ភ្នំពេញៈ កម្ពុជា-ចិន បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​នៅក្នុង​ការនាំចេញ​ស្វាយ​ស្រស់​ចំនួន ៥០ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ ​ដែល​នេះ​ជា​ការ​បើកផ្លូវ​ក្នុង​ការជំរុញ​ការនាំចេញ​កសិផល​ក្នុង​ស្រុក​ទៅកាន់​ទីផ្សារ​ធំជាងគេ​នៅ​អាស៊ី​មួយ​នេះ​។

កិច្ចព្រមព្រៀង​លើ​ពិធីសារ​ស្តីពី «​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​» ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ជាមួយ​នឹង​លោក WANG Wentian ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម​។

លោក វេង សាខុន បាន​និយាយ​ថា ពិតជា​ឱកាស​មួយ​ដ៏សំខាន់​ណាស់​សម្រាប់​ផ្លែស្វាយ​ស្រស់​កម្ពុជា​ដែល​ភាគី​ចិន​អនុញ្ញាត​ឲ្យ​នាំចេញ​ទៅកាន់​ប្រទេស​ខ្លួន ដែល​ជា​ទីផ្សារ​មាន​ប្រជាជន​ច្រើន និង​មាន​តម្រូវការ​ខ្ពស់ (៨ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ​)​។ លោក​បន្តថា ផ្លែស្វាយ​ស្រស់​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​បន្ទាប់ពី​ផ្លែ​ចេកអំបូង​លឿង​ដែល​ប្រទេស​ចិន​បាន​អនុញ្ញាត​ជា​ផ្លូវការ​កាលពី​ឆ្នាំ​ ២០១៩​។

លោក​ថ្លែងថា​៖ «​នេះ​ជា​សមិទ្ធផល​ដ៏មាន​សារៈប្រយោជន៍​សម្រាប់​កម្ពុជា ហើយ​វា​ក៏​បាន​ដើរ​ស្រប​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥-២០២៥ ដែល​មាន​គោលដៅ​សំខាន់​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម គឺ​ត្រូវ​ជំរុញ​ការនាំចេញ​ទំនិញ​កែច្នៃ​កសិកម្ម​ឲ្យ​បាន ១២ ​ភាគរយ នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​ ២០២៥»​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​លើក​ទឹកចិត្ត​ឲ្យ​មាន​ការចាប់​ដៃគូ​រវាង​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​មកពី​ប្រទេស​ចិន​ ក្នុង​ការពង្រីក​ផ្ទៃដី​ដាំដុះ និង​វិធីសាស្ត្រ​ក្នុង​ការធ្វើ​ប្រព្រឹត្តិកម្ម​សម្លាប់​សមាសភាព​ចង្រៃ​មុន​នឹង​នាំចេញ​ផងដែរ​។

លោក WANG Wentian អគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​កម្ពុជា​បាន​និយាយ​ថា ការចុះហត្ថលេខា​នេះ​នឹង​ផ្តល់​ឲ្យ​កម្ពុជា​អាច​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន​ជា​ផ្លូវការ ខណៈ​ប្រទេស​ចិន​ដឹងថា កម្ពុជា​ជា​ប្រទេស​ដែលមាន​សក្តានុពល​ខ្ពស់​លើ​ផលិតផល​កសិកម្ម​។ លោក​បន្តថា ជាមួយ​នឹង​កិច្ចសហប្រតិបត្តិការ​កាន់តែ​ល្អ បច្ចុប្បន្ន​ផលិតផល​កសិកម្ម​កម្ពុជា​កាន់តែ​ច្រើន​ត្រូវបាន​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន ជាពិសេស​កំណើន​ដ៏ច្រើន​នៃ​ការនាំចេញ​អង្ករ​នាដើម​ឆ្នាំ​ ២០២០ នេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​រំពឹងថា​នៅពេល​ខាងមុខ​នឹង​មាន​ផលិតផល​កម្ពុជា​កាន់តែ​ច្រើន​មុខ​ទៀត​ត្រូវ​បាន​នាំចេញ​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន​»​។ លោក​បន្ថែម​ថា​៖ «​ខ្ញុំ​សង្ឃឹមថា ជាមួយ​នឹង​ទំនាក់ទំនង​កាន់តែ​ប្រសើរ ការនាំចេញ​ផលិតផល​កម្ពុជា​ទៅ​ប្រទេស​ចិន​នឹង​មាន​កំណើន​ខ្ពស់​ថែមទៀត​បន្ទាប់ពី​ជំងឺ​កូវីដ​ ១៩ ត្រូវបាន​បញ្ចប់​»​។

