ខេត្តក្វាងស៊ី, ចិនៈ មន្រ្តីជំនាញ កម្ពុជា-ចិន គ្រោងជួបពិភាក្សាគ្នានៅខែ វិច្ឆិកា ដើម្បីពិនិត្យលើការបើកចរាចរផ្លូវទឹកត្រង់ទៅវិញទៅមក រវាងកំពង់ផែក្រុង ព្រះសីហនុ និងកំពង់ផែ Beilhai ខេត្ត ក្វាងស៊ី ប្រទេសចិន។
ថ្លែងក្នុងសន្និសីទសារព័តមានជាមួយអ្នកសារព័តមាន កម្ពុជា អំឡុងពេលទស្សនកិច្ចក្នុងប្រទេសចិន កាលពីថ្ងៃទី ២០ ខែតុលា ប្រធានផ្នែកកិច្ចសហប្រតិបត្តិការក្រៅប្រទេសប្រចាំខេត្ត ក្វាងស៊ី លោក Huang Lingzhi បានឲ្យដឹងថា គណៈប្រតិភូមួយចំនួន ដែលជាមន្រ្តីជំនាញរបស់កម្ពុជា នឹងមកចូលរួមកិច្ចប្រជុំនៅក្នុងខេត្ត ក្វាងស៊ី ប្រទេសចិន នៅខែ វិច្ឆិកា ដើម្បីពិភាក្សាគ្នា រកមធ្យោបាយរួម ក្នុងការជំរុញឲ្យមានការដោះដូរសេដ្ឋកិច្ចរវាងចិន និងអាស៊ាន ជាពិសេសតាមតំបន់ឈូងសមុទ្រចិន និងប្រទេស ថៃ វៀតណាម ដែលក្នុងនោះ ក៏នឹងផ្តោតទៅលើការដឹកជញ្ជូនផ្លូវទឹករវាងកំពង់ ព្រះសីហនុ និងកំពង់ផែ Beihai ក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច Beibu ក្រុង ណាននីង ខេត្ត ក្វាងស៊ី។
លោកថា៖ «កិច្ចប្រជុំនេះ ក្រៅពីមន្រ្តីជំនាញប្រទេសទាំងពីរ ក៏មានតំណាងមកពីកំពង់ផែសរុប ៤០ ក្នុង ប្រទេស ចិន ចូលរួមពិភាក្សា ស្រាវជ្រាវនូវយុទ្ធសាស្ត្រ ក្នុងការរៀបចំ ពិនិត្យស្ថានភាព និងដំណើរការកិច្ចប្រតិបត្តិការ កំពង់ផែព្រះសីហនុ និងកំពង់ផែ beihai ជាមួយគ្នានេះ ក៏មានតំណាងក្រុមហ៊ុនវិនិយោគចូលរួម ដើម្បីពិនិត្យលទ្ធភាពវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា តែនេះក៏អាស្រ័យលើកម្ពុជា ក្នុងការបង្ហាញនូវសក្តានុពលនេះផងដែរ»។
ក្នុងបទសម្ភាសដាច់ដោយឡែកមួយទៀត លោកបណ្ឌិត Lu Yu Sheng នាយកវិទ្យាស្ថានជំរុញការអភិវឌ្ឍន៍ឈូងសមុទ្រ Beibu និងជាអ្នកជំនាញការក្រុមប្រឹក្សារដ្ឋ សម្រាប់ខេត្ត ក្វាងស៊ី នៅទីក្រុង Nanning បានថ្លែងថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និង ក្រសួងស្ថាប័នគ្រប់ផ្នែកបានកំពុង ជម្រុញអ្នកវិនិយោគចិន ទៅវិនិយោគ នៅកម្ពុជា និងនៅប្រទេសអាស៊ានផ្សេងទៀត ដោយសារខេត្តនេះ មានព្រំដែនជាប់នឹងប្រទេសអាស៊ាន ទាំងព្រំដែនគោក និងសមុទ្រ ហើយភ្ជាប់ដោយផ្លូវថ្នល់គ្រប់ប្រភេទ ផ្លូវទឹក កំពង់ផែ សមុទ្រ ផ្លូវដែក និងផ្លូវអាកាស។
