ភ្នំពេញៈ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានអះអាងកាលពីថ្ងៃចន្ទថា ខ្លួននឹងបន្តធ្វើកិច្ចសហការរវាងរដ្ឋបាលសារពើពន្ធ និងសភាពាណិជ្ជកម្មចិន (កម្ពុជា) ដើម្បីជំរុញឲ្យការផ្ដល់សេវាជូនអ្នកជាប់ពន្ធកាន់តែមានភាពប្រសើរ។
ការលើកឡើងបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំមួយរវាងក្រុមការងារភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-សភាពាណិជ្ជកម្មចិន (កម្ពុជា) កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាការងារ និងស្វែងយល់ពីបញ្ហាមួយចំនួនដែលជាចម្ងល់របស់វិស័យឯកជន។ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធដារ។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រេចបង្កើតឲ្យមានក្រុមធ្វើការងាររួមគ្នានេះកាលពីចុងខែសីហា ឆ្នាំ ២០១៩ មកនេះជាលើកទី ១ ហើយដែលក្រុមការងារភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-សភាពាណិជ្ជកម្មចិន (កម្ពុជា) បានជួបប្រជុំគ្នា។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានស្វាគមន៍កិច្ចប្រជុំនេះ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការធ្វើកិច្ចសហការរវាងរដ្ឋបាលសារពើពន្ធ និងសភាពាណិជ្ជកម្មចិន (កម្ពុជា) ដើម្បីជំរុញឲ្យការផ្ដល់សេវាជូនអ្នកជាប់ពន្ធកាន់តែមានភាពល្អប្រសើរ។
លោកបានថ្លែងថា៖ «កិច្ចសហការដ៏ល្អប្រសើរនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការគាំទ្រយ៉ាងពេញទំហឹង និងជំនឿទុកចិត្តរបស់រដ្ឋបាលសារពើពន្ធក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាចំពោះវិនិយោគបរទេស ដែលធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា»។
លោក Jing Jun សហប្រធានសភាពាណិជ្ជកម្មចិន (កម្ពុជា) បានប្រាប់ថា ជាមួយនឹងភាពរីកចម្រើនរបស់ខ្លួន បច្ចុប្បន្នវិស័យឯកជនក៏មានបញ្ហាប្រឈមមួយចំនួនក្នុងការប្រកបអាជីវកម្មផងដែរពិសេសទាក់ទងនឹងវិស័យពន្ធដារ ដែលទាមទារឲ្យមានការពន្យល់បន្ថែមពីអ្នកជំនាញពន្ធដារ។ លោកនិយាយថា៖ «ខ្ញុំសូមថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានពន្ធដារដែលជានិច្ចកាលតែងយកចិត្តទុកដាក់លើការលើកឡើងនូវសំណើក៏ដូចជាបញ្ហាប្រឈមនានារបស់វិស័យឯកជនពេលកន្លងមក»។
ខ្លឹមសារសំខាន់ៗដែលបានលើកយកមកពិភាក្សានាពេលនោះមានដូចជា ការកំណត់ពន្ធឡើងវិញ ការអនុវត្តពន្ធលើប្រាក់បៀវត្សរ៍ការលើកទឹកចិត្តចំពោះគម្រោងវិនិយោគធំៗ ការស្នើសុំអត្ថប្រយោជន៍តាមកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ការពង្រឹងប្រសិទ្ធភាពនៃការធ្វើសវនកម្មពន្ធដារ ការលើកលែងលើអាករបន្ថែម ការអនុវត្តការលើកលែងអាករលើតម្លៃបន្ថែម ការអនុវត្តយន្តការលើកទឹកចិត្តដូចជាសកម្មភាពកាត់ដេរ និងការស្នើសុំវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធជាដើម។
របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថាក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០១៩ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករបាន ២៤០៤ លានដុល្លារ កើន ២៨,៣១ ភាគរយ ស្មើនឹង ៥៣០,៥ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨។ ចំណូលក្នុងរយៈពេល ១០ ខែនេះ គឺមានបរិមាណស្មើនឹង ១០៥,០៦ ភាគរយ នៃផែនការប្រមូលចំណូលប្រចាំឆ្នាំ ២០១៩ របស់អគ្គនាយកដ្ឋានពន្ធដារ៕ LA