ភ្នំពេញៈ កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន (Jetro) ដើម្បី​ជំរុញ​បរិយាកាស​វិនិយោគ​រវាង​ប្រទេស​ទាំង ២ ឲ្យ​កាន់តែ​ទូលាយ និង​បង្កើន​ភាព​ទាក់ទាញ​ក្រុមហ៊ុន​ពី​ប្រទេស​ជប៉ុន​ឲ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

អនុស្សរណៈ​យោគយល់​គ្នា​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ម្សិលមិញ​មាន​គោលបំណង​ជួយ​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​បង្កើន​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​អង្គការ Jetro​។

អនុស្សរណៈ​នៃ​ការ​យោគយល់​ដែល​ត្រូវបាន​ចុះ​ហត្ថលេខា​នៅពេល​នេះ​គឺជា​ការធ្វើ​បច្ចុប្បន្នភាព​លើ​អនុស្សរណៈ​ដែល​ក្រសួងពាណិជ្ជកម្ម និង​អង្គការ Jetro បាន​ចុះ​កាលពី​ថ្ងៃទី​ ១៤ ខែ​ធ្នូ ឆ្នាំ​ ២០០៩​។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​ថា អនុស្សរណៈ​ថ្មី​នេះ​នឹង​ជួយ​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​រវាង​ប្រទេស​ទាំង​ ២ កាន់តែ​ល្អ​បន្ថែម​ទៀត​។

លោក​បន្តថា Jetro បាន​និង​កំពុង​ធ្វើ​កិច្ចការ​ជាច្រើន​នៅ​កម្ពុជា​ដែល​មាន​ដូចជា ការផ្គូផ្គង​ធុរកិច្ច ការសិក្សា​វិភាគ ការចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម ការជួយ​សម្របសម្រួល​ដល់​ក្រុមហ៊ុន​ជប៉ុន​ចូលមក​វិនិយោគ​នៅ​កម្ពុជា ការជួយ​បណ្ដុះបណ្ដាល​មន្ត្រី និង​វិស័យ​ឯកជន​ព្រម​ទាំង​ជួយ​សម្រួល​យ៉ាង​ច្រើន​ដល់​ក្រុមហ៊ុន​កម្ពុជា​ក្នុង​ការទៅ​ចូលរួម​ក្នុង​ពិព័រណ៍​នៅ​ប្រទេស​ជប៉ុន​។

ការវិនិយោគ​របស់​ផ្សារ​ទំនើប Aeon នៅ​កម្ពុជា​មួយផ្នែក​ក៏​ទទួល​បាន​ការជំរុញ​ពី​កិច្ចប្រឹងប្រែង​របស់​ Jetro ផងដែរ​។

លោកស្រី Yuri Sato នាយិការង​នៃ​អង្គការ JETRO បាន​ឲ្យ​ដឹងថា ការងារ​ថ្មី​មួយទៀត​របស់ Jetro នឹង​អនុវត្ត​គឺ​ការជំរុញ​នវានុវត្តន៍ និង​ការបង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​ថ្មីៗ (Innovation and Digital Technology Startup) ជាមួយ​នឹង​ការផ្គូផ្គង​ធុរកិច្ច​ក្នុង​វិស័យ​នវានុវត្តន៍​។

ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន Jetro បាន​បង្ហាញ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន​សម្រេច​បាន​ជាង ១,០៤ ​ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ កើនឡើង ១៦ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ទៅ​ក្នុង​នោះ​ការនាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន មាន​ទឹកប្រាក់ ៧៩២ ​លាន​ដុល្លារ ខណៈ​ការនាំចូល​មកវិញ​មាន​ទំហំ ២៥៦ លាន​ដុល្លារ​។ កាលពី​ឆ្នាំ​ ២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​តម្លៃ ១,៦ ​ពាន់​លាន​ដុល្លារ​៕