ភ្នំពេញ: មន្ត្រី​ជំនាញ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្ដររដ្ឋាភិបាល​កម្ពុជា-ចិន​ នឹង​បើក​កិច្ចប្រជុំ​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ពន្លឿន​កិច្ចសហការ​គ្នា​រៀបចំ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​កូវីដ​ ១៩ ​ដែល​បាន​វាយប្រហារ​លើ​សេដ្ឋកិច្ច​សកលលោក​។

លោក ហោ ណាំហុង ឧបនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា រដ្ឋាភិបាល​នឹង​ត្រៀម​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្ដររដ្ឋាភិបាល​កម្ពុជា-ចិន​ដើម្បី​ពិភាក្សារ​នៃ​ការសហការ​គ្នា​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ ក្រោយ​វិបត្តិ​កូវីដ​១៩ ​នៅ​ថ្ងៃ​ ១៦ ខែមិថុនា​។

ការថ្លែង​នេះ​ធ្វើឡើង​ក្នុង​ប្រជុំ​ផ្ទៃក្នុង​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា-ចិន​ស្តីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​សហគមន៍​វាសនា​តែមួយ «​កម្ពុជា-ចិន​» ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ចន្ទ​។

លោក​បាន​ឱ្យ​ដឹងថា កិច្ចប្រជុំ​គណៈកម្មាធិការ​ភាគី​កម្ពុជា​នេះ​នឹង​មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​សមាជិកា​គណៈកម្មាធិការ​កម្ពុជា​តាមរយៈ Video Conference ពិភាក្សា​ជាមួយ​ភាគី​ចិន​ដែល​ដឹកនាំ​ដោយ​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​។

លោក​ថ្លែងថា​៖ «​កិច្ចប្រជុំ​នេះ​នឹង​ពិភាក្សា​គ្នា​លើ​របៀបវារៈ​ថា តើ​កិច្ចសហការ​រវាង​កម្ពុជា-ចិន​កន្លងមក​មាន​លក្ខណៈ​យ៉ាងណា​? ហើយ​ទៅ​ពេលអនាគត​នឹង​បន្ត​សហការ​គ្នា​យ៉ាងណា​បន្ថែម​ទៀត ដើម្បី​ស្តារ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឡើងវិញ ក្រោយពី​វិបត្តិ​កូវីដ ​១៩?»​។

កម្ពុជា-ចិន​ត្រូវបាន​រំពឹង​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTAs) នៅ​ខែ​នេះ បន្ទាប់ពី​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ពាក់កណ្តាល​ខែ​ឧសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ស្តីពី​ការរៀបចំ​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ដើម្បី​ចរចា FTAs នេះ​ដែល​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​ការប្រកួតប្រជែង និង​ធ្វើ​ពិពិធកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា​។

លោក​បាន​និយាយ​ថា​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​គឺ​ចាំបាច់​ណាស់​ដើម្បី​ធ្វើ​សមាហរណកម្ម​ប្រទេស​ទៅក្នុង​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​។ លោក​ថា​៖ «​កិច្ចព្រមព្រៀង​ទាំងនេះ​មាន​គោលបំណង​ពង្រីក​ និង​បើក​ចូល​ទៅ​កាន់​ទីផ្សារ​ខាងក្រៅ​សម្រាប់​ការនាំចេញ​ដ៏ធំ​ទូលាយ​របស់​កម្ពុជា​»​។

លោក សៀង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា គណៈកម្មការ​អន្តរក្រសួង​ដែល​ទទួលបន្ទុក​ចរចា​ជាមួយ​ភាគី​ចិន កំពុង​តែ​ដំណើរការ​ចរចា​ជាមួយ​គ្នា ហើយ​លទ្ធផល​នៃ​កិច្ចប្រជុំ​នឹងត្រូវ​ផ្សព្វផ្សាយ​តាម​ក្រោយ​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្នុង​ឱកាស​នេះ រដ្ឋាភិបាល​ទាំង​ ២ ​អាច​នឹង​ពិភាក្សា​គ្នា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​កម្ពុជា-ចិន​បន្តទៀត ហើយ​ភាគី​ទាំង​ ២ ​ក៏​ពិភាក្សា​រក​ដំណោះស្រាយ​ស្តារ​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្រោយ​ជំងឺ​កូវីដ ​១៩​ ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា ការជជែក​គ្នា​នេះ​នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​រីកចម្រើន​មួយកម្រិត​ទៀត ប្រសិន​បើ​យើង​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​»​។

លោក​បន្តថា បើទោះ​ជា​ប្រទេស​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក៏ដោយ កម្ពុជា​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការនាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន រួមមាន អង្ករ ស្វាយ ម្រេច កៅស៊ូ ស្វាយចន្ទី ជាដើម​។

លោក​និយាយ​ថា​៖ «​ប្រទេស​ចិន ​បាន​មើលឃើញ​ថា​កម្ពុជា​ជា​កន្លែង​ស្តុក​ទំនិញ​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់​អាស៊ាន តែ​យើង​ត្រូវ​សម្រិតសម្រាំង​មុខទំនិញ​សំខាន់ៗ​សម្រាប់​ជា​តម្រូវការ​របស់​ប្រទេស​របស់​យើង​ដែរ​»​។ LA