យោងតាម​ក្រសួង​កសិកម្ម គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៩ នៅ​កម្ពុជា​មាន​ផ្ទៃដី​ដាំដុះ​ស្វាយ ១២៥ ៣១៩ ​ហិកតា ​ក្នុង​នោះ​ផ្ទៃដី​ប្រមូលផល​មាន ៩១ ៣៩៨ ​ហិកតា​។ ជាធម្មតា ដី​ ១ ​ហិកតា​ គេ​អាច​ទទួល​ផល​ផ្លែស្វាយ​បាន​ប្រមាណ ៣០ ​តោន​ក្នុង​ ១ ​ឆ្នាំ (១ ​ឆ្នាំ​ប្រមូលផល ២​ ដង​)​។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​និយាយថា ទោះបី​ប្រទេស​ចិន​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ខ្លួន​ជា​ផ្លូវការ​ហើយ​ក៏​ដោយ ក៏ប៉ុន្តែ​ការនាំចេញ​អាច​នឹង​មិន​កើតឡើង​ភ្លាមៗ​ទេ ព្រោះ​ដើម្បី​អាច​នាំចេញ​បាន លុះត្រា​ផ្លែស្វាយ​ស្រស់​នោះ​មាន​គុណភាព​ព្រមទាំង​ការវេចខ្ចប់​ត្រឹមត្រូវ​តាម​ស្តង់ដា​ដែល​ភាគី​ចិន​កំណត់​។

យោងតាម​លោក ងិន ឆាយ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​តែ​រោងចក្រ​របស់ Hyundai Mao Legacy Co., Ltd តែ ១​ ​គត់​ដែលមាន​ស្តង់ដា​លាង​សម្អាត និង​សម្លាប់​សមាសភាព​ចង្រៃ​តាម​ស្តង់ដា​សម្រាប់​ការនាំចេញ​។ បច្ចុប្បន្ន​រោងចក្រ​នេះ​មាន​សមត្ថភាព​សម្លាប់​សមាសភាព​ចង្រៃ​បាន​ប្រមាណ​​ ១៥ ​តោន​ប៉ុណ្ណោះ​ក្នុង​ ១ ​ថ្ងៃ​។

លោក​អះអាង​ថា​៖ «​អ្វីៗ​វា​អាស្រ័យ​ទៅ​លើ​វិស័យ​ឯកជន​ថា តើ​ពួកគាត់​អាចមាន​ទុនវិនិយោគ​ទៅលើ​ម៉ាស៊ីន Vapor Heat Treatment និង Hot Water Treatment ឬ​យ៉ាងណា​? ដោយ​ការដំឡើង Hot Water Treatment អាច​ប្រើពេល​ ២-៣ ​ខែ ចំណែក Vapor Heat Treatment នឹងត្រូវ​ចំណាយពេល​ ៥-៦​ ខែ​»​។

យោង​តាម​អគ្គនាយកដ្ឋាន​កសិកម្ម​គិត​ត្រឹម​ថ្ងៃទី​ ៥ ខែ​មិថុនា ឆ្នាំ​​ ២០២០ មាន​ក្រុមហ៊ុន​/​ម្ចាស់​ចម្ការ​ចំនួន ២០ ដែល​បាន​មក​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេចខ្ចប់​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន ដែល​ស្មើនឹង​ផ្ទៃដី​សរុប ២១ ២៨៦ ​ហិកតា​៕ LA