវាជំរុញដល់ការផលិតក្នុងស្រុក ដើម្បីពង្រឹងសក្ដានុពលរបស់ពួកគេ»។
លោកស្រីបានបន្ថែមថា៖ «ប៉ុន្តែប្រសិនបើយើងកាត់បន្ថយនីតិវិធីអធិការកិច្ចសម្រាប់ការនាំចូលដែរនោះ វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពួកយើង ដោយសារទំនិញគុណភាពទាប និងទំនិញផុតកំណត់ អាចហូរចូលកាន់តែច្រើនក្នុងប្រទេសរបស់យើង និងប៉ះពាល់ដល់សុខភាពរបស់ប្រជាជន»។
លោកស្រីថ្លែងថា៖ «នៅពេលយើងនាំចេញទំនិញទៅបណ្ដាប្រទេសជិតខាងរបស់យើង ពួកគេតម្រូវឲ្យមានការធ្វើអធិការកិច្ចទំនិញយើងច្រើនយ៉ាង ហើយយើងចាំបាច់ត្រូវឆ្លងកាត់នីតិវិធីអធិការកិច្ចជាច្រើន។ ដូច្នេះបើយើងដកភារកិច្ចអធិការកិច្ចសម្រាប់ទំនិញនាំចូល យើងនឹងចាញ់ប្រៀបគេ ហើយការណ៍នេះនឹងប៉ះពាល់ដល់ការផលិតក្នុងស្រុករបស់យើង»៕ LA