ភ្នំពេញៈ កម្ពុជា និង​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​ពិធីសារ​ស្តីពី​ការនាំ​ចេញ​ចេក​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​បើក​ផ្លូវ​ឲ្យ​កម្ពុជា​អាច​នាំ​ចេញ​ចេក​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ខណៈ​កន្លង​មក​ការនាំចេញ​មាន​តែ​ទីផ្សារ​របស់​វៀតណាម​ប៉ុណ្ណោះ​។

ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ថ្ងៃ​ម្សិលមិញ​រវាង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ជាមួយ​លោក Xiong Bo ឯកអគ្គ​រដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​កម្ពុជា​។

ចេក​សម្រាប់​នាំ​ចេញ (​ចេកអំបូង​លឿង​) ជា​ប្រភេទ​ចេក​ដែល​មាន​ភាព​ធន់​ជាមួយ​ការដឹកជញ្ជូន​មិន​ងាយ​ទុំជោរ និង​មាន​សម្បក​ក្រាស់​។ ចេក​ប្រភេទ​នេះ​អាច​ផ្តល់​ផល​ពី​ ៦០-៧៣ តោន​ក្នុង ១ ​ហិកតា​ក្នុង​ ១ ​ឆ្នាំ​ដែល​គេ​អាច​ប្រមូលផល​ ៣ ​ដង​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​។

លោក វេង សាខុន ថ្លែង​ថា​កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ធ្វើឲ្យ​ផលិតផល​កសិកម្ម​កម្ពុជា​ពិសេស​ដំណាំ​ចេក​កាន់តែ​មាន​ទីផ្សារ​បន្ថែម​ទៀត​។ លោក​បន្ត​ថា ការស្វែងរក​ទីផ្សារ​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​កម្ពុជា​ដែល​ជា​ប្រទេស​កសិកម្ម​។

លោក​បាន​បន្ត​ថា​៖ «​ពិធី​ចុះហត្ថលេខា​នេះ​គឺជា​ការបើកទ្វារ​សម្រាប់​ការនាំ​ចេក​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​ដ៏ធំ​ក្នុង​តំបន់​»​។

លោក​បន្ថែម​ថា​នៅពេល​នេះ​កម្ពុជា​កំពុង​បន្ត​ស្នើសុំ​ឲ្យ​ភាគី​ចិន​ពិនិត្យ​លទ្ធភាព និង​ពន្លឿន​ការងារ​ក្នុង​ការ​នាំចូល​ផលិតផល​កសិកម្ម​ដែល​មាន ដូចជា ស្វាយ តាង៉ែន ផ្លែ​ស្រកានាគ ម្រេច និង​សម្បុក​ទឹកមាត់​ត្រចៀកកាំ​ពី​ចិន​ផង​ដែរ​។

លោក​ Xiong Bo ​ឯកអគ្គ​រដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​និយាយ​ថា ការចុះហត្ថលេខា​នេះ​គឺជា​ការបើក​ឱកាស​ឲ្យ​កម្ពុជា​នាំ​ចេញ​ចេក​របស់​ខ្លួន​ទៅ​ប្រទេស​ចិន​។

លោក​ថ្លែង​ថា​៖ «​យើង​នឹង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​ទូលាយ​បន្ថែម​ទៀត ហើយ​សង្ឃឹម​ថា ផលិតផល​របស់​កម្ពុជា​នឹង​នាំ​ចេញ​ទៅកាន់​ប្រទេស​ចិន​កាន់តែ​ច្រើន​បន្ថែម​ទៀត​»​។

លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ប្រាប់​ថា ការចុះ​កិច្ចព្រមព្រៀង​នាពេល​នេះ​មិនមែន​មាន​ន័យ​ថា ចេក​កម្ពុជា​អាច​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន​បាន​ភ្លាមៗ ដោយ​មិន​មាន​លក្ខខណ្ឌ​កំណត់​នោះ​ទេ​។

លោក​អះអាង​ថា​៖ «​យ៉ាងហោច​ណាស់​គេ​ត្រូវការ​ពេល​ ២-៣ ​ខែ​ទៀត​ទើប​ដំណើរការ​នាំ​ចេញ​ចេក​ទៅ​ប្រទេស​ចិន​អាច​សម្រេច​បាន​ដោយ​យើង​ត្រូវ​រៀបចំ​បែបបទ​មួយ​ចំនួន​ទាក់ទង​នឹង​លក្ខខណ្ឌ​តម្រូវ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ភូតគាម​អនាម័យ​»​។

ការត្រួតពិនិត្យ​ភូតគាម​អនាម័យ​មាន​គោលបំណង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​នូវ​សមាសភាព​ចង្រៃ ភូតគាម​អនាម័យ និង​សមាសភាព​ចង្រៃ​ដែល​បង្ក​គ្រោះថ្នាក់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត តាម​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​អាយុជីវិត​មនុស្ស សត្វ និង​ផលិតផល​កសិកម្ម និង​ជីវសាស្ត្រ​ចម្រុះ​។ នេះ​បើ​តាម​ឯកសារ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​កសិដ្ឋាន​ធំៗ​ចំនួន​ ៣ (​ខេត្ត​រតនគិរី​ក្រចេះ និង​ខេត្ត​កំពត​) ដែល​មាន​ផ្ទៃដី​សរុប​ ៤ ៩៩៦ ​ហិកតា​កំពុង​ដាំចេក​អំបូង​លឿង​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​ជា​រៀងរាល់​ថ្ងៃ​។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ចិន​បាន​កើនឡើង​ពី ៤ ៧៦០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៦ ទៅ​ដល់ ៥ ៨០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧ គឺ​កើនឡើង​ចំនួន​ ២១,៨ ​ភាគរយ​៕