ភ្នំពេញ៖ កម្ពុជា និង​​ខេត្ត​ ក្វាងទុង ​ប្រទេស​ ចិន គួរ​ជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់​យន់​ចិន​ ដើម្បី​ជា​មធ្យោបាយ​ទូ​ទាត់​រាល់​ការ នាំ​ចេញ-នាំ​ចូល​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ​ ឲ្យ​កាន់​តែ​ទូលំទូលាយ​ ចៀស​ជាង​ប្រាក់​ដុល្លារ​ ដើម្បី​កាត់​បន្ថយ​ថ្លៃ​​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ ខណៈ​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្មទ្វេ​ភាគី​កាន់​តែ​ធំ​ឡើង។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​លោក អ៊ៅ យ៉ាងវ៊ីមីង អភិបាល​រង​ខេត្ត​ ក្វាងទុង។

ការ​លើក​ឡើង​របស់​លោក​ យ៉ាង​វ៊ី​មីង ​បាន​ធ្វើ​ឡើង កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ក្នុង​ជំនួប​ការងារ​ជាមួយ​លោក ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តី​ក្រសួង​ ពាណិជ្ជកម្ម​កម្ពុជា។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ ពាណិជ្ជកម្ម​កម្ពុជា កាល​ពី​ម្សិល​មិញ។

លោក ស៊ាង ថៃ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ កាលពី​ម្សិលមិញ​ថា​ ស្រប​ពេល​ដែល​ទំហំ​ពាណិជ្ជកម្ម​ចិន និង​កម្ពុជា​កំពុង​កើនឡើង ហើយ​សេដ្ឋកិច្ច​ចិន​កាន់​តែ​មាន​ឥទ្ធិពល​នៅ​លើ​ឆាក​អន្តរជាតិ ការ​ប្រើប្រាស់​ប្រាក់​យន់​ចិន​ដើម្បី​ធ្វើ​ជា​រូបិយប័ណ្ណ​ទូទាត់​ទំនិញ​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ កម្ពុជា-ចិន ​ត្រូវ​បាន​ភាគី​ចិន​ផ្តួចផ្តើម​ឡើង​ ដើម្បី​ជំរុញ​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ ២​។

លោក​បន្ត​ថា​ការ​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​យន់​ដោយ​ផ្ទាល់​ដើម្បី​ទូទាត់​ទំនិញ​ឆ្លង​ប្រទេស​សម្រាប់​កម្ពុជា-ចិន​អាច​រួម​ចំណែក​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការ​ប្រើប្រាស់​ដុល្លារ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​វា​ជា​ការ​ល្អ​សម្រាប់​ពាណិជ្ជករ​ចិន និង​កម្ពុជា​។

លោក​បន្ត​ថា​៖ «​អត្រា​ប្តូរប្រាក់​ហ្នឹង​វា​មាន​ហានិភ័យ​ដែរ​សម្រាប់​អ្នក​រកស៊ី​។ ជួន​កាល​ប្រាក់​ដុល្លារ​អាមេរិក​វា​ឡើង​ចុះ ធៀប​នឹង​ប្រាក់​យន់​ចិន អី​ទៅ វា​អាច​ធ្វើឲ្យ​ខាតបង់​»​។

លោក​បន្ត​ថា​៖ «​យើង​ធ្វើការ​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​ចិន​កាន់​តែ​ច្រើន​ជាង​មុន​អ៊ីចឹង​ការ​ទទួល​ប្រាក់​យន់​ដើម្បី​ទូទាត់ [​ទំនិញ​ជាមួយ​ចិន​] ក៏​ជា​ការ​ល្អ​ដែរ​សម្រាប់​ពាណិជ្ជករ​»​។

យ៉ាង​ណា​ក៏ដោយ​លោក ថៃ បាន​ថ្លែង​ថា​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ដំណើរការ​គំនិត​ផ្ដួចផ្ដើម​នេះ​នៅ​ឡើយ​ទេ តែ​ភាគី​ទាំង​ ២ ​បាន​យល់ព្រម​ទៅវិញ​ទៅមក​ក្នុង​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​របស់​ប្រទេស​ទាំង​ ២ ​ដើម្បី​ទូទាត់​សម្រាប់​ការ​នាំ​ចូល និង​នាំ​ចេញ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​ចិន​។

លោក​បន្ត​ថា ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​បាន​ស្វាគមន៍​សំណើ​នេះ ហើយ​បាន​លើក​ឡើង​ពី​សក្តានុពល​នៃ​ការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ចិន ជាពិសេស​ខេត្ត​ក្វាងទុង​។