លោក Lu Yu Sheng បាននិយាយថា ខេត្តក្វាងស៊ី មានចំណងមិត្តភាពជិតស្និទជាមួយកម្ពុជា តាំងពីយូរលង់ ណាស់មកហើយ ហើយខេត្តក្វាងស៊ី បានផ្តល់ការឧបត្ថម្ភគាំទ្រលើគ្រប់វិស័យដល់កម្ពុជា ព្រមទាំង នឹងបន្តជម្រុញលើកទឹកចិត្តដល់អ្នកវិនិយោគ ធុរជន ឲ្យទៅបណ្តាក់ទុនរកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ដោយឃើញថា កម្ពុជាមានគោលនយោបាយល្អ និងការពារអ្នកវិនិយោគ ហើយមានបរិយាកាសទំនាក់ទំនង សុវត្ថិភាពល្អ ពិសេសគឺមានផ្ទៃដីល្អ មានជីវជាតិ មានធនធានធម្មជាតិច្រើន ដែលពុំទាន់បានកែច្នៃ។
លោកថា៖ «ក្រុមហ៊ុនពីចិនសម្លឹងឃើញ ហើយបានទៅបណ្តាក់ទុនលើវិស័យរ៉ែ ថាមពល កសិកម្ម សំណង់ ហិរញ្ញវត្ថុ បច្ចេកវិទ្យា។ ហេតុនេះចិន កម្ពុជា ចាំបាច់ជម្រុញនិងគាំពារកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ នេះបន្តឲ្យខ្លាំងក្លា»។
បើតាម លោក Huang Lingzhi ប្រទេសទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នាបង្កើតកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផ្លូវទឹកកំពង់ផែ មិត្តភាព រវាងកំពង់ផែព្រះសីហនុ ខេត្តកំពង់សោម និងកំពង់ផែ Hainan កាលពីឆ្នាំ ២០១៣ មកម្ល៉េះ តែមិនទាន់បានដំណើរការ ការដឹកជញ្ជូននៅឡើយទេ ដោយហេតុថា កំពង់ផែ ព្រះសីហនុ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ នាំឲ្យចង្វាក់ផលិតកម្មមានតិចតួច មិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់ចិន ទើបនាំឲ្យមានការនាំចូលតាមរយៈច្រកកំពង់ផែវៀតណាម ហើយវៀតណាម បាននាំចូលផលិតរបស់ខ្លួនច្រើនជាងទៅកាន់ប្រទេសចិន។
កន្លងមក កម្ពុជា បាននាំផលិតផលស្រូវ និងគ្រឿងសង្ហារឹមកែច្នៃរួចចេញទៅកាន់ខេត្តក្វាងស៊ី ប្រទេសចិន ចំណែកខេត្តនេះ បាននាំចេញមកកម្ពុជាវិញ នូវគ្រឿងអេឡិចត្រូនិច រួមមាន ទូរស័ព្ទ ទូរទស្សន៍ និងគ្រឿងម៉ាស៊ីនកសិកម្ម ជាដើម។
ភ្នំពេញ ប៉ុស្តិ៍ មិនទាន់អាចទាក់ទងបាន លោក លូ គីមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធាន អគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធបាននៅឡើយទេ កាលពីម្សិលមិញ។
ប៉ុន្តែ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ គាត ឈន់ ធ្លាប់បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងខេត្ត ក្វាងស៊ី និងកម្ពុជា បានកើនឡើងចំនួន ៤៨% នៅឆ្នាំ ២០១៤ ហើយក្រុមហ៊ុនវិនិយោគមកពីខេត្តក្វាងស៊ី បាន និងកំពុងអនុវត្តគម្រោងវិនិយោគចំនួន ៣៥ គម្រោងនៅកម្ពុជាដែលគិតជាទុនវិនិយោគសរុបមានចំនួនប្រមាណ ៤០០ លានដុល្លារសហរដ្ឋអាមេរិក៕