កាលពី​ខែ​កញ្ញា​ឆ្នាំ ២០១៧ ធនាគារ​ជាតិ​កម្ពុជា និង​ធនាគារ​កណ្តាល​រដ្ឋ​ចិន​ប្រចាំ​ខេត្ត​គ័ងស៊ី​បាន​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ទិន្នន័យ​អត្រា​ប្តូរប្រាក់ រៀល-យន់ ប្រចាំ​ខេត្ត​គ័ងស៊ី​ប្រទេស​ចិន​ដែល​ជា​ដំណើរការ​មួយ​អនុញ្ញាត​ឲ្យ​អ្នក​កាន់​ប្រាក់​រៀល​ខ្មែរ​អាច​ធ្វើការ​ប្តូរ​ប្រាក់​យន់​ចិន​ដោយ​ផ្ទាល់​នៅ​តាម​បណ្តា​ធនាគារ​នៅ​ខេត្ត​របស់​ចិន​មួយ​នេះ​។ មុន​ពេល​មាន​កិច្ចព្រមព្រៀង​ដំណើរការ​គម្រោង​នេះ​ការ​ប្តូរ​ប្រាក់​បែប​នេះ​អាច​ធ្វើ​បាន​នៅ​តែ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។

យោង​តាម​ទិន្នន័យ​របស់ NBC កាលពី​ឆ្នាំ ២០១៦ ការ​ប្រើប្រាស់​ប្រាក់​យន់​ចិន ក្នុង​ការ​ទូទាត់​ការ​ដោះដូរ​ទំនិញ និង​សេវា​ជា​ប្រាក់​យន់​មាន​ចំនួន ២,៥ ពាន់​លាន​យន់ (​ប្រមាណ ៣៧៧ លាន​ដុល្លារ​) ឬ​ស្មើ​នឹង ៧ ភាគរយ​នៃ​ការ​ទូទាត់​ក្នុង​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​ទាំង​​ ២ ​ខណៈ​ ៩៣ ​ភាគរយ​ទូទាត់​ជា​ប្រាក់​ដុល្លារ​។

តាម​ទិន្នន័យ NBC គិត​មក​ទល់​ពេល​នេះ​មាន​ធនាគារ​ ១៧ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ប្រតិបត្តិការ​ទូទាត់​ពាណិជ្ជកម្ម​ជា​ប្រាក់​យន់​កើនឡើង​ពី ១១ ធនាគារ​ពី​ឆ្នាំ ២០១៤​។ មក​ដល់​ពេល​នេះ​មាន​ធនាគារ ៤ បើក​គណនី​ប្រាក់​បញ្ញើ​ជា​ប្រាក់​យន់​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា (CCC) បាន​ឲ្យ​ដឹង​ថា គំនិត​ផ្តួចផ្តើម​ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​យន់​ជា​ការ​ទូទាត់​ពាណិជ្ជកម្ម​គឺជា​ការ​ល្អ ខណៈ​ពាណិជ្ជករ​កម្ពុជា​បាន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ពាណិជ្ជករ​ចិន​កាន់តែ​ច្រើន​ឡើង ជាពិសេស​ការ​លក់​ចេញ​នូវ​កសិផល និង​ការ​នាំ​ចូល​ផលិតផល​សម្រេច​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​។

លោក​បន្ត​ថា ​រហូត​មក​ដល់​ពេល​នេះ​ សមាជិក​របស់ CCC មួយ​ចំនួន​ចាប់ផ្តើម​ប្រើប្រាស់​ប្រាក់​យន់​ក្នុង​ការ​ទូទាត់ តែ​យ៉ាង​ណា​ក៏ដោយ​ក៏​នៅ​តែ​ពឹង​ខ្លាំង​លើ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ពេល​ជួញដូរ​ជាមួយ​ជនជាតិ​ចិន​។

លោក​ថ្លែង​ថា​៖ «​វា​មាន​ហានិភ័យ​ខ្លាំង បើ​យើង​ពឹង​ផ្អែក​ខ្លាំង​ពេក​តែ​លើ​រូបិយប័ណ្ណ​តែ​មួយ​ក្នុង​ការ​ទូទាត់​ទំនិញ​ពេល​ធ្វើ​ពាណិជ្ជកម្ម​ជា​លក្ខណៈ​អន្តរជាតិ​។ អ៊ីចឹង​វា​ជា​ការ​ល្អ​ប្រសើរ​បើ​យើង​មាន​ជម្រើស ហើយ​អាច​ប្រើប្រាស់​រូបិយប័ណ្ណ​ផ្សេងៗ​ក្នុង​ការ​ទូទាត់​ទំនិញ​ចេញ-ចូល​»៕ LA